ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលប្រធានាធិបតីអាម៉េរិកភាគច្រើនបានជៀសវាងការធ្វើអាជីវកម្ម ដើម្បីស្វែងរកប្រាក់ចំណេញ ខណៈពេលកំពុងកាន់តំណែង ឬក្រោយពេលចាកចេញពីសេតវិមាន។ ប៉ុន្តែលោក ដូណាល់ ត្រាំ បានដើរក្នុងគន្លងខុសប្លែកពីអ្នកទាំងនោះ។
កន្លងមកប្រធានាធិបតី ដែលមានប្រវត្តិជាអ្នកជំនួញដូចជាលោក ហារី ទ្រូម៉ាន់ (Harry Truman), លោក រីឆាត និកសុន (Richard Nixon) និងលោក ចច ដាប់បែលយូ ប៊ូស (George W. Bush) សុទ្ធតែបានលះបង់មុខជំនួញផ្ទាល់ខ្លួនមុនពេលចូលកាន់តំណែង។ ផ្ទុយទៅវិញលោក ត្រាំ នៅតែបន្តពង្រីកអាជីវកម្មអចលនទ្រព្យរបស់គ្រួសារយ៉ាងគំហុកទាំងក្នុង និងក្រៅប្រទេស ដែលមុខជំនួញទាំងនោះមានភាពចម្រុះ ចាប់តាំងពីសេវាកម្មពាក់ព័ន្ធនឹងពន្ធរហូតដល់វិស័យយោធា។
មានសេចក្តីរាយការណ៍ថា កូនប្រុសទាំងពីររបស់លោក ត្រាំ គឺលោក អេរិក ត្រាំ និង ដូណាល់ ជេ ត្រាំ កំពុងពង្រីកវិសាលភាពជំនួញយ៉ាងឆាប់រហ័ស ចូលទៅក្នុងពិភពរូបិយបណ្ណឌីជីថល ដោយទទួលបានផលចំណេញរាប់លានដុល្លារ។
មិនតែប៉ុណ្ណោះ បងប្អូនទាំងពីររូបនេះ ក៏បានវិនិយោគក្នុងក្រុមហ៊ុនមួយចំនួន ដែលមានគោលបំណងធ្វើអាជីវកម្មជាមួយរដ្ឋាភិបាល ដែលឪពុករបស់ពួកគេជាអ្នកដឹកនាំ។ កាលពីខែមុន ពួកគេបានចុះកិច្ចព្រមព្រៀងមួយ ដែលផ្តល់ឱ្យពួកគេនូវភាគហ៊ុនរាប់លានដុល្លារ នៅក្នុងក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក ឬដ្រូនយោធា។ ក្រុមហ៊ុននេះកំពុងស្វែងរកកិច្ចសន្យាជាមួយមន្ទីរបញ្ចកោណ និងជាមួយបណ្តារដ្ឋឈូងសមុទ្រ ដែលជាតំបន់កំពុងពឹងផ្អែកលើជំនួយយោធាពីសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ត្រាំ។
ទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក ត្រាំ បានកើនឡើងរហូតដល់៦០% ឈានដល់៦,៣ពាន់លានដុល្លារ បើធៀបនឹងទ្រព្យសម្បត្តិមុនពេលលោកវិលត្រឡប់មកកាន់តំណែងនៅសេតវិមានវិញ៕