ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថល

រដ្ឋចាប់ដៃជាមួយឯកជនបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថល ដើម្បីលើកកម្ពស់គុណភាពផ្សព្វផ្សាយ


រាជរដ្ឋាភិបាលកម្ពុជាតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ដែលជាប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតសម្រាប់វិស័យសោតទស្សន៍ និងផ្សព្វផ្សាយរបស់កម្ពុជា។ គោលបំណងនៃបោះទុនរួមគ្នារវាងវិស័យឯកជន និងរដ្ឋនេះ គឺដើម្បីលើកកម្ពស់គុណភាពការផ្សព្វផ្សាយព័ត៌មាន និងរឿងរ៉ាវផ្សេងៗ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យឌីជីថលសកល។
ពិធីចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុនរវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក
ដោយ

ការឈានទៅបិទការផ្សាយរបស់ទូរទស្សន៍តាមប្រព័ន្ធអាណាឡូកនៅឆ្នាំ២០២៥ ដើម្បីទុកប្រេកង់ឲ្យរាជរដ្ឋាភិបាលប្រើប្រាស់ ក៏ស្ថិតក្នុងគោលបំណងនៃការបង្កើតនេះផងដែរ។ ថ្នាលទូរទស្សន៍ឌីជីថលនឹងដាក់ឲ្យប្រើប្រាស់នៅអំឡុងឆ្នាំ២០២៣ ខាងមុខនេះ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួមជាមួយក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ដែលជាការចាប់ដៃរួមគ្នារវាងក្រុ​មហ៊ុនទូរទស្សន៍បាយ័នរបស់លោកជំទាវ ហ៊ុន ម៉ាណា, ក្រុមហ៊ុនទូរទស្សន៍ហង្សមាសរបស់លោកឧកញ៉ា អ៊ឹង ឆៃងួន និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុមរបស់អ្នកឧកញ៉ា គិត ម៉េង បានចុះកិច្ចព្រមព្រៀងរួមគ្នាបង្កើតក្រុមហ៊ុ​នថ្នាលទូរទស្សន៍កម្ពុជា ដើម្បីលើកកម្ពស់គុណភាពវិស័យសោតទស្សន៍ និងផ្សព្វផ្សាយនៅកម្ពុជា។

ការបោះទុនរួមគ្នារវាងរដ្ឋ​ និងឯកជនដែរ ក៏ដើម្បីជំរុញឲ្យកម្ពុជាឈានទៅសម្រេចឲ្យបានតាមផែ​នការរបស់សហភាពទូរគមនាគមន៍អន្តរជាតិ(ITU)និងស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំណត់យកឆ្នាំ២០២៣ជាឆ្នាំដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា និងបិទការផ្សាយរបស់ទូរទស្សន៍តាមប្រព័ន្ធអាណាឡូកនៅដំណាច់ឆ្នាំ២០២៥។


ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ដែលជាក្រុមហ៊ុនចម្រុះរវាងរដ្ឋនិងឯកជនថ្មី​នេះ នឹងផ្តល់ជូននូវសេវាថ្នាលទូរទស្សន៍ឌីជីថលផ្សាយតាមប្រព័ន្ធ DVB-T2 ដែលមានប៉ុស្តិ៍ច្រើនប្រភេទសម្បូរបែប សំដៅលើកស្ទួយវិស័យព័ត៌មាន អប់រំ ចំណេះដឹង សិល្បៈកម្សាន្ត កីឡា និងទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាពសុខដុមរមនាដល់ក្រុមគ្រួសារកម្ពុជា។

លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប បានមានប្រសាសន៍ថា៖«ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការសហការគ្នាបង្កើតថ្នាលទូរទស្សន៍ឌីជីថលកម្ពុជានេះ ហើយក៏ជាផ្នែកមួយផងដែរ ក្នុងការគាំទ្រវិស័យផ្សព្វផ្សាយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ក្រោមម្លប់សន្តិភាព និងស្ថេរភាពនយោបាយ»។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា​៖«យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានទទួលការទុកចិត្តពីរាជរដ្ឋាភិបាលក្នុងការចាប់ដៃគូសហការគ្នាដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជានេះ និងមានមោទនភាពដែលបានចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុង  វិស័យសោតទស្សន៍ និងផ្សព្វផ្សាយ ឲ្យទៅជាប្រព័ន្ធឌីជីថលពេញលេញ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចឲ្យបានសេដ្ឋកិច្ច សង្គមឌីជីថលកម្ពុជាស្របតាមគន្លងឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤»។

ដោយឡែក លោកឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប ក៏បានលើកឡើងផងដែរថា “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជានេះ នឹងនាំមកនូវទស្សនីយភាពនិងស្តង់ដាថ្មីស្រឡាងមួយទៀតដែលមានកម្រិតផ្សាយ គុណភាពខ្ពស់ ច្បាស់ត្រជាក់ភ្នែក កម្រិត UHD 4K ។ ទូរទស្សន៍ឌីជីថលនេះជាថ្នាលប្រមូលផ្តុំនៃកម្មវិធីសិល្បៈ កម្មវិធីកម្សាន្ត កម្មវិធីព័ត៌មាន ភាពយន្ត តន្រ្តី និង ទស្សនីយភាពដ៏សម្បូរបែបជាច្រើនទៀត ដែលធានានូវការផ្តល់ជូនចំណីចក្ខុដ៏រីករាយជូនទស្សនិកជនទូទាំងប្រទេស ក្នុងកន្លែងតែមួយ “One-Stop Media Services”  ។

នេះជាភាពរីកចម្រើនមួយដ៏ធំក្នុងវិស័យសោតទស្សន៍និងផ្សព្វផ្សាយស្របតាមគោលនយោ​បាយ​រដ្ឋាភិបាលសម្រាប់សង្គមឌីជីថលកម្ពុជា ឲ្យដើរស្របតាមគន្លងឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤ ដូច្នេះការផ្លាស់ប្តូររូបរាងថ្មី និងបទពិសោធន៍នៃការកម្សាន្តនេះ ធ្វើឲ្យប្រទេសកម្ពុជាអាចដើរតាមបច្ចេកវិទ្យាឈានមុខទន្ទឹមនឹងឆាកអន្តរជាតិដោយទស្សនិកជនអាចទស្សនារាល់ទស្សនីយភាពដែលផលិតឡើងមានគុណភាពស្តង់ដាខ្ពស់ច្បាស់ត្រជាក់ភ្នែកពីគេហដ្ឋាន ឬមើលតាមទូរស័ព្ទដៃគ្រប់ពេលវេលា គ្រប់ទីកន្លែង នៅលើថ្នាលតែមួយ។ នេះក៏ជាការលើកទឹកចិត្តដល់ផលិតករឲ្យផលិតនូវទស្សនីយភាពមានគុណភាពខ្ពស់បន្តទៀត ដែលមានថ្នាលអាចបង្ហាញស្នាដៃរបស់ខ្លួនទៅកាន់ពិភពលោក។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍ ព័ត៌មាន អប់រំ ចំណេះដឹង និងសិល្បៈកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ផ្អែកលើបទពិសោធន៍ ជំនាញ និងធនធានមនុស្ស ក្រុមហ៊ុនយើងមានជំនឿយ៉ាងមុតមាំថានឹងអភិវឌ្ឍឧស្សាហកម្មសោតទស្សន៍និងផ្សព្វផ្សាយឲ្យទទួលបានជោគជ័យ៕ 

អត្ថបទ សោម ស្រីពេជ្រ

None



អត្ថបទបន្ទាប់


តើលោកអ្នកត្រៀមខ្លួនទទួលយក PayBand របស់អេស៊ីលីដាហើយឬនៅ?

ធនាគារអេស៊ីលីដា ដែលជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា បានដាក់ឲ្យប្រើប្រាស់នូវឧបករណ៍សម្រាប់ទូទាត់ដ៏ថ្មីសន្លាង និងទំនើបទាន់សម័យមួយទៀត…

ពិធីសំណេះសំណាល​បុគ្គលិក កម្មករ កម្មការិនី ដែល​កំពុង​បំពេញ​ការងារ​ក្នុង​ការដ្ឋាន​និង​ត្រួត​ពិនិត្យ​គុណភាព​សំណង់​បុរី មេគង្គលែន

នារសៀល​ថ្ងៃ​ទី១៨ ខែ មីនា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះសំណេះសំណាល សួរសុខទុក្ខបុគ្គលិក កម្មករ-ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ