ប្រទេសស្រីលង្កាបច្ចុប្បន្ននេះ កំពុងប្រឈមនឹងបញ្ហាកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងទំនិញផ្សេងទៀតយ៉ាងធ្ងន់ធ្ងរ ដោយសារតែតម្លៃទំនិញកើនឡើងជាបន្ដបន្ទាប់ ហើយប្រទេសនេះ ក៏មានការកាត់ចរន្ដអគ្គិសនីប្រើប្រាស់ជាង១០ម៉ោងជារៀងរាល់ថ្ងៃផងដែរ ដោយសារតែខ្វះខាតថាមពល។ បញ្ហាទាំងនេះ គឺជាវិបត្តិដ៏អាក្រក់បំផុតមិនធ្លាប់មានសម្រាប់ប្រទេសដីកោះ ដែលមានប្រជាជនរស់នៅជាង២២លាននាក់មួយនេះ គិតតាំងពីបានទទួលឯករាជ្យពីអង់គ្លេសកាលពីឆ្នាំ១៩៤៨មក។
ប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) បានសម្រេចដាក់ប្រទេសក្នុងគ្រាមានអាសន្ន កាលពីថ្ងៃទី ទី១ ខែមេសា បន្ទាប់ពីមានពលរដ្ឋមានការប្រមូលផ្ដុំធ្វើបាតុកម្មអុកឡុកផ្ទះរបស់លោក នៅក្នុងរដ្ឋធានីកូឡំបូ ដើម្បីទាមទារឲ្យលោកចុះចេញពីតំណែង។ បន្ទាប់ពីផ្ទុះបាតុកម្មកើតឡើង លោក ហ្គូតាបាយ៉ា ក៏បានចេញបញ្ជាឲ្យដាក់បម្រាមគោចរនៅទូទាំងប្រទេសរហូតដល់ព្រឹកថ្ងៃចន្ទ ទី ០៤ខែមេសានេះផងដែរ។
ក្រោយពីបានដាក់បម្រាមគោចរហើយនោះ រដ្ឋាភិបាលស្រីលង្កា ក៏បានបិទខ្ទប់បណ្ដាញសង្គម ហ្វេសប៊ុក យូធូប អ៊ីនស្ដាក្រាម និងវ័តស៍អាប់ មិនឲ្យពលរដ្ឋប្រើប្រាស់ផងដែរ។ គេសង្កេតឃើញថា នៅមុនពេលមានការបិទខ្ទប់បណ្ដាញសង្គមទាំងនេះ គឺបន្ទាប់ពីមានជនអាណាមិកបានប្រកាសលើបណ្ដាញសង្គមឲ្យមានការប្រមូលផ្ដុំធ្វើបាតុកម្មទ្រង់ទ្រាយធំតវ៉ាប្រឆាំងរដ្ឋាភិបាល ជុំវិញការដឹកនាំប្រទេសឲ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបែបនេះ។
អាជ្ញាធរបានរាយការណ៍ថា មានការឃាត់ខ្លួនសកម្មជនបណ្ដាញសង្គមម្នាក់ផងដែរ កាលពីថ្ងៃទី០១ ខែមេសា ពីបទចោទប្រកាន់ថា បុគ្គលរូបនោះ បានបង្ហោះផ្សព្វផ្សាយព័ត៌មានដែលអាចបង្កចលាចលដល់សាធារណជន។
ឯកអគ្គរដ្ឋទូតប្រទេសលោកខាងលិចប្រចាំនៅទីក្រុងកូឡំបូ បានសម្ដែងការព្រួយបារម្ភចំពោះការប្រើប្រាស់ច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដើម្បីរារាំងពីការមិនពេញចិត្តតាមបែបប្រជាធិបតេយ្យ ហើយអ្នកការទូតក្រុមប្រទេសលោកខាងលិច ក៏កំពុងតាមដានយ៉ាងដិតដល់ចំពោះស្ថានការណ៍នៅស្រីលង្កាផងដែរ។
យ៉ាងណាក៏ដោយចុះ កងទ័ពត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសស្រីលង្ការួចរាល់ហើយ ដើម្បីត្រៀមរង់ចាំបញ្ជាពីថ្នាក់ដឹកនាំក្នុងករណីមានការចលាចលណាមួយកើតឡើង។
សូមបញ្ជាក់ថា បញ្ហាខ្វះខាតរូបិយបណ្ណបរទេស គឺជាកត្តាស្នូលមួយ ដែលរុញច្រានឲ្យស្រីលង្កាកំពុងជួបឧបសគ្គក្នុងការសងសេវាបំណុលសាធារណៈរបស់ខ្លួន ដែលមានដល់ ៥១ពាន់លានដុល្លារ ខណៈដែលប្រទេសនេះ បានបាត់បង់ប្រាក់ចំណូលពីវិស័យសំខាន់ៗជាច្រើនដូចជាទេសចរណ៍ និងការផ្ញើប្រាក់ពីសំណាក់ពលករនៅក្រៅប្រទេសជាដើម។ បញ្ហាទាំងអស់នេះ ហើយបានដាក់បន្ទុកកាន់តែខ្លាំង លើការនាំចូលទំនិញពីក្រៅប្រទេស៕