អាមេរិកចង់បិទកម្មវិធី TikTok

តើកម្មវិធី TikTok នឹងលែងឲ្យប្រើប្រាស់នៅអាមេរិកមែន ឬយ៉ាងណា?


សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Marco Rubio កាលពីថ្ងៃអង្គារ ទី១៤ ខែធ្នូ បានអំពាវនាវឱ្យសមាជិកសភានៃគណបក្សទាំងពីរ គឺគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋដើម្បី រួមគ្នាក្នុងការបង្កើតច្បាប់ហាមឃាត់កម្មវិធី TikTok ដែលជាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមរបស់ចិន ក្រោយសហរដ្ឋអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំងថា កម្មវិធីនេះអាចជាប្រព័ន្ធឈ្លបយកការណ៍លើជនជាតិអាមេរិក និងត្រួតពិនិត្យទិន្នន័យផ្សេងទៀតពីសំណាក់រដ្ឋាភិបាលចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
អាមេរិកចង់បិទកម្មវិធី TikTok ក្នុងប្រទេសដោយខ្លាចពីការបញ្ហាសន្តិសុខជាតិ

ការិយាល័យរបស់លោក ម៉ាកូ រូប៊ីអូ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សភាអាមេរិក នឹងបង្កើតច្បាប់រារាំងរាល់ប្រតិបត្តិការពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយនៅក្នុង ឬស្ថិតនៅក្រោមឥទ្ធិពលនៃប្រទេសចិន និងរុស្ស៊ី។ ច្បាប់នេះ ក៏ត្រូវបានគាំទ្រដោយសមាជិកសភាមកពីបក្សសាធារណរដ្ឋលោក Mike Gallagher និងលោក Raja Krishnamoorthi សមាជិកសភាពមកពីគណបក្សប្រជាធិបតេយ្យផងដែរ។

យ៉ាងណាមិញ អ្នកនាំពាក្យរបស់ក្រុមហ៊ុនមេ TikTok បាននិយាយថា « សមាជិកសភាអាមេរិកមួយចំនួនបានសម្រេចចិត្តជំរុញឱ្យមានការហាមប្រាមដោយឈរលើហេតុផលនយោបាយ ជាជាងលើកទឹកចិត្តឱ្យរដ្ឋបាលអាមេរិកត្រួតពិនិត្យមើលសន្តិសុខជាតិរបស់ខ្លួនឡើងវិញលើប្រព័ន្ធសង្គម TikTok ដែលនោះវានឹងមិនអាចជួយអ្វីដល់សន្តិសុខអាមេរិកនោះទេ»។ បន្ថែមពីនេះ ក្រុមហ៊ុនមេរបស់ Tiktok នឹងបន្តបកស្រាយប្រាប់សមាជិកសភាអាមេរិកអំពីផែនការដែលកំពុងដំណើរការរបស់ខ្លួនដែរ ដើម្បីធានាថាប្រព័ន្ធផ្សព្វផ្សាយនេះមិនមានផលប៉ះពាល់លើសន្តិសុខជាតិងអាមេរិកនោះឡើយ។

គួរជម្រាបថា នៅក្នុងសវនាការកាលពីខែមុន នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក Chris Wray បាននិយាយថា ប្រតិបត្តិការរបស់ TikTok ក្នុងសហរដ្ឋអាមេរិកបានបង្កើនការព្រួយបារម្ភអំពីសន្តិសុខជាតិ និងមានហានិភ័យដែលរដ្ឋាភិបាលចិនអាចប្រើវា ដើម្បីជាឥទ្ធិពលទៅលើអ្នកប្រើប្រាស់ ឬគ្រប់គ្រងឧបករណ៍របស់ប្រជាជនអាមេរិក។

ជាមួយគ្នានេះ រដ្ឋ Alabama និង Utah កាលពីថ្ងៃចន្ទ ទី១២ ក៏បានចូលរួមជាមួយរដ្ឋផ្សេងទៀតរបស់សហរដ្ឋអាមេរិកក្នុងការហាមប្រាមការប្រើប្រាស់កម្មវិធីសង្គម TikTok នៅលើឧបករណ៍រដ្ឋាភិបាលរដ្ឋ និងបណ្តាញកុំព្យូទ័ររបស់ពួកគេដែរ ដោយខ្លាចបញ្ហាសន្តិសុខជាតិ។

កាលឆ្នាំ២០២០ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានព្យាយាមរារាំងអ្នកប្រើប្រាស់ថ្មីពីការទាញយក TikTok និងហាមឃាត់ប្រតិបត្តិការផ្សេងទៀតដែលនឹងទប់ស្កាត់ការប្រើប្រាស់កម្មវិធីនៅក្នុងសហរដ្ឋអាមេរិកយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែរដ្ឋបាលរបស់លោកត្រាំងបានចាញ់ក្តីជាមួយតុលាការនៅទីបំផុត។

គួររំលឹកដែរថា គណៈកម្មាធិការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើការវិនិយោគបរទេស ដែលជាស្ថាប័នសន្តិសុខជាតិដ៏មានឥទ្ធិពលមួយនៅឆ្នាំ២០២០ ក៏បានបញ្ជាឱ្យក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ត្រូវដកកម្មវិធី TikTok ចេញផងដែរ ដោយសារតែការភ័យខ្លាចថា ទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកអាចត្រូវបានបញ្ជូនទៅរដ្ឋាភិបាលកុម្មុយនិស្តចិន។

សូមបញ្ជាក់ថា នៅជាច្រើនខែមកនេះ ក្រុមហ៊ុនមេរបស់ TikTok បានព្យាយាមចរចាជាមួយនឹងអាជ្ញាធរអាមេរិកយ៉ាងខ្លាំងក្នុងគោលបំណងឈានដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងសន្ដិសុខជាតិ ដើម្បីឆ្លើយតបនូវក្ដីបារម្ភរបស់អាមេរិក និងការពារទិន្នន័យអ្នកប្រើប្រាស់ជាង១០០លាននាក់នៅអាមេរិក។ ក៏ប៉ុន្ដែ ដំណើរការចរចាកន្លងមកនេះ ហាក់មិនមានភាពវិជ្ជមាននោះឡើយ៕




អត្ថបទបន្ទាប់


អាមេរិកក្ដោបក្ដាប់ចំណែកទីផ្សារ៤០% នៃការនាំចេញសរុប២០ពាន់លានដុល្លាររបស់កម្ពុជា នៅ១១ខែឆ្នាំនេះ

ព័ត៌មាន
ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅតែសម្រេចបានកំណើនល្អប្រសើរនៅឆ្នាំនេះ បើទោះបីជាស្ថានការណ៍ពិភពលោកស្ថិតក្នុងភាពមិនច្បាស់លា…

ចិនត្រៀមកញ្ចប់លុយ ១៤៤ពាន់លានដុល្លារ ដើម្បីបង្កើនការផលិតឈីបក្នុងស្រុក និងប្រជែងជាមួយអាមេរិក

ព័ត៌មាន
ទីក្រុងប៉េកាំង នឹងបញ្ចេញប្រាក់ឧបត្ថម្ភធន និងការអនុគ្រោះផ្នែកពន្ធមួយចំនួន ដើម្បីជំរុញការស្រាវជ្រាវ និងផលិតឈីបក្នុងប្រទេសរបស់ខ្លួន ជាមួយកញ្ចប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ