វិបត្តិសេដ្ឋកិច្ចស្រីលង្កា

ស្រីលង្កាអញ្ជើញចិន ឥណ្ឌា និងជប៉ុន ធ្វើសន្និសីទរួមគ្នាស្វែងរកជំនួយបន្ថែម ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច


នាយករដ្ឋមន្ត្រីស្រីលង្កាបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រទេសស្រីលង្កានឹងអញ្ជើញប្រទេសចិន ឥណ្ឌា និងជប៉ុន ឲ្យចូលរួមធ្វើសន្និសីទម្ចាស់ជំនួយមួយ ដើម្បីរៀបចំស្នើសុំជំនួយបរទេសបន្ថែមទៀត ហើយឆ្លៀតឱកាសនោះ នឹងបង្ហាញពីកញ្ចប់ថវិកាបណ្តោះអាសន្នសម្រាប់ដោះស្រាយវិបត្តិសេដ្ឋកិច្ច នៅក្នុងខែសីហាផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei។
ម្ចាស់មូលបត្របំណុលស្រីលង្កា​ ចូលរួមកែរចនាសម្ព័ន្ធបំណុលប្រទេសស្រីលង្កាឡើងវិញ
ដោយ

ការរៀបចំកម្មវិធីនេះឡើង ស្របពេលដែលស្រីលង្កាកំពុង បន្តចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់កញ្ចប់ថវិកាថ្មីៗទៀត ដើម្បីយកមកដោះស្រាយវិបត្តិដ៏អាក្រក់នៅក្នុងប្រទេសនេះ។

ប្រទេសស្រីលង្កា ដែលមានប្រជាជនចំនួនសរុប២២លាននាក់មួយនេះ កំពុងតស៊ូជាមួយនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល៧ទសវត្សរ៍ចុងក្រោយ ខណៈដែលបច្ចុប្បន្នគេមិនអាចនាំចូលសម្ភារៈសំខាន់ៗរួមមាន ម្ហូបអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ បានទេ ដោយសារកង្វះខាតយ៉ាងខ្លាំងនៃរូបិយបណ្ណបរទេស ដែលជាទុនបម្រុងអន្តរជាតិនោះ។

នាយករដ្ឋមន្ត្រីទើបឡើងកាន់តំណែងថ្មីលោក Ranil បានប្រាប់សភាថា ថវិកាបណ្តោះអាសន្នមួយនឹងត្រូវបានបង្ហាញនៅក្នុងខែសីហា ភ្ជាប់មកជាមួយវិធានការឱ្យហិរញ្ញវត្ថុសាធារណៈ ស្ថិតនៅលើផ្លូវប្រកបដោយនិរន្តរភាពជាងមុន និងបង្កើនមូលនិធិដល់ជនក្រីក្រណាដែលរងគ្រោះខ្លាំងជាងគេ។ លោក Ranil ធ្លាប់បានអះអាងម្តងរួចមកហើយ កាលពីខែឧសភាថា លោកនឹងកាត់បន្ថយចំណាយរបស់រដ្ឋឱ្យនៅសល់តិចតួចបំផុត ដើម្បីមានប្រាក់សម្រាប់ដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលកំពុងអូសបន្លាយនេះ។

កង្វះខាតនៃតម្រូវការជាមូលដ្ឋាន គួបផ្សំនឹងអតិផរណាដែលកំពុងកើនឡើងបានធ្វើឱ្យមានភាពចលាចលជាសាធារណៈស្ទើរទូទាំងផ្ទៃប្រទេស ដោយជំរុញឱ្យរដ្ឋាភិបាលរបស់លោក Ranil បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំយកជំនួយពី IMF ប្រទេសជាមិត្ត និងម្ចាស់ជំនួយគ្រប់ទិសទី។

ថ្លែងទៅកាន់សភាកាលពីថ្ងៃពុធសប្ដាហ៍នេះ លោក Ranil បញ្ជាក់ថា ស្រីលង្កាត្រូវការការគាំទ្រពីឥណ្ឌា ជប៉ុន និងចិន ដែលជាសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្ររបស់ខ្លួន។ លោកគ្រោងនឹងកោះប្រជុំអ្នកផ្តល់ជំនួយ ដោយមានការចូលរួមពីប្រទេសទាំងនេះ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិបត្តិរបស់ប្រទេសស្រីលង្កាផងដែរ។ យ៉ាងណាមិញ លោកមិនបានឱ្យដឹងទេថា សន្និសីទនេះនឹងរៀបចំឡើងនៅថ្ងៃណា ដោយគេគ្រាន់តែបានដឹងថា ក្រុមមន្ត្រីមកពីប្រទេសឥណ្ឌា នឹងមកដល់ស្រីលង្កានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈមន្ត្រីពាក់ព័ន្ធពីប្រទេសផ្សេងៗទៀត នឹងមកដល់នៅសប្តាហ៍ក្រោយ។

សូមជម្រាបថា រដ្ឋាភិបាលស្រីលង្កាបានពន្យារពេលចេញផ្សាយរបាយការណ៍កំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ត្រីមាសទី១របស់ខ្លួនផងដែរ ដោយសារតែនាយកដ្ឋានជំរឿននិងស្ថិតិ មិនបានទទួលធាតុចូលនិងទិន្នន័យដែលត្រូវការទាំងអស់បានទាន់ពេលវេលា។ ទិន្នន័យ GDP ស្រីលង្កានៅត្រីមាសទីមួយឆ្នាំនេះ រំពឹងថាអាចចេញផ្សារជាផ្លូវការនៅខែក្រោយនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីជួបអ៊ីរ៉ង់ពិភាក្សាកិច្ចសហការនុយក្លេអ៊ែរឡើងវិញ ចំពេលរងសម្ពាធផ្ទួនៗពីលោកខាងលិច

ព័ត៌មាន
ទូរទស្សន៍រដ្ឋរបស់ប្រទេសអ៊ីរ៉ង់បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ែរហ្កី ឡាវរ៉ូវ (Sergei Lavrov) បានទៅដល់ប្រទេសអ៊ីរ៉ង់កាលពី…

រុស្ស៊ីសម្លឹងរកទីផ្សារនាំចេញប្រេងទៅកាន់តំបន់អាហ្រ្វិក និង មជ្ឈិមបូព៌ា នៅចំពេលរងទណ្ឌកម្មពីសហភាពអឺរ៉ុប

ព័ត៌មាន
ក្រុមហ៊ុនវិភាគទិន្នន័យ Refinitiv Eikon របស់អង់គ្លេសបានបង្ហាញថា រុស្ស៊ីកំពុងបង្កើនការផ្គត់ផ្គង់ប្រេងសាំង ទៅកាន់ទ្វីបអាហ្រ្វិក និង មជ្ឈិមបូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ