ប្រទេសស្រីលង្កា

ម្ចាស់បំណុលមួយចំនួនយល់ព្រមឱ្យស្រីលង្កាផ្អាកសងបំណុលរហូតដល់ឆ្នាំ២០២៨


ប្រទេសស្រីលង្កា និងម្ចាស់បំណុលរបស់ខ្លួនមួយចំនួនកំពុងចរចាគ្នាជាលើកចុងក្រោយដើម្បីសម្រេចពីការយល់ព្រមឱ្យស្រីលង្កាអាចផ្អាកសងបំណុលដល់ពួកគេម្ដងទៀតរហូតដល់ឆ្នាំ២០២៨ ខណៈដែលម្ចាស់បំណុលទាំងនេះរួមទាំងជប៉ុនដែរនោះ កំពុងព្យាយាមការពារឥទ្ធិពលរបស់ចិន កុំឱ្យបន្តរីកដុះដាលនៅលើប្រទេសកោះ ដែលជំពាក់បំណុលគេវ័ណ្ឌកមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Nikkei។
ប្រទេសស្រីលង្កា
ដោយ

លោក សាហ្គាឡា រ៉ាតណាយ៉ាកា (Sagala Ratnayaka) ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីស្រីលង្កា បានប្រាប់សារព័ត៌មាន Nikkei ក្នុងបទសម្ភាស​ថ្មីៗនេះថា ការចរចាគ្នារវាងស្រីលង្កា និងប្រទេសម្ចាស់បំណុលលើការសុំផ្អាកសងបំណុលម្ដងទៀតនេះ បានបញ្ចប់ និងសម្រេចរួចរាល់ហើយ។ ហើយស្រីលង្កាសង្ឃឹមថា លទ្ធផលលម្អិតនៃកិច្ចចរចានេះនឹងត្រូវប្រកាសនៅប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ។

លោក រ៉ាតណាយ៉ាកា បានបន្ថែមថា រយៈពេលសងបំណុលទៅឱ្យម្ចាស់បំណុលវិញនឹងមាន រយៈពេល១៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២៨ ដល់ឆ្នាំ២០៤២ ជាមួយនឹងអត្រាការប្រាក់ដែលបានកំណត់ថ្មីប្រហែល២% ហើយនឹងមិនមានការកាត់បន្ថយបំណុលទៀតឡើយ បើទោះបីជាមានការស្នើសុំពីប្រទេសកោះមួយនេះយ៉ាងណាក៏ដោយ។

សូមរំលឹកថា ស្រីលង្កាកាលពីខែមេសា ឆ្នាំ២០២២ បានប្រកាសពីការផ្អាកបរទេសជាបណ្តោះអាសន្ន ដោយជំរុញឱ្យប្រទេសនេះធ្លាក់ក្នុងការខកខានសងបំណុលបរទេសជាធរមាន។ កិច្ចប្រជុំនៃបណ្តាប្រទេសជាម្ចាស់បំណុលនេះត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ២០២៣ ហើយជប៉ុនដែលជាម្ចាស់បំណុលធំជាងគេ បន្ទាប់ពីចិន កំពុងធ្វើជាប្រធាននៅក្នុងកិច្ចពិភាក្សារួមជាមួយនឹងប្រទេសឥណ្ឌា និងបារាំង។

ស្រីលង្កា និងប្រទេសម្ចាស់បំណុលបានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋានមួយស្តីពីការផ្អាកការទូទាត់សងម្ដងទៀត និងការកាត់បន្ថយការប្រាក់ផងដែរ ហើយទន្ទឹមនឹងនោះ ការផ្តល់ជំនួយហិរញ្ញវត្ថុពីមូលនិធិរូបិយវត្ថុអន្តរជាតិ ក្រោមលក្ខខណ្ឌនៃការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ក៏បានចាប់ផ្តើមអនុវត្តផងដែរ។

ប្រទេសចិន ដែលជាម្ចាស់បំណុលធំជាងគេមួយបានត្រឹមតែចូលរួមក្នុងកិច្ចប្រជុំនេះក្នុងនាមជាអ្នកសង្កេតការណ៍ប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោក រ៉ាតណាយ៉ាកា បាននិយាយថា ការរៀបចំរចនាសម្ព័ន្ធបំណុលពីប្រទេសចិនឡើងវិញតាមរយៈប្រាក់កម្ចីរបស់ធនាគារនាំចេញ-នាំចូលនៃប្រទេសចិន មានលក្ខណៈស្រដៀងនឹងអ្វី ដែលពួកគេបានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំម្ចាស់បំណុលនោះដែរ។

គួររំលឹកដែរថា គិតត្រឹមចុងឆ្នាំ២០២៣ បំណុលដែលស្រីលង្កា នៅជំពាក់បរទេសមានចំនួន ៣៧.៣ពាន់លានដុល្លារ ដោយក្នុងនោះបំណុលដែលបានជំពាក់ចិន មានចំនួន៤.៧ពាន់លានដុល្លារអាម៉េរិក៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្ដាលវៀតណាម ណែនាំឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនានារក្សាស្ដង់ដាឥណទានដើម្បីកាត់បន្ថយហានិភ័យ

ព័ត៌មាន
ធនាគារកណ្តាលវៀតណាម (SBV) កំពុងណែនាំឱ្យបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុ រួមមាន ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុជួយសម្រួលធ្វើយ៉ាងណាឱ្យអាជីវកម្មនា…

ហេតុអ្វីជប៉ុនបង្កើនការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ទៅកាន់សហរដ្ឋអាម៉េរិក?

ព័ត៌មាន
បច្វុប្បន្នសហរដ្ឋអាម៉េរិក បាននាំមុខចិនក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុនជប៉ុនរាប់ចាប់តាំងពីវិស័យលំនៅឋានរហូតដល់ផលិតកម្មអាហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ