គួររំឭកថា បុគ្គលិកប្រមាណជា ៣ពាន់នាក់ បានធ្វើកូដកម្មកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្តាហ៍នេះ ដើម្បីទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារល្អប្រសើរជាងមុន។
ជម្លោះរវាងនិយោជិត និង ណាហ្គាវើល បានចាប់ផ្តើមកាលពីឆ្នាំមុន បន្ទាប់ពីប្រធានសហជីពឈ្មោះ ឈឹម ស៊ីថរ ត្រូវបានគេព្យួរការងារដោយគ្មានថ្ងៃកំណត់ ដោយសារតែបានការពារបុគ្គលិកម្នាក់ទៀត ដែលបានពាក់អាវយឺត ដែលសរសេរថា ក្រុមហ៊ុនរីកចម្រើន កម្មករត្រូវការប្រាក់ឈ្នួលសមរម្យ។
ការផលិតអាវយឺតនេះ នៅពេលនោះ គឺជាផ្នែកមួយនៃយុទ្ធនាការដើម្បីទាមទារឲ្យដំឡើងប្រាក់ឈ្នួល ឱ្យបាន ៣០០ដុល្លារក្នុងមួយខែ សម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ និង ៥០០ដុល្លារ សម្រាប់បុគ្គលិកខាងកាស៊ីណូ។
នាង ឈឹម ស៊ីថរ បាននិយាយតាម whatsapp នៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០ ដូច្នេះថា “លទ្ធផល ម្សិលមិញហ្នឹង គឺតាមពិតទៅ អត់មានការចរចាជាមួយសហជីព ជាមួយនឹងក្រុមហ៊ុនទេ ប៉ុន្តែ ជាការសម្របសម្រួល ដោយអាជ្ញាធរ ពីខាងសាលាក្រុង ពីខាងសាលាខណ្ឌ និងខាងគណ:កម្មការសម្រាប់ដោះស្រាយបាតុកម្ម កូដកម្មគ្រប់មុខសញ្ញា អ៊ីចឹងជាការសម្របសម្រួលមួយ ដែលឈ្នះៗទាំងអស់គ្នា ព្រោះថៅកែ គេចង់ save face របស់គេដែរ គេឱ្យកូដករទាំងអស់ បុគ្គលិកទាំងអស់ ដែលចេញធ្វើកូដកម្ម រួមទាំងខ្ញុំដែរហ្នឹង គឺចូលធ្វើការវិញធម្មតារ នៅថ្ងៃហ្នឹង ហើយជាក់ស្តែង ខ្ញុំបានចូលធ្វើការវិញថ្ងៃហ្នឹង។”
នាង ឈឹម ស៊ីថរ បាននិយាយបន្តថា បុគ្គលិកបានព្រមព្រៀងទទួលការដំឡើងប្រាក់ខែដល់បុគ្គលិករបស់ក្រុមហ៊ុន តាំងពីខែមីនា បើទោះបីជាការដំឡើងនេះមិនទាន់ដល់កម្រិតដែលបុគ្គលិកចង់បានក៏ដោយ។
នាង ឈឹម ស៊ីថរ បាននិយាយដូច្នេះថា “អ៊ីចឹង យើងទទួលយកការដំឡើងហ្នឹងសិន បន្ទាប់មក បន្តចរចា ដោះស្រាយផ្ទៃក្នុង ជាមួយគ្នាទៀត ពាក់ព័ន្ធនឹងរឿងប្រាក់ឈ្នួលហ្នឹង ក៏ដូចជា សំណើបួនផ្សេងទៀតដែរ។”
ណាហ្គាវើល មិនបានឆ្លើយតបសំណើតាមអ៊ីម៉េល ដើម្បីសុំការអត្ថាធិប្បាយនោះទេ នៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០នេះ។
ការហៅទូរស័ព្ទ ទៅលោក ខៀវ សាវុធ អនុប្រធាននាយកដ្ឋានវិវាទការងារ មិនបានទទួលជោគជ័យទេ នៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០នេះ៕