សិស្ស-និស្សិត

អ្នកជំនាញក្រើនរំលឹកឱ្យសិស្សទើបប្រឡងចប់បាក់ឌុបសិក្សាឱ្យបានច្បាស់មុនសម្រេចចិត្តជ្រើសរើសមុខជំនាញ និងសាលាសម្រាប់បន្តការសិក្សា


ក្រោយបញ្ចប់ការប្រឡងបាក់ឌុប យុវជនកម្ពុជាត្រូវបានក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជ្រើសរើសមិត្តភក្តិ គ្រឹះស្ថានសិក្សា និងឱកាសការងារក្លែងក្លាយ ដែលអាចប្រឈមនឹងអំពើឆបោក។ ជាមួយគ្នានេះអ្នកជំនាញក្នុងវិស័យអប់រំលើកទឹកចិត្តឱ្យសិស្ស-និស្សិតជ្រើសរើសមុខជំនាញដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារពិតប្រាកដ ជាពិសេសវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ភាសាបរទេស បច្ចេកវិទ្យាឌីជីថល វិស្វកម្ម ហិរញ្ញវត្ថុ និងជំនាញបច្ចេកទេសវិជ្ជាជីវៈ ដើម្បីបង្កើនឱកាសការងារនៅថ្ងៃអនាគត។
សិស្ស-និស្សិត
ដោយ

លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេខ្យូខេសិន គ្រុប បានគូសបញ្ជាក់ថា បេក្ខជនដែលទើបបញ្ចប់ការប្រឡងបាក់ឌុបត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងដំណាក់កាលផ្លាស់ប្តូរជីវិតនេះ ដោយជៀសវាងដាច់ខាតនូវការសេពគប់មិត្តភក្តិខុស ឬការចាញ់បោកការប្រកាសរើសបុគ្គលិកក្លែងក្លាយ ដែលកេងប្រវ័ញ្ចលើនិស្សិត។ អ្នកជំនាញរូបនេះបានផ្តល់ទស្សនទានថា សិស្ស-និស្សិតគប្បីពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយលើមុខជំនាញ ដែលខ្លួនត្រូវរៀន ដោយផ្តោតលើជំនាញដែលមានតម្រូវការទីផ្សារខ្ពស់ជាជាងជ្រើសរើសតាមចំណង់ចំណូលចិត្តមួយពេល ប៉ុន្តែខកខានឱកាសការងារនៅពេលបញ្ចប់ការសិក្សា។ លោកឧកញ៉ាបានបន្ថែមថា ជំនាញ AI និងភាសាបរទេស គឺជាកាតាលីករដ៏សំខាន់សម្រាប់បរិបទបច្ចុប្បន្ន និងអនាគត ខណៈដែលវិស័យហិរញ្ញវត្ថុ កសិកម្មទំនើប វិស្វកម្មបច្ចេកទេស មេកាត្រូនិច ឧស្សាហកម្ម សំណង់ និងអគ្គិសនី ក៏កំពុងត្រូវការកម្លាំងពលកម្មជំនាញយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

ជាមួយគ្នានេះលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានស្ថានការណ៍សង្គម បានកត់សម្គាល់ថា សិស្ស-និស្សិតងាយរងគ្រោះនឹងការឆបោកតាមរយៈការអូសទាញពីមជ្ឈដ្ឋានជុំវិញខ្លួន។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការជ្រើសរើសគ្រឹះស្ថានសិក្សា គឺជាឫសគល់នៃភាពជោគជ័យ ដូច្នេះយុវជនគួរជ្រើសរើសគ្រឹះស្ថាន ឬសាកលវិទ្យាល័យណាដែលមានប្រវត្តិប្រតិបត្តិការច្បាស់លាស់ និងមានបទពិសោធអប់រំយូរឆ្នាំ ដើម្បីជៀសវាងការខាតបង់ថវិកា និងពេលវេលា។ ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានជំរុញឱ្យសិស្ស-និស្សិតចាប់យកមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈ បច្ចេកវិទ្យាឌីជីថល AI ទំនាក់ទំនងពាណិជ្ជកម្ម ភាសាបរទេស និងវិស័យសុខាភិបាល ដែលជាជំនាញមានតម្រូវការខ្ពស់ និងមានភាពរឹងមាំក្នុងទីផ្សារ។

ដោយឡែកលោកបណ្ឌិត ឌុច ដារិន្ន សាស្រ្តាចារ្យ និងជាអ្នកជំនាញផ្នែកវិស័យអប់រំយល់ឃើញថា ការផ្លាស់ប្ដូរថ្នាក់សិក្សារបស់សិស្សនិស្សិតពីថ្នាក់វិទ្យាល័យទៅថ្នាក់សាកលវិទ្យាល័យ គឺជាការផ្លាស់ប្ដូរដ៏ធំមួយ ដែលធ្វើឱ្យពួកគេមានទំនួលខុសត្រូវចំពោះខ្លួនឯងច្រើនជាងមុន។ ជាមួយគ្នានេះ សិស្សនិស្សិតក៏ត្រូវប្រុងប្រយ័ត្នចំពោះការរាប់អានមិត្តភក្តិ ការស្វែងរកទីកន្លែងស្នាក់នៅ និងសាលារៀន ដែលអាចជារូបភាពឆបោក។ បើតាមអ្នកជំនាញរូបនេះ សិស្សនិស្សិត និងអាណាព្យាបាលត្រូវផ្ដោតទៅលើកម្មវិធីសិក្សារបស់គ្រឹះស្ថានអប់រំ តើសមស្របតម្រូវការទីផ្សារការងារបច្ចុប្បន្នឬទេ ក៏ដូចជាគុណភាព និងបទពិសោធន៍គ្រូបង្រៀន និងឱកាសអនុវត្តជាក់ស្ដែង ជាពិសេសលទ្ធផលដែលបានមកពីរៀនតើសិស្សទទួលបានកម្រិតណា។

ពាក់ព័ន្ធនឹងបញ្ហានេះដែរឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានផ្ញើសាររំលឹកដល់សិស្ស-និស្សិតឱ្យប្រកាន់ខ្ជាប់នូវវប្បធម៌«ការសិក្សាពេញមួយជីវិត» ដោយត្រូវពង្រឹងជំនាញទន់ អភិវឌ្ឍសមត្ថភាពបន្ថែម និងចេះទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាទំនើប និង AI ដើម្បីបង្កើនប្រៀបប្រកួតប្រជែងក្នុងអាជីព។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា អ្នកដែលបញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈពីវិទ្យាស្ថានបណ្តុះបណ្តាលផ្លូវការមានអត្រាទទួលបានការងារធ្វើរហូតដល់ទៅ៩០% ដែលនេះជាសាក្សីបញ្ជាក់យ៉ាងច្បាស់ពីគុណភាព និងការឆ្លើយតបចំតម្រូវការទីផ្សារការងារ។ ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវឱ្យអាណាព្យាបាលគ្រប់រូបបន្តគាំទ្រ និងលើកទឹកចិត្តកូនឱ្យចាប់យកការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីស្ថាបនាអនាគតដ៏ភ្លឺស្វាង និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឱ្យកាន់តែរឹងមាំ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ការផ្ទុះភ្នំភ្លើងបង្ខំឱ្យឥណ្ឌូនេស៊ីបិទព្រលានយន្តហោះជាច្រើនធ្វើឱ្យអ្នកដំណើររាប់ម៉ឺននាក់ត្រូវបានជាប់គាំង

​ប្រទេសឥណ្ឌូនេស៊ីបានប្រកាសផ្អាកជើងហោះហើរជាបណ្តោះអាសន្ននៅតាមអាកាសយានដ្ឋានអន្តរជាតិសំខាន់ៗជុំវិញរដ្ឋធានីហ្សាការតា និងអាកាសយានដ្ឋានចំនួន៧ផ្…

អ្នកជំនាញទទូចឱ្យរដ្ឋាភិបាលពន្លឿនការបង្កើតតុលាការពាណិជ្ជកម្ម ដើម្បីពង្រឹងទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគ

ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងច្បាប់បានជំរុញយ៉ាងទទូចដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យពន្លឿនការបង្កើត«តុលាការពាណិជ្ជកម្ម» ដើម្បីធានាដល់ការដោះស្រាយវិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ