ការវិនិយោគលើវិស័យប្រេង

ទីភ្នាក់ងារថាមពលអន្តរជាតិ បានព្រមានថា ការវិនិយោគក្នុងវិស័យប្រេងនឹងធ្លាក់ចុះ៣ឆ្នាំជាប់​ៗគ្នាដោយសារសង្គ្រាម


​​ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានវាយតម្លៃថា ការវិនិយោគលើវិស័យប្រេងសកលនឹងបន្តធ្លាក់ចុះ៣ឆ្នាំជាប់ៗគ្នា ដោយសារតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ា។ កត្តានេះបានបង្ខំឱ្យតម្រូវការថាមពលសកលចាប់ផ្តើមងាកទៅរកច្រកពាណិជ្ជកម្មថ្មីៗ និងប្រភពថាមពលជំនួសផ្សេងទៀត ដើម្បីចៀសវាងហានិភ័យ ដែលបង្កឡើងដោយសារសង្គ្រាម។
ការវិនិយោគលើវិស័យប្រេង
ដោយ

យោងតាមរបាយការណ៍ ស្តីពី«ការវិនិយោគលើវិស័យប្រេង និងថាមពលសកលប្រចាំឆ្នាំ» របស់ទីភ្នាក់ងារថាមពលអន្តរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ថា ស្របពេលដែលតម្លៃប្រេងហក់ឡើងខ្ពស់ ការចំណាយលើគម្រោងអភិវឌ្ឍន៍ប្រេងសកលនឹងធ្លាក់ចុះមកនៅក្រោម៥០០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៦ នេះ។
ភាពចលាចលនៅក្នុងទីផ្សារប្រេងសកល ដែលបានផ្ទុះឡើងចាប់តាំងពីមានជម្លោះរវាងអាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ រហូតឈានដល់ការបិទខ្ទប់ច្រកសមុទ្រ ហ័រម៉ូស នោះ បានក្លាយជាចំណុចរបត់ដ៏សំខាន់សម្រាប់វិស័យថាមពលសកល។ ការជាប់គាំងនៃច្រកផ្លូវទឹកយុទ្ធសាស្ត្រនេះ បានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់កប់ពពក និងបង្កឱ្យមានការខ្វះខាតការផ្គត់ផ្គង់នៅតាមតំបន់ជាច្រើនជុំវិញពិភពលោក ដែលបង្ខំឱ្យក្រុមហ៊ុនប្រេងយក្សៗ និងប្រទេសនានា ត្រូវរៀបចំយុទ្ធសាស្ត្រវិនិយោគលើវិស័យថាមពលរបស់ខ្លួនឡើងវិញជាបន្ទាន់។
លោក ហ្វាទី ប៊ីរ៉ូល (Fatih Birol) នាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិ បានលើកឡើងថា ភ្នាក់ងារថាមពលអន្តរជាតិ កំពុងប្រឈមនឹងវិបត្តិសន្តិសុខថាមពលដ៏ធ្ងន់ធ្ងរបំផុត ដែលពិភពលោកមិនធ្លាប់ជួបប្រទះកន្លងមក ហើយលោកជឿជាក់ថា រឿងនេះនឹងផ្លាស់ប្តូរយុទ្ធសាស្ត្រការវិនិយោគទូទាំងពិភពលោក។ តែយ៉ាងណាអ្នកជំនាញរូបនេះកំពុងមើលឃើញពីកិច្ចខិតខំព្យាយាមដ៏មោះមុតរបស់ប្រទេសអ្នកផលិត និងប្រទេសអ្នកប្រើប្រាស់ក្នុងការធ្វើពិពិធកម្មលើច្រកផ្លូវពាណិជ្ជកម្ម និងប្រភពថាមពលថ្មី។
ថ្មីនេះដែរ លោក ប៊ីរ៉ូល ធ្លាប់បានព្រមានថា ពិភពលោកកំពុងបាត់បង់ប្រេងរហូតដល់ទៅ១៤លានបារ៉ែលក្នុងមួយថ្ងៃ ដោយសារតែឥទ្ធិពលនៃសង្គ្រាម។
សូមជម្រាបថា ការវិនិយោគលើវិស័យថាមពលនឹងកើនឡើងបន្តិចបន្តួចតែប៉ុណ្ណោះក្នុងឆ្នាំ២០២៦ ដែលភាគច្រើននឹងផ្ដោតលើគម្រោងបណ្តាញអគ្គិសនី ការរៀបចំទុកដាក់ថាមពលឥន្ធនៈ ថាមពលនុយក្លេអ៊ែ ថាមពលកកើតឡើង និង ធ្យូងថ្ម៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


វៀតណាម​ កំពុង​លេចធ្លោជាងប្រទេសថៃ ក្នុង​នាមជាមជ្ឈមណ្ឌលផលិតកម្មពិភពលោកដែលកំពុងរះ

ទំនាក់ទំនងសេដ្ឋកិច្ចរវាងថៃ និងវៀតណាម កំពុងផ្លាស់ប្តូរពីកិច្ចសហប្រតិបត្តិការទៅជាការប្រកួតប្រជែងកាន់តែខ្លាំង​ក្លា ដោយវៀតណាម ​កំពុង​លេចធ្លោ…

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន បរិច្ចាគថវិកាជាង ៨ លានរៀល ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា

រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក ដែលជាក្រុមហ៊ុនធានារ៉ាប់រងទូទៅឈានមុខនៅក្នុងប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ