
អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក នាយកប្រតិបិត្តក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន ដែលជាអ្នកជំនាញ និងវិនិយោគក្នុងវិស័យអប់រំដ៏ល្បីល្បាញមួយរូបនៅកម្ពុជា បានផ្តល់ជាយោបល់ដោយលើកទឹកចិត្តឱ្យសិស្ស ដែលប្រលងបាក់ឌុបធ្លាក់នៅឆ្នាំនេះកុំបាក់ទឹកចិត្ត និងបោះបង់ការសិក្សា ដោយអាចបន្តរៀនបរិញ្ញាបត្ររង ឬរៀនជំនាញ ឬបច្ចេកទេសក្នុងវគ្គបណ្ដុះបណ្ដាលនៅវិទ្យាស្ថានណាមួយ។ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា នៅលើពិភពលោកនេះភាគច្រើនគេមិនបានបែងចែកថា អ្នកណារៀនធ្លាក់នោះទេ ហើយអ្វីដែលសំខាន់ គឺពួកគេត្រូវតែបន្តរៀន ដើម្បីឈានទៅសម្រេចគោលដៅដែលចង់បាន។ អ្នកវិនិយោគក្នុងវិស័យអប់រំដ៏ល្បីល្បាញរូបនេះកត់សម្គាល់ឃើញថា គ្រឹះស្ថានអប់រំនៅកម្ពុជា ហាក់នៅមានចំនួនខ្វះខាតនៅឡើយក្នុងការផ្តល់កន្លែងសិក្សាសម្រាប់ឱ្យសិស្ស ដែលប្រលងបាក់ឌុបធ្លាក់ ដែលទាមទារឱ្យស្ថានប័នពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ពង្រីកគ្រឹះស្ថានអប់រំដល់សិស្សដែលប្រលងធ្លាក់ឱ្យបានច្រើនបន្ថែមទៀត។
ជាមួយគ្នានេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេខ្យូរខេសិនគ្រុប យល់ឃើញថា ប្រសិនបើសិស្សានុសិស្សមិនទទួលបានលទ្ធផលល្អក្នុងការប្រលងបាក់ឌុប វាមិនមែនជាបញ្ហាចោទធ្ងន់ធ្ងរនោះទេ ដោយពួកគេអាចបន្តរៀនថ្នាក់ទី១២ ឬបន្តរៀនបរិញ្ញាបត្ររង។ តែយ៉ាងណាអ្នកជំនាញរូបនេះ លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រលងធ្លាក់គួរតែរៀនបរិញ្ញាបត្ររង ឬរៀនផ្នែកបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រោះវាមានប្រសិទ្ធភាពអាចឱ្យសិស្សមានជំនាញគ្រប់គ្រាន់ចំណេញពេលវេលា ក្នុងការកសាងអនាគតដ៏ល្អប្រសើរមួយ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង២៨ សីហា ឆ្នាំ២០២៥ មានបេក្ខជនចុះឈ្មោះប្រលងចំនួនជាង១៤ម៉ឺននាក់ ក្នុងនោះមានមណ្ឌលប្រឡងនៅទូទាំងប្រទេសចំនួន ២៤១មណ្ឌល ដោយថ្នាក់វិទ្យាសាស្រ្តមាន៧២មណ្ឌល ខណៈថ្នាក់វិទ្យាសាស្រ្តសង្គមមាន១៦៩មណ្ឌល។ ជាមួយគ្នានេះ នៅថ្ងៃទី១នៃថ្ងៃប្រលងបាក់ឌុបមានសិស្សជាង១ពាន់៨រយនាក់បានអវត្តមាន៕
អត្ថបទ៖ ជា ម៉ារ៉ា