កម្ពុជា-ទីម័រខាងកើត ចុះហត្ថលេខាលើឯកសារទ្វេភាគីចំនួន២

កម្ពុជា-ទីម័រខាងកើត ចុះហត្ថលេខាលើឯកសារទ្វេភាគីចំនួន២ លើការជំរុញវិស័យអាកាសចរណ៍ និងពាណិជ្ជកម្មស្រូវ ជាមួយគ្នា


តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស្តេ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពី ថ្ងៃទី ១៩-២១ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស្តេ

អំឡុងនៃដំណើរបំពេញទស្សនៈកិច្ចរយៈពេល ៣ថ្ងៃនេះ ប្រធានាធិបតីទីម័រឡេស្តេ និងនាយករដ្ឋមន្រ្តនៃកម្ពុជា នឹងចូលរួមជាអធិបតីចុះហត្ថលេខាលើឯកសារទ្វេភាគីសំខាន់ចំនួន២ លើការជំរុញវិស័យអាកាសចរណ៍ និងពាណិជ្ជកម្មស្រូវ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញមកដល់រាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល ៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏មានសារសំខាន់ចំនួនពីរ រួមមាន កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរ។

ក្រៅពីអញ្ជើញជាអធិបតីក្នុងពិធីចុះអុស្សរណៈនៃការយោគយល់លើឯកសារខាងលើ ប្រធានាធិបតីទីម័រខាងកើត នឹងចូលក្រាបបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង។ បន្ទាប់មក ឯកឧត្តមប្រធានាធិបតី ក៏នឹងមានជំនួបដោយឡែកពីគ្នាជាមួយ ថ្នាក់ដឹកនាំកំពូលៗ របស់កម្ពុជា ដូចជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា មកកាន់កម្ពុជា នាពេលនេះ នឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនកូរ៉េធំមួយគ្រោងបើកសកលវិទ្យាល័យផ្ដោតលើវិស័យពន្ធដារ និង Fintech នៅកម្ពុជា

ព័ត៌មាន
ប្រធានក្រុមហ៊ុន ប៊ូ យ៉ុង គ្រុបរបស់ប្រទេសកូរ៉េខាងត្បូង បានអះអាងនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី ១៨ ខែតុល…

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ

ព័ត៌មាន
អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដែលជាក្រុមហ៊ុនមូលបត្រឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រកាសនៅថ្ងៃទី ១៨ខែតុលាថា ក្រុមហ៊ុននេះបានអភិវឌ្ឍ និង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ