Advertisement
ផ្សារទំនើប-​វិស័យ​លក់រាយ

អ្នក​ជំនាញ​អចលនទ្រព្យ៖ ការ​ផ្គត់ផ្គង់​កន្លែង​លក់​ទំនិញ​រាយ​ក្នុង​ផ្សារ​ទំនើប​កើន​ឡើង​ទ្វេ​ដង


អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ បាន​ឲ្យ​ដឹង​ថា ការ​ផ្គត់ផ្គង់​ទីតាំង​សម្រាប់​អាជីវកម្ម​បើក​ហាង​លក់​ទំនិញ​រាយ​នៅ​ក្នុង​អគារ​ផ្សារ​ទំនើប នៅ​ចុង​ឆ្នាំ​២០១៨​នេះ នឹង​កើន​ឡើង​ទ្វេ​ដង ខណៈ​បច្ចុប្បន្ន ទំហំ​នៃ​ការ​ផ្គត់ផ្គង់​ទីតាំង​មាន​រហូត​ដល់​ទៅ​ជាង ៣៧​ម៉ឺន​ម៉ែត្រ​ការ៉េ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ទាំង​មូល។
អគារ​ស្កឹម​ស្កៃ​ The Bridge បង្អួត​រាង​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។
ដោយ
Advertisement

យ៉ាង​ណាក៏​ដោយ អ្នក​ជំនាញ​បាន​អះអាង​ថា ចំនួន​នេះ​នៅ​តិចតួច​នៅ​ឡើយ​ទេ ដោយ​មិនទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​កំណើន​តម្រូវការ​ពី​សំណាក់​អាជីវករ ពាណិជ្ជករ និង​ប្រជា​ពលរដ្ឋ​ទូទៅ ខណៈ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ជុំវិញ ៧% និង​ចំនួន​ប្រជាជន​កាន់​តែ​កើន​ឡើង​ខ្លាំង ជាពិសេស នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

គិត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ចំនួន​ផ្សារ​ទំនើប​បែប​បស្ចិម​ប្រទេស​នៅ​កម្ពុជា មាន​ប្រមាណ ១៣​ផ្សារ​ទំនើប ស្មើ​នឹង​ជាង ៣៧​ម៉ឺន​ម៉ែត្រ​ការ៉េ។ ចំនួន​នេះ រាប់​ទាំង​រាជ​ធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត ហើយ​ខេត្ត​ដែល​ទើប​រីក​ចម្រើន​ខ្លាំង​នូវ​ផ្សារ​ទំនើប គឺ​ខេត្ត​សៀមរាប និង​បន្ត​ទៀត រីករាល​ដាល​ទៅ​ដល់​ខេត្ត​ព្រះសីហនុ។

ជុំវិញ​នឹង​ការ​វិនិយោគ​ផ្សារ​ទំនើប​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៅ​កម្ពុជា​នេះ​ដែរ លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និង​ជា អគ្គនាយក​ក្រុមហ៊ុន អចលន​ទ្រព្យ ស៊ី ភី អិល បាន​គូស​បញ្ជាក់​ថា ការ​បង្កើត​ផ្សារ​ទំនើប​ដ៏​ច្រើន​បែប​នេះ គឺ​ជា​ពេល​វេលា​សមស្រប និង​ជា​ការ​គ្រោង​ទុក​របស់​អ្នក​វិនិយោគ សម្រាប់​ត្រៀម​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ប្រជាជន និង ការ​អភិវឌ្ឍ​ទីក្រុង និង​ប្រទេស​ជាតិ​ទាំង​មូល​ផងដែរ។

លោក​ឧកញ៉ា ចេង ខេង បាន​បន្ត​ថា រាល់​គម្រោង​នៃ​ការ​បង្កើត​ផ្សារ​ទំនើប​ទាំង​អស់ មិន​ថា​តែ​ស្ថិត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ឬ​តាម​បណ្តា​ខេត្ត​នានា​ទេ គឺ​ពិត​ណាស់​នឹង​ធ្វើ​ឲ្យ​តម្លៃ​ដី​ធ្លី​នៅ​តំបន់​នោះ ឡើង​ថ្លៃ​ជាង​តំបន់​មិន​មាន​ការ​អភិវឌ្ឍ។

អ្នកនាង ពៅ ធីតា ប្រធាន​ផ្នែក​ទីផ្សារ​លក់​រាយ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ CBRE បាន​ឲ្យ​ដឹង​ថា និន្នាការ​បង្កើត​ផ្សារ​ទំនើប​នៅ​កម្ពុជា​បន្ត​កើន​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ជាក់ស្តែង​ នៅ​ចុង​ឆ្នាំ​នេះ​ដែរ មាន​ផ្សារ​ទំនើប​ថ្មី​មួយ​ទៀត​ដែល​វិនិយោគ​ដោយ​ចិន​តៃវ៉ាន់ នឹង​បើក​ឲ្យ​ដំណើរការ​ដែរ ដែល​នេះ​គឺ​ជា​កំណើន​មួយ​ដ៏​ល្អ​សម្រាប់​ពាណិជ្ជករ និង​ប្រជាពលរដ្ឋ ដែល​នឹង​ទទួល​បាន​ឱកាស​វិនិយោគ​និង​ការ​កម្សាន្ត។

បើ​តាម​អ្នក​នាង ពៅ ធីតា ការ​រាំង​ស្ទះ​កន្លង​មក​នៃ​គម្រោង​ផ្សារ​ទំនើប​មួយ​ចំនួន​ដែល​មិន​អាច​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ទាន់​ពេល​វេលា​បាន គឺ​មិនមែន​មក​ពី​កត្តា​នៃ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ទីផ្សារ​នោះ​ឡើយ ប៉ុន្តែ បញ្ហា​ចម្បង​ជា​សំខាន់ គឺ​បញ្ហា​ផ្ទៃ​ក្នុង​នៃ​គម្រោង​អាជីវកម្ម​ផ្សារ​ទំនើប​តែ​ប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


នៅ​វៀតណាម គេ​ស្នើ​ឲ្យ​ច្របាច់​ខេត្តក្រុង​​ខ្លះ​បញ្ចូល​គ្នា​ដើម្បីកាត់​បន្ថយ​ចំនួន​មន្ត្រីរាជការ

ព័ត៌មាន
ថ្មីៗ​នេះ នៅ​ក្នុង​កិច្ច​ពិភាក្សា​នៃ​សម័យ​ប្រជុំ​រដ្ឋសភា តំណាង​រាស្ត្រ​វៀតណាម​ខ្លះ បាន​ស្នើ​ឲ្យ​មាន​ការ​ច្របាច់​ខេត្ត​ក្រុង​ខ្លះ​បញ្ចូល​គ្ន...

ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​រអិល​ធ្លាក់​ចុះ ខណៈ​ការ​ទិញ​លក់​ដី​ធ្លី​នៅ​តែ​មមាញឹក

ព័ត៌មាន
បើ​ទោះ​បី​ជា​ការ​ចាក់​បញ្ចូល​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ក្នុង​រយៈពេល​បី​ត្រីមាស​ឆ្នាំ​នេះ មាន​ការ​រអិល​ដាំដូង​ចុះ​យ៉ាង​ណា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ