វិស័យអចលនទ្រព្យ

រដ្ឋបន្ដលើកលែងពន្ធសម្រាប់គម្រោងអចលនទ្រព្យជាប់គាំងនៅខេត្តព្រះសីហនុ ខណៈអ្នកជំនាញ និង ម្ចាស់អគារស្នើឱ្យជួយបង្កើនប្រសិទ្ធភាពសេវារដ្ឋបាល


បញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងគាំទ្រជាបន្ដបន្ទាប់ ដើម្បីដោះស្រាយបញ្ហាដែលបានចាក់ស្រែះជាច្រើនឆ្នាំមកនេះ។
វិស័យអចលនទ្រព្យ
ដោយ

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបតែបានប្រកាសពីការបន្ដពន្យារពេលលើកលែងពន្ធសម្រាប់គម្រោងអចលនទ្រព្យ ដែលជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ២០២៥ នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ បើទោះបីជាគម្រោងទាំងនោះបានបញ្ចប់ ឬមិនទាន់បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥ ក៏ដោយ។ យ៉ាងណាក៏ដោយចុះមានម្ចាស់គម្រោង និងអ្នកជំនាញតាមដានការអភិវឌ្ឍសង្គមមួយចំនួនបានអំពាវនាវឱ្យរាជរដ្ឋាភិបាលពិនិត្យ និងបង្កើនប្រសិទ្ធភាពកិច្ចការងាររដ្ឋបាលមួយចំនួន ដ្បិតពួកគេអះអាងថា វានៅតែមានការចន្លោះប្រហោង និងមានភាពស្មុគស្មាញច្រើន ចំណាយពេលវេលាយូរ និងចំណាយថវិកាផងដែរ ទាក់ទងនឹងការស្នើសុំ ដើម្បីទទួលបានការលើកទឹកចិត្តអគារជាប់គាំងទាំងនោះ។

ថ្លែងប្រាប់សារព័ត៌មានខេមបូណូមីស តាមប្រព័ន្ធតេឡេក្រាម ម្ចាស់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុមួយចំនួនបានអះអាងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ជាការពិតគោលនយោបាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងការដោះស្រាយបញ្ហាអគារជាប់គាំង គឺជាក្ដីសង្ឃឹមសម្រាប់អ្នកអភិវឌ្ឍក្នុងការទទួលបានការលើកទឹកចិត្តពីរដ្ឋ ដើម្បីអាចរលាស់ខ្លួនចេញពីវិបត្តិដែលអូសបន្លាយមកជាយូរហើយនោះ។ ប៉ុន្ដែពួកគេថា ការស្នើសុំឯកសារបញ្ជាក់មួយចំនួន ដើម្បីទទួលបានការលើកលែងពន្ធ ឬការលើកទឹកចិត្តពីរដ្ឋ គឺហាក់នៅមានភាពស្មុគស្មាញច្រើន ចំណាយពេលវេលាយូរ និងចំណាយថវិកាផងដែរ។ ទន្ទឹមនឹងនេះម្ចាស់អគារទាំងនេះ បានស្នើឱ្យរាជរដ្ឋាភិបាលជួយពិនិត្យ និងបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលទាក់ទងនឹងបញ្ហានេះ ដើម្បីសម្រួលឱ្យការងារដោះស្រាយកាន់តែរលូនទៅមុខ ដើម្បីឈានទៅបញ្ចប់បញ្ហាឱ្យបានឆាប់។

ជាមួយគ្នានេះដែរ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានគាំទ្រដល់ផែនការរបស់រដ្ឋក្នុងការលើកទឹកចិត្តអ្នកវិនិយោគ និងម្ចាស់អាគារ ដែលកំពុងជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។ ប៉ុន្ដែជំនាញរូបនេះបានសង្កត់ធ្ងន់ថា ការដាក់ចេញផែនការនានា ត្រូវតែមានគតិយុត្តិច្បាស់លាស់ ដើម្បីផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគ និងម្ចាស់អគារ ព្រោះអាចមានកន្លែងខ្លះលួចប្រព្រឹត្តអំពើពុករលួយជាហេតុធ្វើឱ្យរាំងស្ទះដល់ផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ បើតាមការសង្កេតឃើញរបស់អ្នកជំនាញរូបនេះ មន្រ្តីមួយចំនួននៅតែពុំគោរពតាមគោលការណ៍របស់ថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលបានដាក់ចេញនោះទេ ដ្បិតមានមន្រ្តីខ្លះទៀត នៅតែឆ្លៀតឱកាសកេងបន្លំប្រព្រឹត្តអំពើពុករលួយក្រោមរូបភាពផ្សេង​ៗពីអ្នកវិនិយោគ និង ម្ចាស់អគារ។ ការណ៍នេះ ត្រូវបានលោក សេក សុជាតិ លើកឡើងថា ប្រសិនបើមានសេចក្ដីរាយការណ៍ណាមួយ ដែលប្រព្រឹត្តឡើងដោយខុសច្បាប់ពីមន្រ្តីឆ្លៀតឱកាសនោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលត្រូវតាមដាន និងស៊ើបអង្កេតចាត់វិធានការលើមន្រ្តីនោះឱ្យបានហ្មត់ចត់បំផុត ដើម្បីធានានិងផ្ដល់ទំនុកចិត្តជូនអ្នកវិនិយោគ និងម្ចាស់អគារ។

​ពាក់ព័ន្ធដំណើរការនីតិវិធីដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ នេះដែរ សារព័ត៌មានខេមបូណូមីស បានព្យាយាមទាក់ទងសុំការបញ្ជាក់ពីឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ តាមទូរសព្ទដែរ តែឯកឧត្តមឆ្លើយថា ឯកឧត្តមមិនអាចផ្តល់បទសម្ភាសតាមទូរសព្ទភ្លាមៗបាននោះទេ។

ជាមួយគ្នានេះ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏មិនមានការពន្យល់បកស្រាយលម្អិតជុំវិញបញ្ហានេះដែរ ដោយឯកឧត្តម គ្រាន់តែអះអាងថា ការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តក្នុងខេត្តព្រះសីហនុ ទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ បន្ទាប់ពីរាជរដ្ឋាភិបាល ដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តទាំងពន្ធ និងមិនមែនពន្ធរួចមក។ ឯកឧត្តម បានបន្តថា កត្តានេះហើយទើបជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចពន្យារពេលផ្តល់ការលើកទឹកចិត្ត និងលើកលែងពន្ធដល់គម្រោងអគារជាប់គាំងនៅខេត្តព្រះសីហនុ រហូតដល់ដំណាច់ឆ្នាំ២០២៨ ហើយឯកឧត្តម រំពឹងថា តាមរយៈយន្តការនេះវានឹងជួយដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ បានកាន់តែល្អប្រសើរបន្ថែមទៀត។

​ជាមួយគ្នានេះ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ជឿជាក់ថា ការលើកទឹកចិត្តបន្ថែមលើការអនុគ្រោះពន្ធសម្រាប់អចលនទ្រព្យ ដែលជាគម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុនឹងជួយជំរុញដល់ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ បន្ថែមទៀត ខណៈមកទល់ពេលនេះគម្រោងអគារជាប់គាំងជាង១០០គម្រោងហើយបានចាប់ផ្ដើមមានសកម្មភាពឡើងវិញ​។

​ដោយឡែក លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា សង្កេតឃើញថា គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមកបានជួយដោះស្រាយបញ្ហាអគារជាប់គាំងមួយចំនួននៅក្នុងខេត្តព្រះសីហនុ។ យ៉ាងណាមិញ ការបន្ដលើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលនទ្រព្យរហូតដល់ឆ្នាំ២០២៨ នឹងចូលរួមធ្វើឱ្យម្ចាស់អគារនានា កាន់តែធូរស្រាលជាងមុន ហើយអាជីវកម្មនានា ក៏នឹងមានភាពប្រសើរផងដែរ។

​គួរបញ្ជាក់ថា គិតត្រឹមខែមីនាឆ្នាំ២០២៥ កន្លងទៅ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានពិនិត្យផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន១៦៥គម្រោង ដែលមានទុនវិនិយោគសរុបជាង២ពាន់ដុល្លារអាម៉េរិក ក្នុងនោះគម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន៥២%, គម្រោងថ្មីចំនួន៣៧%, ការពង្រីកគម្រោងចំនួន៩% និងគម្រោងមានស្រាប់ចំនួន២%។

បើតាមក្រសួងសេដ្ឋកិច្ច ការផ្តល់ជូនការលើកលែងពន្ធនេះមានវិសាលភាព គ្របដណ្តប់ចំពោះគម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិត ឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ “កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។ ទន្ទឹមនឹងនេះ ចំពោះគម្រោងអគារជាប់គាំង ដែលមិនទាន់ទទួល បានការសម្រួលនិងលើកទឹកចិត្តផ្សេងៗទៀត រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ តាមរយៈ “កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួលនិងការលើកទឹកចិត្តផ្សេងៗទៀតក្រៅពីការលើកលែង ពន្ធលើអចលនទ្រព្យនេះដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនសម្លៀកបំពាក់ដ៏ល្បីល្បាញ H&M គ្រោងជះលុយ១ពាន់លានដុល្លារសាងសង់រោងចក្រនៅវៀតណាម

ម៉ាកយីហោសម្លៀកបំពាក់ដ៏ល្បីល្បាញ លំដាប់ពិភពលោក H&M ដែលមានហាងរហូតដល់ទៅជាង៤,៣០០ទីតាំង ក្នុងប្រទេសជាច្រើន គ្រោងបោះទុនវិនិយោគក្នុងទំហំរហូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ