ការស្នើសុំឲ្យពិនិត្យឡើងវិញនូវរយៈពេលសងបំណុលដ៏ច្រើនសម្បើមនេះ ធ្វើឡើងក្នុងអំឡុងពេលជំនួបនៅរដ្ឋធានីកូឡំបូ រវាង លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន ជាមួយ លោក កូតាបាយ៉ា រ៉ាចាប៉ាកសា ប្រធានាធិបតីស្រីលង្កា ក្នុងឱកាសដែលប្រមុខការទូតចិនធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសមួយនេះកាលពីថ្ងៃអាទិត្យទី០៩ មករា។
ក្នុងនាមជាប្រទេសដែលទទួលបានកម្ចីទ្វេភាគីច្រើនបំផុតពីប្រទេសចិន ស្រីលង្កាបានទទួលអត្ថប្រយោជន៍ច្រើនណាស់ ពីកម្ចីរាប់ពាន់លានដុល្លារពីទីក្រុងប៉េកាំង ប៉ុន្តែបច្ចុប្បន្នប្រទេសមួយនេះកំពុងផុងខ្លួន ប្រឈមមុខនឹងការធ្លាក់ចុះទៅក្នុងវិបត្តិហិរញ្ញវត្ថុកាន់តែអាក្រក់ទៅៗ។
កាលទសវត្សរ៍មុននេះ ប្រទេសចិនបានផ្ដល់កម្ចីដល់ប្រទេសស្រីលង្កាដល់ទៅ ៥ពាន់លានដុល្លារ សម្រាប់គម្រោងផ្លូវល្បឿនលឿន, កំពង់ផែ, ព្រលានយន្ដហោះ និងរោងចក្រថាមពលដើរដោយធ្យូងថ្មជាដើម។ ប៉ុន្ដែ កម្ចីដែលយកទៅប្រើប្រាស់គម្រោងទាំងអស់នេះត្រូវបានគេរិះគន់ថា មិនបានផ្ដល់ផលប្រយោជន៍ដូចអ្វីដែលបានរំពឹងទុកនោះទេ។
ប្រទេសស្រីលង្ការត្រូវសងបំណុលសរុបប្រហែល ៤ពាន់៥រយលានដុល្លារនៅក្នុងឆ្នាំ២០២២នេះ ដោយនឹងចាប់ផ្ដើមសងប្រមាណ ៥០០លានដុល្លារសម្រាប់មូលបត្របំណុលអន្តរជាតិនៅត្រឹមថ្ងៃទី១៨ខែមករានេះ។តើមូលហេតុអ្វីបានជាស្រីលង្កាជួបវិបត្តិហិរញ្ញវត្ថុបែបនេះ?
មែនទែនទៅ ស្រីលង្កាជាប្រទេស ដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ប៉ុន្តែដោយសាររងគ្រោះធ្ងន់ធ្ងរពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ បានធ្វើឲ្យស្រីលង្កាខាតបង់ប្រាក់ជាច្រើនពីប្រភពចំណូលវិស័យទេសចរណ៍ដ៏ចម្បងមួយនេះ។ ស្រីលង្កាបាននិងកំពុងជួបវិបត្តិខ្វះថវិកាខ្លាំងមែនទែន រហូតដល់ត្រូវបង្ខំចិត្តឲ្យរដ្ឋាភិបាលក្រុងកូឡំបូ ដកលុយពីកញ្ចប់បម្រុងរូបិយប័ណ្ណបរទេសទៅចាយវាយ ដោះស្រាយបញ្ហាមួយគ្រាសិនផងដែរ។ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២១ កញ្ចប់ថវិកាបម្រុងរូបិយប័ណ្ណបរទេសរបស់ស្រីលង្កានៅសល់តែ ១.៥០០លានដុល្លារប៉ុណ្ណោះ។
បន្ថែមពីលើការបំពេញតម្រូវការចាយវាយក្នុងស្រុក រដ្ឋាភិបាលស្រីលង្កាក៏ត្រូវការសងប្រាក់ទៅម្ចាស់បំណុលដែរ ពិសេសបំណុលដ៏ច្រើនសម្បើមដែលប្រទេសអាស៊ីមួយនេះកំពុងជំពាក់ប្រទេសចិន។
ប្រការបញ្ហាវិបត្តិហិរញ្ញវត្ថុទាំងនេះហើយទើបជំរុញឲ្យប្រធានាធិបតីស្រីលង្កា ស្នើសុំចិនដែលជាម្ចាស់បំណុលធំបំផុតរបស់ខ្លួន ជួយរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ និយាយឲ្យងាយយល់ ស្រួលស្តាប់ទៅទស្សនិកជន គឺស្នើសុំឲ្យពន្យារពេលក្នុងការសងបំណុលតែម្តង។
មិនមានការឆ្លើយតបភ្លាមៗណាមួយពីលោកវ៉ាង យី ទៅកាន់សំណើខាងលើនេះទេ រីឯស្ថានទូតចិនប្រចាំនៅស្រីលង្កាក៏មិនបាននិយាយអ្វីជុំវិញបញ្ហាការស្នើសុំពន្យាសងបំណុលរបស់ប្រទេសស្រីលង្ការនេះដែរ នៅក្រោមជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ លោកវ៉ាង យី និង ប្រធានាធិបតីស្រីលង្ការ។
គួរកត់សម្គាល់ថា ចិនជាអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគីទៅឲ្យស្រីលង្កាធំជាងគេលំដាប់ទី៤ បន្ទាប់ពី ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងប្រទេសជប៉ុន។ គិតត្រឹមខែមេសាឆ្នាំ២០២១ រដ្ឋស្រីលង្កាជំពាក់បំណុលចិនដល់ទៅ ៣ពាន់៥រយលានដុល្លារអាមេរិក៕