ជម្លោះនៅមជ្ឈិមបូព៌ាបានជំរុញឱ្យតម្លៃប្រេងសកលហក់ឡើងជិតដល់១០០ដុល្លារក្នុងមួយបារ៉ែល ដែលបង្ខំឱ្យបណ្តាប្រទេសក្នុងតំបន់អាស៊ីត្រូវងាកមកផ្តោតលើការធានាការផ្គត់ផ្គង់ថាមពលពីឈូងសមុទ្រពែក្ស។ យោងតាមការស្រាវជ្រាវរបស់ធនាគារ គ្រុងស៊ីប្រទេសថៃត្រូវបានចាត់ទុកថា ជាប្រទេសមួយ ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារថៃពឹងផ្អែកលើការនាំចូលប្រេង និងឧស្ម័នជិតពាក់កណ្តាលពីតំបន់មជ្ឈិមបូព៌ា។ បញ្ហានេះកាន់តែធ្ងន់ធ្ងរសម្រាប់ប្រទេសថៃ ដោយសារបំណុលសាធារណៈបានកើនឡើងកៀកនឹងកម្រិតកំណត់៧០% នៃផលិតផលក្នុងស្រុកសរុប (GDP) រួមផ្សំជាមួយបញ្ហាអតិផរណា ដែលបានកើតមានតាំងពីមុនផ្ទុះសង្គ្រាម។
ស្ថានភាពនេះជាការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ ព្រោះកាលពីដើមឆ្នាំ វិនិយោគិនបរទេសបានសម្រុកចូលមកទីផ្សារថៃយ៉ាងគំហុក។ទិន្នន័យពី LSEG បានបង្ហាញថា វិនិយោគិនបរទេសបានទិញភាគហ៊ុនថៃក្នុងតម្លៃ១,៧ពាន់លានដុល្លារក្នុងខែកុម្ភៈ បន្ទាប់ពីជ័យជម្នះរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដែលបានបង្កើនក្តីសង្ឃឹមលើស្ថិរភាពនយោបាយ និងកំណែទម្រង់សេដ្ឋកិច្ច។
ទោះជាយ៉ាងណា នៅពេលសង្គ្រាមអ៊ីរ៉ង់ផ្ទុះឡើងនៅចុងខែកុម្ភៈ វិនិយោគិនបានដកខ្លួនយ៉ាងរហ័ស ដោយបានលក់ចេញភាគហ៊ុនក្នុងតម្លៃ៨២៣លានដុល្លារក្នុងខែមីនា ខណៈលំហូរចេញ នៃមូលបត្របំណុលមានរហូតដល់៧០៥លានដុល្លារ ដែលជាតួលេខច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីខែតុលា ឆ្នាំ២០២៤។
ទោះបីជាមានបទឈប់បាញ់រយៈពេល២សប្តាហ៍ក្នុងខែនេះ ដែលជំរុញក្តីសង្ឃឹមខ្លះៗដល់ទីផ្សារភាគហ៊ុន និងប្រាក់បាត ក៏ដោយ ប៉ុន្តែវិនិយោគិននៅតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភាពងាយរងគ្រោះរបស់ថៃ ប្រសិនបើតម្លៃប្រេងនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស