គោលបំណងនៃការជួបពិភាក្សាគ្នានេះ គឺដើម្បីប្រមូលធាតុចូលនានា ធ្វើរបាយការណ៍សម្រាប់ដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដែលបានស្នើឲ្យម្ចាស់បុរីផ្អាកការរឹបអូសផ្ទះពីប្រជាពលរដ្ឋ ដែលខកខានបង់ប្រាក់ និងជំរុញដោះសា្រយដោយសន្តិវិធីតាមរយៈការរៀបចំឥណទានឡើងវិញកាលពីពេលកន្លងទៅ។
ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាស្នើឲ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានផ្អាកការរឹបអូសផ្ទះពីប្រជាពលរដ្ឋ ដែលខកខានបង់ប្រាក់ និងដោះស្រាយដោយសន្តិវិធីតាមរយៈការរៀបចំឥណទានឡើងវិញ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានៅព្រឹកថ្ងៃទី១២ ខែមិថុនា បានជួបជាមួយមន្ត្រីជាន់ខ្ពស់មកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ដឹកនាំនិយ័តករអាជិវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីពិភាក្សាគ្នាជុំវិញបញ្ហានេះ។
នៅក្នុងជំនួបពិភាក្សាខាងលើ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានលើកឡើងថាការជំនួបពិភាក្សានេះគឺ គោលបំណង ដើម្បីប្រមូលព័ត៌មាន និងស្តាប់ពីបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅ ក៏ដូចជាស្វែងរកដំណោះស្រាយរួម សម្រាប់ដាក់ជូនសម្តេចតេជោពិនិត្យ និងសម្រេចជាគោលការណ៍។ អ្នកឧកញ៉ា លីហួរ បានបន្តថា រហូតមកទល់ពេលនេះមិនមានសមាជិកសមាជិការ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ណាម្នាក់បានធ្វើការរឹបអូសផ្ទះពីប្រជាពលរដ្ឋនោះទេ។ សមាជិករបស់សមាគមតែងតែព្យាយាមដោះស្រាយគ្រប់រូបភាពទាំងអស់ ដោយមិនធ្វើប៉ះពាល់ដល់កេរ្តិ៍របស់បុរីនោះឡើយ។ អ្នកឧកញ៉ា លី ហួរ ស្នើដល់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និង អាជ្ញាធរពាក់ព័ន្ធបន្តស្វែងរកព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ និងបញ្ហាប្រឈមនានាជុំវិញនឹងរឿងហេតុកើតឡើងនេះ។
ឯកឧត្តម លឹម វិសាល នាយកខុទ្ទកាល័យ និងជាជំនួយការផ្ទាល់របស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្កើតប្រព័ន្ធទូរសព្ទអនឡាញចំនួន៧ខ្សែ ដើម្បីទទួលបន្តឹងពីប្រជាពលរដ្ឋ ដែលជួបបញ្ហាការរឹបអូសផ្ទះពីម្ចាស់បុរី។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ គ្រាន់តែរយៈពេលពីរថ្ងៃកន្លះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលបានពាក្យបណ្តឹងចំនួន១៥៤ករណី ក្នុងនោះមាន៥៣ករណីបានយកឯកសារមកដាក់ផ្ទាល់នៅ CDC ដោយពួកគេមកពី៣០បុរីផ្សេងៗគ្នា។
ជាមួយគ្នានេះឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានគូសបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំទទួលបានបណ្តឹងពីប្រជាពលរដ្ឋចំនួន១២ករណី ក្នុងនោះ៧ករណីទទួលបានតាមប្រព័ន្ធតេឡេក្រាម និង៥ករណីបានយកឯកសារមកដាក់ដោយផ្ទាល់។ ក្រោយមានការស្នើពីសម្តេចតេជោ ហ៊ុន សែន និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលជាអ្នកសម្របសម្រួល ក៏ចេញលិខិតមួយផងដែរ ដោយស្នើឲ្យប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការរឹបអូសផ្ទះដាក់ពាក្យ ឬទាក់ទងមកស្ថាប័ននេះដើម្បីសុំការអន្តរាគមន៍។
គួរបញ្ជាក់ថា ក្នុងជំនួបជាមួយកម្មករនិយោជិតនៅខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញបញ្ជាអន្តរាគមន៍មួយដោយស្នើឲ្យម្ចាស់បុរី ឬក្រុមហ៊ុនអភិវឌ្ឍន៍លំនៅផ្អាកការរឹបអូសផ្ទះពីប្រជាពលរដ្ឋ ដែលខ្វះលទ្ធភាពបង់ប្រាក់ជាបណ្តោះអាសន្ន និងដោះស្រាយដោយសន្តិវិធីតាមរយៈការរៀបចំឥណទានឡើងវិញ។ ការចេញមកអន្តរាគមន៍បែបនេះរបស់សម្តេចធ្វើឡើងក្រោយមានប្រជាពលរដ្ឋមួយចំនួនត្រូវបានម្ចាស់បុរីមួយចំនួនរឹបអូសយកផ្ទះវិញ បន្ទាប់ពីពួកគេខកខានបង់ប្រាក់ជូនក្រុមហ៊ុនតាមកាលកំណត់។
តបតាមការស្នើសុំនេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយសំដៅចូលរួមជួយសម្រួល ក៏ដូចជាដោះស្រាយលើបញ្ហាខាងលើ។ ក្នុងនោះសមាគមស្នើឲ្យសមាជិកសមាជិការរបស់ខ្លួន ត្រូវសិក្សាលម្អិត និងឲ្យបានស៊ីជម្រៅពីស្ថានភាពអតិថិជន ដែលមានបំណុល និងមានបញ្ហាលទ្ធភាពបង់ពិតប្រាកដ, ត្រូវផ្តល់ភាពទន់ភ្លន់អំពីលក្ខខ័ណ្ឌបង់ប្រាក់ និងផ្អាកការរឹបអូសផ្ទះពីអតិថិជនដែលកំពុងជួបសេដ្ឋកិច្ចផ្ទាល់ខ្លួន និងបញ្ហាប្រឈមនានាពិតប្រាកដ៕