អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា នាពេលកន្លងមកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានជំរុញឱ្យមានការបង្កើតតុលាការពាណិជ្ជកម្ម ខណៈមកទល់ពេលនេះ ក្រសួងយុត្តិធម៌ និងក្រសួងពាក់ព័ន្ធផ្សេងទៀតបានរៀបចំនីតិវិធីជិតរួចរាល់ហើយ។ បើតាមការបញ្ជាក់របស់អ្នកជំនាញរូបនេះ នៅពេលដែលនីតិវិធីត្រូវបានសម្រេចរួចរាល់ នោះគេនឹងមាននីតិវិធីតាមដំណាក់កាលផ្សេងទៀត ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មដែលមានកំណត់រយៈពេលច្បាស់លាស់។ អ្នកជំនួញរូបនេះ ជឿជាក់ថា កម្ពុជានឹងមានតុលាការពាណិជ្ជកម្មក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីធានាជំនឿចិត្តដល់អ្នកវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិ0សាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិកត់សម្គាល់ឃើញថា មកទល់ពេលនេះទំហំពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជា មានការកើនឡើងជាបន្តបន្ទាប់។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពនេះការបង្កើតតុលាការពាណិជ្ជកម្មឱ្យបានលឿននឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញចន្លោះប្រហោងផ្នែកច្បាប់ និងបង្កើនទំនុកចិត្តដល់វិនិយោគិន តាមរយៈការដោះស្រាយវិវាទពាណិជ្ជកម្មមានប្រសិទ្ធភាព។
ដោយឡែកលោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងជាទីប្រឹក្សានៃក្រុមមេធាវី អមរិន្ទបានបង្ហាញការយល់ឃើញលើបណ្តាញសង្គមផ្ទាល់ខ្លួនថា ប្រសិនបើកម្ពុជាចង់បង្កើនការទាក់ទាញវិនិយោគិនឱ្យកាន់តែខ្លាំងក្លា ការកែទម្រង់ប្រព័ន្ធតុលាការ ឬការបង្កើតតុលាការពាណិជ្ជកម្មប្រកបដោយស្តង់ដារខ្ពស់ គឺជាលក្ខខណ្ឌចាំបាច់។ អ្នកជំនាញច្បាប់រូបនេះបានផ្តល់ជាយោបល់ថា ចៅក្រមនៃតុលាការពាណិជ្ជកម្ម គួរជ្រើសរើសចេញពីមេធាវី ចៅក្រម ឬអ្នកជំនាញដែលមានឯកទេសផ្នែកគ្រប់គ្រង និងសេដ្ឋកិច្ច ប្រកបដោយប្រវត្តិស្អាតស្អំ និងឯករាជ្យភាពខ្ពស់។
ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃដំណើរការបង្កើតតុលាការពាណិជ្ជកម្មនេះ ខេមបូណូមីស ពុំទាន់អាចសុំការបកស្រាយបន្ថែមពីឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បាននៅឡើយទេ។
គួររំឭកថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌បានបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ដើម្បីរៀបចំរចនាសម្ព័ន្ធ នីតិវិធី និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សំដៅធានាឱ្យយន្តការសម្របសម្រួល និងដោះស្រាយវិវាទពាណិជ្ជកម្មប្រព្រឹត្តទៅបានលឿនរហ័ស មានប្រសិទ្ធភាព និងលើកកម្ពស់ទំនុកចិត្តលើបរិយាកាសធុរកិច្ចនៅកម្ពុជា៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ