ទីផ្សារភាគហ៊ុន

ការចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅអាស៊ាន ត្រូវបានព្យាករថា នឹងងើបឡើងវិញនៅឆ្នាំ២០២៥


សកម្មភាពចុះបញ្ជីបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) នៅក្នុងឆ្នាំ២០២៤ នៅអាស៊ីអាគ្នេយ៍ ដែលរួមមានសមាជិកអាស៊ានទាំង១០ប្រទេស បូករួមទាំងទីម័រឡេស្តេផងដែរនោះ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ ដោយសារតែកត្តារាំងស្ទះជាចម្បងមួយចំនួនដូចជាអត្រាការប្រាក់ខ្ពស់ ការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តរបស់វិនិយោគិនជាដើម។ ទោះជាយ៉ាងណា ការប្រកាសឡើងផ្សារហ៊ុន ឬ IPO នៅក្នុងតំបន់នេះត្រូវបានអ្នកជំនាញអន្តរជាតិព្យាករថានឹងស្ទុះងើបឡើងវិញនៅឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ។
ទីផ្សារភាគហ៊ុន
ដោយ

អ្នកជំនាញវិភាគផ្សារហ៊ុនអន្តរជាតិ បានព្យាករប្រកបដោយសុទិដ្ឋិនិយមថា ការចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធ ឬបណ្ណបំណុលរបស់ក្រុមហ៊ុននានាជាសាធារណៈលើកដំបូងនៅអាស៊ីអាគ្នេយ៍ អាចនឹងស្ទុះងើបឡើងវិញនៅឆ្នាំ២០២៥ ខាងមុខ នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាប្រកាសឡើងផ្សារហ៊ុនកាន់តែច្រើន និងដោយសារមានការគាំទ្រកាន់តែច្រើនពីបណ្ដាក្រុមហ៊ុនវិនិយោគឯកជន ព្រមទាំងការងាកចេញពីមូលបត្រអាម៉េរិក មកផ្ដោតលើមូលបត្រក្នុងស្រុកវិញផងដែរ។

ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់អាស៊ីអាគ្នេយ៍ ទទួលបានការចាប់អារម្មណ៍ និងការទទួលស្គាល់ទូទាំងពិភពលោកតាមរយៈការចុះបញ្ជីឡើងផ្សារហ៊ុន ឬ ឡើង IPO នៅសហរដ្ឋអាម៉េរិក បន្ទាប់ពីវិបត្តិកូវីដ-១៩ បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាទើបបង្កើតថ្មីតូចៗនៅក្នុងតំបន់នឹងពិចារណាចុះបញ្ជីក្នុងស្រុកកាន់តែច្រើន។

លោកស្រី តាយ វី លីង (Tay Hwee Ling) អ្នកជំនាញទីផ្សារមូលធនអន្តរជាតិ នៅក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិ Deloitte Southeast Asia បានលើកឡើងថា ទោះបីជាការចុះបញ្ជីឡើងផ្សារហ៊ុននៅអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករថា នឹងងើបឡើងវិញនៅឆ្នាំ២០២៥ យ៉ាងណាក្ដី ក៏បញ្ហាប្រឈមនៅតែមាន ជាពិសេសសម្រាប់ក្រុមហ៊ុនតូចៗនៅក្នុងតំបន់។

អ្នកជំនាញរូបនេះ បានកត់សម្គាល់ថា ខណៈពេលដែលធម្មតាក្រុមហ៊ុននានាអាចកៀរគរមូលនិធិបានដោយជោគជ័យនៅគ្រាដំបូង ក្រុមហ៊ុនទាំងនោះនឹងជួបការលំបាកនៅពេលក្រោយដោយសារកង្វះចំណាប់អារម្មណ៍ ឬទំហំនៃការជួញដូរភាគហ៊ុនតូចពេក។ លោកស្រីបានព្យាករថា ទំនោរដែលបណ្ដាក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍ សម្រុកចុះបញ្ជីផ្សារហ៊ុននៅសហរដ្ឋអាម៉េរិក ទំនងជានឹងធ្លាក់ចុះ។

ការផ្លាស់ប្តូរទំនោរ ឬនិន្នាការនេះអាចផ្តល់ឱកាសដល់បណ្ដាទីផ្សារមូលបត្រក្នុងតំបន់ច្រើនជាងមុនក្នុងការជួយអាជីវកម្មនានាកៀរគរដើមទុន ជាពិសេសផ្នែកបច្ចេកវិទ្យាតែម្ដង។ ផ្សារមូលបត្រក្នុងតំបន់ដូចជាផ្សារមូលបត្រ Bursa Malaysia របស់ម៉ាឡេស៊ី ផ្សារមូលបត្រ Stock Exchange of Thailand (SET) របស់ថៃ និងផ្សារមូលបត្រ IDX របស់ឥណ្ឌូនេស៊ី ជាដើមកំពុងប្រឹងប្រែងផ្សព្វផ្សាយថា ខ្លួនជាជម្រើសទីផ្សារវិនិយោគកាន់តែមានសុវត្ថិភាព កាន់តែងាយស្រួល និងកាន់តែផ្ដល់ទំនុកចិត្តដល់បណ្ដាវិនិយោគិនក្នុងស្រុក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អំពើពុករលួយធ្វើឱ្យរដ្ឋាភិបាលឡាវ បាត់ថវិកាអស់ជាង២លានដុល្លារនៅឆ្នាំនេះ

របាយការណ៍សិក្សាស្រាវជ្រាវមួយបានរកឃើញថា រដ្ឋាភិបាលឡាវ បានបាត់ថវិកាអស់ជាង២លានដុល្លារ ដោយសារអំពើពុករលួយ។ តាមរយៈបញ្ហានេះបានធ្វើឱ្យមានការ…

ឥណ្ឌូនេស៊ី ចាប់បង្ខំឱ្យក្រុមហ៊ុនយក្ស Apple បង្កើនការវិនិយោគឱ្យដល់១ពាន់លានដុល្លារបានសម្រេច

ប្រទេសឥណ្ឌូណេស៊ី ដែលជាបងធំនៅអាស៊ាន ទទួលបានជោគជ័យលើការចាប់បង្ខំក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាម៉េរិក ឱ្យបង្កើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ