តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម

ក្រសួងការបរទេស សម្តែងការសោកស្ដាយចំពោះការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក លើលោកអ្នកឧកញ៉ា លី យ៉ុងផាត់


តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សំដៅលើធុរជនកម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និង ក្រុមហ៊ុន LY.P. Group Co., Ltd ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត។
ក្រសួងការបរទេស
ដោយ

ក្រសួងការបរទេស បានបញ្ជាក់ថា វិធានការដែលត្រូវបានធ្វើឡើងដោយផ្អែកលើរបាយការណ៍ដែលមិនមានមូលដ្ឋានច្បាស់លាស់ស្ដីពីពលកម្មដោយបង្ខំក្នុងសកម្មភាពឆបោកតាមអនឡាញនេះ មានចេតនានយោបាយ និងផ្ទុយទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយ ឯកឧត្តម ឡយ ជេ អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា កាលពីខែមិថុនាកន្លងទៅ។

តាមការបញ្ជាក់របស់ក្រសួងការបរទេស តួនាទីរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ តាមរយៈក្រុមហ៊ុន LY.P Group ការចូលរួមចំណែករបស់លោកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ បានផ្ដល់ផលជាវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើនពាន់នាក់។ ការពឹងផ្អែករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទៅលើរបាយការណ៍ការជួញដូរមនុស្សយកធ្វើជាមូលដ្ឋាននៃសកម្មភាពទាំងនោះពិតជាគួរឱ្យសោកស្តាយ និងនាំឱ្យមានការយល់ខុស។ ម្យ៉ាងទៀត របាយការណ៍នេះមិនបានផ្តល់នូវរូបភាពដែលមានតុល្យភាព និងសុក្រឹតអំពីការប្ដេជាចិត្តដ៏មុតមាំរបស់កម្ពុជាលើការគោរពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងពលកម្មដោយបង្ខំ។

ក្រសួងការបរទេស បានគូសបញ្ជាក់ថា កម្ពុជាបានសម្រេចនូវវឌ្ឍនភាពសំខាន់ៗជាច្រើនក្នុងការដោះស្រាយបញ្ហាទាំងនេះ ដោយសហការជាមួយដៃគូអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ។ វិធានការបុរេសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋឆ្លងដែនដែលមានលក្ខណៈស្មុគស្មាញ បានបង្ហាញពីការប្តេជ្ញាចិត្តដាច់ខាតក្នុងការលើកកម្ពស់ភាពថ្លៃថ្នូរបស់មនុស្សជាតិ និងគោលការណ៍នីតិរដ្ឋ។ ការអះអាងថាកម្ពុជាមិនបានយកចិត្តទុកដាក់ ឬព្រងើយកន្តើយក្នុងការអនុវត្តច្បាប់ ការយល់ខុសយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានារបស់កម្ពុជា ក្នុងការដោះស្រាយការប្រឈមឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគ្រស្មាញនេះ។

ទន្ទឹមនេះ កម្ពុជានៅតែបើកចំហដល់កិច្ចសហប្រតិបត្តិការ និងប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយដៃគូអន្តរជាតិនានា រួមទាំងសហរដ្ឋអាមេរិកផង ក្នុងការដោះស្រាយការប្រឈមជាសកលនេះ។ ទោះជាយ៉ាងណា កម្ពុជាទទូចថា កិច្ចខិតខំប្រឹងប្រែងបែបនេះត្រូវឈរលើមូលដ្ឋាននៃកិច្ចសន្ទនាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ការគោរពអធិបតេយ្យភាព និងស្មារតីភាពជាដៃគូពិតប្រាកដ។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មជាឯកតោភាគីនេះជាការមិនគោរពច្បាប់អន្តរជាតិ និងបទដ្ឋានគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ជាពិសេសគោលការណ៍សមភាពអធិបតេយ្យ និងការមិនជ្រៀតជ្រែកគ្នាទៅវិញទៅមក៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនធំៗចំនួន៣ មានគម្រោងចង់បើករោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា

ក្រុមហ៊ុនធំៗចំនួន៣ បានបង្ហាញពីបំណងចង់វិនិយោគលើការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ដែលកំពុងបោះជំហានឈានទៅរកភាពរីកចម្រ…

ព្យុះទីហ្វុងដ៏កំណាចធ្វើឱ្យបណ្ដាក្រុមហ៊ុនធានារ៉ាប់រងនៅវៀតណាមធ្ងន់ក ប្រឈមនឹងការសងសំណងរហូតដល់ទៅរាប់រយលានដុល្លារអាម៉េរិក

ព្យុះទីហ្វុងដ៏កំណាច Yagi បានធ្វើឱ្យបណ្ដាក្រុមហ៊ុនធានារ៉ាប់រងនៅវៀតណាមកំពុងធ្ងន់កហើយពេលនេះ ដោយប្រឈមនឹងការទូទាត់សងសំណងរហូតដល់ទៅរាប់រយលា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ