កម្ពុជាជំរុញឲ្យជប៉ុនពិចារណាលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

កម្ពុជាជំរុញឲ្យជប៉ុនពិចារណាលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី


ប្រទេសកម្ពុជាបានលើកជាសំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីពិចារណាលទ្ធភាពក្នុងការរៀបចំការសិក្សាស្រាវជ្រាវមួយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ សំណើនេះ ត្រូវបានឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងនៅ ចំពោះមុខលោក UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នាពេលថ្មីៗនេះ។
កម្ពុជាជំរុញឲ្យជប៉ុនពិចារណាលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

ប្រសិនបើសំណើនេះ ត្រូវបានសិក្សា និងឈានដល់ការចរចាមែននោះ វានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី៤ហើយរបស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី៣ ត្រូវបានចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីចំនួន២ទៀត គឺកម្ពុជាបានធ្វើឡើងជាមួយប្រទេសចិន និងប្រទេសកូរ៉ខាងត្បូង។

មានប្រសាសន៍នៅក្នុងសិក្ខាសាលាស្ដីពី កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថលរវាងប្រទេសកម្ពុជា និងជប៉ុន នាពេលថ្មីៗ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជា និងជប៉ុន គួរតែបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធានាការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាស៊ាន-ជប៉ុន (AJCEP) និងលើកទឹកចិត្ត សភាពាណិជ្ជកម្មនៃប្រទេសទាំងពីរពិចារណាលទ្ធភាពនៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានប្រាប់ឲ្យជប៉ុនពិចារណាលទ្ធភាពក្នុងការរៀបចំការសិក្សាស្រាវជ្រាវមួយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជានិងជប៉ុន និងសហការជាមួយដៃគូ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការកសាងសមត្ថភាព និងលទ្ធភាពទទួលបានហិរញ្ញវត្ថុ ក្នុងទម្រង់នៃការបោះទុនវិនិយោគ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន នាពេលថ្មីៗ បានអះអាងថា ដ្បិតបច្ចុប្បន្នកម្ពុជាមិនទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសជប៉ុន ក៏ពិតមែន តែទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ព្រោះប្រទេសជប៉ុន បាននាំទំនិញកម្ពុជាកាន់តែច្រើនទៅប្រទេសរបស់ខ្លួន ជាពិសេសរួមទាំងផលិតផលកាត់ដេរ ផងដែរ។ បើតាមសម្ដេច ហ៊ុន សែន ការនាំចេញទំទិញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសជប៉ុន មានទំហំទឹកប្រាក់រហូតជាង ១ពាន់លានដុល្លារ ឯណោះ នៅឆ្នាំ២០២២។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ឃើញថា ដ្បិតបច្ចុប្បន្ន កម្ពុជា-ជប៉ុន មិនទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នា ក៏ពិតមែន តែទំហំពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន មានសញ្ញាណវិជ្ជមានគួរឲ្យកត់សម្គាល់។ បើតាមឧកញ៉ា លឹម ហេង តាមរយៈការអនុវត្តកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងអាស៊ាន-ជប៉ុន ជាដើម បានធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន រឹងមាំស្រាប់ទៅហើយ។ ដូច្នេះ ការជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ជប៉ុន នឹងកាន់តែធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរល្អប្រសើរ ជាពិសេសនឹងកាន់តែជំរុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងថែមមួយកម្រិតទៀត។ ឧកញ៉ា លឹម ហេង បានសង្កត់ធ្ងន់ថា ប្រសិនបើ ការជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ជប៉ុន ឈានដល់ការចុះកិច្ចព្រមព្រៀងនោះ មិនត្រឹមតែចំណេញសម្រាប់ការការនាំទំនិញចេញ-ចូល ប៉ុណ្ណោះទេ តែនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនដែរ។

បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កត្តាដែលធ្វើឲ្យកម្ពុជាជំរុញឲ្យមានការវិនិយោគ និងកិច្ចសហការសេដ្ឋកិច្ច ពាណិជ្ជកម្មបន្ថែមពីភាគីជប៉ុន ក៏ព្រោះតែសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា សម្រេចបានក្នុងរង្វង់ ៥% ក្នុងឆ្នាំ២០២២ និងត្រូវកើនឡើងដល់ ៦% ក្នុងឆ្នាំ២០២៣ និង៧% នៅឆ្នាំ២០២៤។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជឿជាក់ថាតាមរយៈកំណើននេះ នឹងធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់តាមផែនការនៅឆ្នាំ២០៥០ ខាងមុខ។

សូមបញ្ជាក់ថា នៅរយៈពេល ៥ខែក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជិត ៧០០លានដុល្លារអាមេរិក បានថយចុះជាង ១០% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុន មានទំហំទឹកប្រាក់ជាង ៤៤២លានដុល្លារ។ ចំណែក ការនាំចូលទំនិញពីប្រទេសជប៉ុន មកកាន់កម្ពុជាវិញ មានទំហំទឹកប្រាក់ជាង ២៥៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


តំណាងវិស័យរដ្ឋ និង ឯកជនបានជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយរួមជុំវិញម្ចាស់បុរីការរឹបអូសផ្ទះពីពលរដ្ឋ

ព័ត៌មាន
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា រួមជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានជ…

អ្នកស្រាវជ្រាវថា ចំនួនអាវុធនុយក្លេអ៊ែរ ដែលកាន់កាប់ដោយប្រទេសមហាអំណាចកំពុងកើនឡើង

ព័ត៌មាន
អ្នកវិភាគនិងអ្នកស្រាវជ្រាវមួយក្រុមបានឱ្យដឹងថា ចំនួនអាវុធនុយក្លេអ៊ែរដែលដាក់នៅក្នុងឃ្លាំងអាវុធរបស់មហាអំណាចឱ្យត្រៀមធ្វើប្រតិបត្តិការ កំពុងកើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ