លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានចាត់ទុកទង្វើរបស់ក្រុមមន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថខេត្តកំពត ដែលបានគប់គិតគ្នាចូលលួចសម្ភារៈវត្ថុតាង នៃការបង្ក្រាប Scam Online នៅកាស៊ីណូមួយកន្លែង នៅព្រែកចាកនេះថា ជាទង្វើបំពានយ៉ាងធ្ងន់ធ្ងរលើកាតព្វកិច្ច និងវិន័យកងកម្លាំង ព្រមទាំងប្រាសចាកទាំងស្រុងពីក្រមសីលធម៌វិជ្ជាជីវៈ។ បើតាមអ្នកជំនាញរូបនេះ មន្ត្រីនគរបាល និងអាវុធហត្ថ គឺជារនាំង និងជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ប៉ុន្តែនៅពេលដែលពួកគេបែរជាមកប្រព្រឹត្តទង្វើខុសច្បាប់ដោយគ្មានការទទួលខុសត្រូវបែបនេះ វាបានបំផ្លាញកិត្តិយស និងតម្លៃរបស់ស្ថាប័នជាតិយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ស្នើឱ្យថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវតែចាត់វិធានការកាត់សាច់ស្អុយទាំងនេះចោលដោយម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង ដើម្បីជាការព្រមានទៅដល់មន្ត្រីខិលខូចដទៃទៀត។
ជាមួយគ្នានេះ លោក ឱក សេរី សោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អបានវាយតម្លៃថា ទង្វើរបស់ក្រុមមន្រ្តីនគរបាល និងអាវុធហត្ថខេត្តកំពត ដែលចូលលួចវត្ថុតាងទាំងនេះ ទំនងជាកើតចេញពីការចង់លុបបំបាត់ភស្តុតាង ដែលពាក់ព័ន្ធក្នុងបទឧក្រិដ្ឋ Scam Online ច្រើនជាងការចង់បានរបស់ទ្រព្យទាំងនោះ។ អ្នកជំនាញរូបនេះបានសន្និដ្ឋានថា ឫសគល់ដែលជំរុញឱ្យពួកគេហ៊ានប្រព្រឹត្តទង្វើជាន់ឈ្លីលើច្បាប់បែបនេះ អាចមានអ្នកមានអំណាចជាខ្នងបង្អែកនៅពីក្រោយចាំជួយជ្រោមជ្រែង។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ដោយសារតែទង្វើប្រាសចាកច្បាប់របស់មន្ត្រីខិលខូចមួយក្តាប់តូចបែបនេះហើយ ទើបធ្វើឱ្យសាធារណជនបាត់បង់ទំនុកចិត្តបន្តិចម្តងៗលើមន្ត្រីអនុវត្តច្បាប់នាពេលកន្លងមក។
ដោយឡែក លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម យល់ឃើញថា ករណីដែលស្នងការដ្ឋាននគរបាលខេត្តកំពត ហ៊ានវះកាត់ចាប់ខ្លួនមន្ត្រីចម្រុះរបស់ខ្លួនរហូតដល់ជាង៣០នាក់បែបនេះ គឺឆ្លុះបញ្ចាំងពីការប្រើប្រាស់កណ្តាប់ដៃដែករបស់រាជរដ្ឋាភិបាលក្នុងការកម្ចាត់មន្ត្រីខិលខូច និងសម្អាតផ្ទះខ្លួនឯង។ ប៉ុន្តែទន្ទឹមនឹងនេះ វាក៏ចៀសមិនផុតពីការធ្វើឱ្យសាធារណជនមានការខកចិត្ត និងបាត់បង់ទំនុកចិត្តទៅលើស្ថាប័នច្បាប់នោះដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានអះអាងថា ស្នងការដ្ឋាននគរបាលខេត្តកំពត ពិតជាបានឃាត់ខ្លួនមន្ត្រីទាំងអស់នោះពិតប្រាកដមែន ប៉ុន្តែមិនទាន់បានផ្សព្វផ្សាយជាសាធារណៈទូលំទូលាយនៅឡើយទេ ដោយសារតែសមត្ថកិច្ចកំពុងតែបន្តនីតិវិធីស៊ើបអង្កេតលើករណីនេះ។ ការចេញមកបញ្ជាក់បែបនេះធ្វើឡើងបន្ទាប់ពីមានប្រភពព័ត៌មានផ្ទៃក្នុងជាច្រើនបានទម្លាយថា មានមន្ត្រីជាន់ខ្ពស់រួមមាន ស្នងការរងនគរបាលខេត្តកំពត ទទួលផែនការងារព្រំដែន អធិការនគរបាល អធិការរង មេបញ្ជាការវរៈការពារព្រំដែន រួមទាំងមន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថសរុបជាង៣០នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីពួកគេបានគប់គិតគ្នាកាត់សោរ ទម្លាយចូលទៅលួចសម្ភារៈបច្ចេកវិទ្យា និងឧបករណ៍ផ្សេងៗ ដែលជាវត្ថុតាងនៅក្នុងកាស៊ីណូ មួយកន្លែងនាទឹកដីតំបន់ព្រែកចាក ដែលជាទីតាំងទើបបង្ក្រាបបទល្មើស Scam Online នាពេលថ្មីៗកន្លងទៅនេះ៕