ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា ក៏មិនទាន់ទទួលបានដំណឹងពីការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋនេះដែរ គ្រាន់តែដឹងថា គម្រោងនេះកំពុងស្ថិតក្នុងដំណើរការ។
ឯកឧត្តម នុប សុធនវិចិត្រ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ប្រាប់ខេមបូណូមីសថា គម្រោងបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋតម្លៃ៣០០លានដុល្លារ ដែលគ្រោងធ្វើនៅខែមិថុនា នេះ អាចនឹងមានការពន្យារពេលបន្តិចបន្តួច។ ទោះយ៉ាងណា កឧត្តមអះអាងថា ការបោះផ្សាយលក់មូលបត្ររដ្ឋនៅតែបន្តដំណើរការ និងអាចបោះផ្សាយលក់នៅក្នុងឆ្នាំ២០២២។
បើតាមការគូសបញ្ជាក់របស់ ឯកឧត្តម មានកត្តាសត្យានុម័តពីរយ៉ាង ដែលធ្វើឲ្យគម្រោងបោះផ្សាយលក់មូលបត្ររដ្ឋអាចមានភាពយឺតយ៉ាវ។ កត្តាទាំងនេះរួមមានវិនិយោគិនរបស់ស្ថាប័នសក្តានុពលមិនទាន់រួចរាល់ក្នុងការចូលរួមក្នុងទីផ្សារ និងនៅមានបញ្ហាកិច្ចការបច្ចេកទេសចាំបាច់មួយចំនួន ដែលត្រូវដោះស្រាយឲ្យបានរួចរាល់មុនការបោះផ្សាយ។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ហុស សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា មកទល់ពេលនេះឯកឧត្តមមិនទាន់ទទួលបានព័ត៌មានជាក់លាក់ពីការចូលរួមបោះផ្សាយលក់មូលបត្ររដ្ឋនៅពេលណានោះទេ។ ទោះយ៉ាងណា ឯកឧត្តមអះអាងថា ការរៀបចំបោះផ្សាយកំពុងដំណើរទៅមុខយ៉ាងរលូន បន្ទាប់រដ្ឋបានសិក្សាពីសក្តានុពលនៃទីផ្សារ។
មូលបត្របំណុលរបស់រដ្ឋដែលមានតម្លៃប្រមាណ៣០០លានដុល្លារនឹងបោះផ្សាយលក់ក្នុងមួយបណ្ណតម្លៃ១លានរៀលជាមួយអត្រាគូប៉ុងថេរ ដោយការគិតគូប៉ុង ឬការប្រាក់ធ្វើឡើងរៀងរាល់៦ខែម្តង។ ចំណែកការទូទាត់ប្រាក់ដើមធ្វើឡើងនៅចុងឥណប្រតិទាន ដែលមានរយៈពេល៣ឆ្នាំ។ គោលបំណងនៃការបោះផ្សាយលក់មូលបត្របំណុលនេះ គឺដើម្បីបង្កើតប្រភពហិរញ្ញប្បទានក្នុងការកៀរគរទុនរបស់រដ្ឋ ដែលកំពុងមានតម្រូវការសម្រាប់ប្រើប្រាស់ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ-១៩៕