ដោយរងការវាយប្រហារយ៉ាងខ្លាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ការកើនឡើងតម្លៃប្រេង និងការកាត់បន្ថយពន្ធប្រជានិយមនោះ ប្រទេសស្រីលង្កាបានប្រឈមមុខនឹងអតិផរណា និងកង្វះខាតប្រេងឥន្ធនៈ និងសម្ភារៈសំខាន់ៗផ្សេងទៀត ដែលជំរុញឱ្យអតីតនាយករដ្ឋមន្ត្រីលោក Mahinda Rajapaksa និងគណៈរដ្ឋមន្ត្រីរបស់លោកបានចុះចេញពីតំណែងក្នុងខែនេះ។
លោក រ៉ានីល បាននិយាយថា រដ្ឋាភិបាលរបស់លោកបានស្នើឱ្យអនុម័តច្បាប់មួយចំនួន ដើម្បី ផ្តល់អំណាចបន្ថែមទៀតដល់សភា ហើយគណៈកម្មាធិការឯករាជ្យជាង១២នឹងត្រូវបានបង្កើតឡើង សម្រាប់ការត្រួតពិនិត្យ និងគ្រប់គ្រងសភាពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុ។
លោក រ៉ានីល បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ក្នុងស្រុកស្រីលង្កាថា យោងទៅតាមប្រព័ន្ធថ្មីដែលរដ្ឋាភិបាលបានស្នើឱ្យបង្កើតឡើងនោះ គឺប្រធានាធិបតីនឹងត្រូវទទួលខុសត្រូវចំពោះសភា ហើយ គណៈរដ្ឋមន្ត្រីក៏ទទួលខុសត្រូវចំពោះសភាផងដែរ។
សំណើនេះអាចចំណាយពេលច្រើនសប្តាហ៍ ដើម្បីឱ្យសភាធ្វើការអនុម័តព្រោះវាចាំបាច់ណាស់ ដែលគណៈរដ្ឋមន្ត្រី និងតុលាការកំពូលត្រូវតែទទួលយកសំណើនេះ ដែលបន្ទាប់មកនឹងត្រូវស្វែងការអនុម័តយល់ព្រមពីសភាជាបន្តទៀត។
សូមរំលឹកថា ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa និងបងប្រុសរបស់លោកគឺលោក Mahinda បានផ្លាស់ប្ដូរ និងធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ប៉ូលិស និងហិរញ្ញវត្ថុ ដែលអនុម័តដោយរដ្ឋាភិបាលមុននេះ នៅពេលប៉ុន្មានខែបន្ទាប់ពីការឡើងកាន់អំណាចជាមួយសំឡេងភាគច្រើនពីរភាគបីក្នុងឆ្នាំ២០២០។
ក្រុមមេដឹកនាំគណបក្សប្រឆាំងស្រីលង្កាបានចោទប្រកាន់រដ្ឋាភិបាលរបស់លោក Rajapaksa ថា បានបង្កើនអំណាចប្រធានាធិបតីដោយមិនសមហេតុផល និងធ្វើឱ្យខូចតួនាទីរបស់សភាក្នុងការបង្កើតច្បាប់ជាតិ។
លោក រ៉ានីល ដែលបានចូលកាន់តំណែងកាលពីពីរសប្តាហ៍មុននោះបានបង្ហាញថា អតិផរណានឹងកើនឡើងនៅពេលរដ្ឋាភិបាលចាត់វិធានការដោះស្រាយវិបត្តិដ៏អាក្រក់បំផុត ហើយថាអាចមានការតវ៉ាកាន់តែច្រើននៅតាមដងផ្លូវថែមទៀត។
ក្រុមអ្នករិះគន់បាននិយាយថា កំណែទម្រង់នយោបាយតាមការស្នើសុំរបស់លោក រ៉ានីល នេះគឺខ្វះការរំពឹងទុក ហើយមិនបានដោះស្រាយតាមការទាមទារសំខាន់ៗរបស់ក្រុមអ្នកតវ៉ា រួមទាំងការលុបចោលអំណាចប្រតិបត្តិរបស់ប្រធានាធិបតីនោះទេ។
លោកស្រី បាវ៉ានី ហ្វុនសេកា (Bhavani Fonseka) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលជម្រើសគោលនយោបាយមានមូលដ្ឋាននៅទីក្រុងកូឡុំបូប្រទេសស្រីលង្កាបាននិយាយថា សំណើនៅចំពោះមុខគណៈរដ្ឋមន្ត្រីនេះ នៅតែផ្តល់អំណាចច្រើនដល់ប្រធានាធិបតីដែលលោកនឹងនៅតែមានសិទ្ធិគ្រប់គ្រងក្រសួង ធ្វើការតវ៉ា និងរំលាយសភាជាដដែល។
លោកស្រី ហ្វុនសេកា បាននិយាយទៀតថា ដរាបណាវានៅតែមានការចែកអំណាចគ្នាបែបនេះ ការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិសេដ្ឋកិច្ច គឺវាមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ៕
អត្ថបទ៖ សុខ ជា