យោងតាមនាយកដ្ឋានព័ត៌មានរដ្ឋសភា សេចក្តីព្រាងច្បាប់ដែលមាន៥ជំពូក និង ១២មាត្រានេះ គឺសម្រាប់ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅពេលដែលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ រួមមាន គ្រោះថ្នាក់ដែលបង្កឡើងដោយសង្រ្គាម ឬការឈ្លានពានពីកម្លំាងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ។
ច្បាប់នេះគឺមានការហាមឃាត់មួយចំនួន រួមមាន ការកម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ ហាមឃាត់ ឬ កម្រិតសិទ្ធិសេរីភាពក្នុងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ហាមឃាត់ ឬ កម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរ។
ច្បាប់នេះក៏មានវិធានការទាក់ទងនឹងកំណែន និងជម្លៀសពលរដ្ឋ ដើម្បីឆ្លើយតបចំពោះភាពអាសន្ននិងការឃ្លាំមើលនិងតាមដានគ្រប់មធ្យោបាយដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព ក្នុងគោលបំណងឆ្លើយតបចំពោះភាពអាសន្ន។
ច្បាប់នេះក៏ហាមឃាត់ ឬកម្រិតការចែកចាយ ឬការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានការភ័យខ្លាចដល់សាធារណជន ឬចលាចល ឬ ដែលនាំឱ្យខូចខាតដល់សន្តិសុខជាតិ ឬ ធ្វើឱ្យមានការភាន់ច្រឡំអំពីស្ថានភាពនៃភាពអាសន្ន។
ច្បាប់នេះចែងថា ការដាក់ប្រទេសស្ថិតក្នុងភាពអាសន្ន អាចត្រូវបានដាក់ចេញសម្រាប់ទូទាំងប្រទេស ឬដែនដីកំណត់ជាក់លាក់ណាមួយហើយបើក្នុងពេលសង្គ្រាម ឬ ក្នុងកាលៈទេសដទៃទៀត ដែលសន្តិសុខជាតិប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នអាចធ្វើឡើងតាមរបបអាជ្ញាសឹក។ ចេតនារារាំង ឬ បង្កឧបសគ្គដល់កិច្ចប្រតិបត្តិការភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ទៅ ៥ឆ្នាំ ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើអំពើនេះនាំឱ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ។
ការមិនគោរពដោយចេតនានូវវិធានការដាក់ចេញដោយរដ្ឋាភិបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ បើអំពើនេះនាំឱ្យមានចលាចលជាសាធារណៈ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការលើកលែងទោសអន្តរជាតិ និយាយថា ច្បាប់នេះមានភាពទូលំទូលាយ និងមិនច្បាស់លាស់លើចំណុចខ្លះ ដែលអាចរំលោភលើសិទ្ធិជាមូលដ្ឋាន ហើយអាចត្រូវបានប្រើខុស ប្រឆាំងនឹងការរិះគន់៕