ទំនាក់ទំនងរវាងចិនអាមេរិក

រដ្ឋមន្ត្រីការបរទេសចិនថា ទំនាក់ទំនងរវាងចិនអាមេរិក «ធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ»


រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនលោក Wang Yi អះអាងថា ទំនាក់ទំនងរវាងចិន និងអាមេរិក កាន់តែមានការធ្លាក់ចុះធ្ងន់ធ្ងរឡើងៗហើយ។ ការលើកឡើងចំៗរបស់ប្រមុខការទូតចិនបែបនេះ គឺធ្វើឡើងជាការឆ្លើយតប ទៅនឹងការលើកឡើងរបស់ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ថ្មីៗនេះដែលបានចាត់ទុកប្រទេសចិនថា កំពុងបង្កការគំរាមកំហែងធ្ងន់ធ្ងរសម្រាប់រយៈពេលវែង ចំពោះសណ្ដាប់ធ្នាប់ពិភពលោក។ នេះបើតាមការចុះផ្សាយសារព័ត៌មាន South China Morning Post។
ចិន និងអាមេរិក កំពុងសម្ញែងឫទ្ធិដាក់គ្នា ក្នុងសមរភូមិពាណិជ្ជកម្ម

លោក Wang Yi បាន​ថ្កោលទោស​ថា យុទ្ធសាស្ត្រ​របស់​អា​មេ​រិ​ក​ទប់ទល់​នឹង​ចិន មាន​ចេតនា​ចង់​បង្កើត​សង្គ្រាមត្រជាក់​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង ហើយ​បាន​និយាយ​ថា សហរដ្ឋអាមេរិក​ទៅ​វិញ​ទេ ដែល​ជា​ប្រភព​នៃ​ភាព​វឹកវរ ដែល​អង្រួន​ឲ្យ​សណ្តាប់ធ្នាប់​អន្តរជាតិ​រង្គោះរង្គើ​នា​ពេល​បច្ចុប្បន្ន និង ជា​ឧបសគ្គ​ដល់​ការ​ឈាន​ទៅ​មុខ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៃ​ទំនាក់ទំនង​អន្តរជាតិ​។

ការ​កត់សម្គាល់​របស់​លោក Wang Yi បាន​ធ្វើ​ឡើង​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សុន្ទរកថា​របស់​លោក Blinken ដែល​ចោទប្រកាន់​ប្រទេស​ចិន​ថា បាន​ធ្វើ​ឱ្យ​ខូច​ដល់​សណ្តាប់ធ្នាប់​ពិភពលោក ហើយ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​រូប​នេះ​ក៏​បាន​សន្យា​ទៀត​ថា នឹង​ធ្វើការ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​ទៀត ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ទីក្រុង​ប៉េ​កាំ​ង​។

ថ្លែង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ហ្វី​ជី ជា​ផ្នែក​នៃ​ដំណើរ​ទេសចរណ៍​ប្រាំបី​ប្រទេស​នៅ​ប៉ា​ស៊ី​ហ្វិ​ក​ខាងត្បូង លោក Wang Yi បាន​និយាយ​ថា ទីក្រុង​ប៉េ​កាំ​ង​ចង់​ប្រាប់​ភាគី​អា​មេ​រិ​កថា ទំនាក់ទំនង​ចិន និង អា​មេ​រិ​ក មិនមែន​ជា​ល្បែង​ចង់​ឈ្នះ​តែឯង ឲ្យ​គេ​ចាញ់​ខ្លួន​តែ​រហូត​នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយ​ក្រសួងការបរទេស​ចិន​។

លោក Wang Yi បាន​អះអាង​ថា ក្រុង​ប៉េ​កាំ​ង​នឹង​មិន​ចុះចាញ់​នឹង​ការ​បង្ខិតបង្ខំ​ឡើយ ហើយនឹង​ការពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​អធិបតេយ្យភាព សន្តិសុខ និង ផលប្រយោជន៍​អភិវឌ្ឍន៍​របស់​ចិន​។ លោក​បាន​បន្ត​ថា ចិន​មាន​ឆន្ទៈ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​សហរដ្ឋអាមេរិក ប៉ុន្តែ​មិនមែន​ប្រើ​មធ្យោបាយ​សាហាវឃោរឃៅ​នោះ​ទេ​។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី ២៦ ឧសភា លោក Blinken បាន​ថ្លែង​សុន្ទរកថា​នៅ​សាកលវិទ្យាល័យ George Washington ដោយ​ពណ៌នា​ប្រទេស​ចិន​ថា​ជា ប្រទេស​តែ​មួយ​គត់​ដែល​កំពុង​បង្កើន​អំណាច​សេដ្ឋកិច្ច ការទូត យោធា និង បច្ចេកវិទ្យា​កាន់តែ​ខ្លាំង ខណៈ​គោលនយោបាយ​ខ្លះ​នឹង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​អន្តរជាតិ​នា​ពេល​ខាង​មុខ​។ ទន្ទឹម​នឹង​នោះ លោក Blinken បាន​គូស​បញ្ចា​ក់ថា សហរដ្ឋអាមេរិក​មិន​បាន​ចង់​បង្កើត​សង្គ្រាមត្រជាក់​ថ្មី ចំពោះ​ប្រទេស​ចិន​នោះ​ទេ ប៉ុន្តែ​អា​មេ​រិ​កបាន​បង្កើត និង អនុវត្ត​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​ឆ្ពោះ​ចំពោះ​ទីក្រុង​ប៉េ​កាំ​ង ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​ប្រទេស​ចិន​។

គួរ​ជម្រាប​ថា ទីក្រុង​ប៉េ​កាំ​ង និង​ទីក្រុង​វ៉ា​ស៊ី​ន​តោន ឥឡូវនេះ​ត្រូវ​បាន​ជាប់​គាំង​នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​តឹងតែង​បំផុត​របស់​ពួក​គេ ដែល​មិន​ធ្លាប់​មាន ហើយ​ភាព​តានតឹង​នេះ កំពុង​កើត​មាន​ឡើង​ស្ទើរតែ​គ្រប់​វិស័យ​ទាំងអស់ រាប់​ចាប់តាំងពី​ពាណិជ្ជកម្ម បច្ចេកវិទ្យា និង ឧត្តមភាព​យោធា រហូត​ដល់​មនោ​គម​វិជ្ជា​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីវាយប្រហារសមរភូមិនៅដុនបាសកាន់តែខ្លាំង ខណៈលោកហ្សេលេនស្គីទៅដល់សមរភូមិមុខសច្ចាទប់ទល់ស្ថានការណ៍ឲ្យបាន

ព័ត៌មាន
កម្លាំងទ័ពរបស់រុស្ស៊ីបានបង្កើនការវាយប្រហារ ជាមួយការប្រើប្រាស់កាំភ្លើងធំធុនធ្ងន់ដើម្បីព្យាយាមដណ្តើមយកទីក្រុងសំខាន់របស់អ៊ុយក្រែននៅភាគអាគ្នេយ…

នាយករដ្ឋមន្ត្រីស្រីលង្កាស្នើគណៈរដ្ឋមន្ត្រីបង្កើនទំនួលខុសត្រូវស្របពេលវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ក្នុងប្រវត្តិសាស្ត្រ

ព័ត៌មាន
នាយករដ្ឋមន្ត្រីស្រីលង្កាលោក រ៉ានីល បាននិយាយនៅថ្ងៃទី២៩ឧសភាថា រដ្ឋាភិបាលរបស់លោកកំពុងធ្វើការ ដើម្បីជំរុញឱ្យប្រធានាធិបតីនិងគណៈរដ្ឋមន្ត្រីមានទំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ