ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ នេះ ថា តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះ០,៤៤ ដុល្លារឬ០,៥% មកនៅត្រឹម៩៤,៤៩ដុល្លារក្នុងមួយបារ៉ែល។ ទន្ទឹមគ្នានេះ តម្លៃប្រេងឆៅនៅលើទីផ្សារអាម៉េរិក West Texas Intermediate បានធ្លាក់ចុះ០,៧០ដុល្លារ ឬ០,៨% មកនៅត្រឹម៩០,៥៩ដុល្លារក្នុងមួយបារ៉ែល។ ការធ្លាក់ចុះនេះកើតឡើងក្រោយកាលពីថ្ងៃពុធ សេតវិមានបានបង្ហាញពីសុទិដ្ឋិនិយមជុំវិញក្ដីសង្ឃឹមក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ ប៉ុន្តែទន្ទឹមនឹងនេះ ក៏បានព្រមានថានឹងបង្កើនសម្ពាធសេដ្ឋកិច្ចបន្ថែមទៀតលើក្រុងតេអេរ៉ង់ ប្រសិនបើភាគីអ៊ីរ៉ង់នៅតែបន្តរឹងរូស។
ប្រភពព័ត៌មានពីក្រុងតេអេរ៉ង់បានបង្ហើបប្រាប់រ៉យទ័រថា អ៊ីរ៉ង់កំពុងពិចារណាអនុញ្ញាតឱ្យកប៉ាល់ ដែលកកស្ទះនៅច្រកសមុទ្រHormuz អាចធ្វើដំណើរឆ្លងកាត់បានដោយសេរីឡើងវិញ ប្រសិនបើមានកិច្ចព្រមព្រៀងធានាពីការការពារមិនឱ្យជម្លោះផ្ទុះឡើងវិញ។
ទោះជាយ៉ាងណាក៏ដោយ លោក តូស៊ីតាកា តាហ្សាវ៉ា (Toshitaka Tazawa) អ្នកវិភាគនៅក្រុមហ៊ុនមូលបត្រ Fujitomi Securities បានលើកឡើងថា ទោះបីមានក្តីសង្ឃឹមក្នុងការបន្ធូរបន្ថយភាពតានតឹងក្តី តែវិនិយោគិនមួយចំនួននៅតែមានមន្ទិលសង្ស័យ ដោយសារការចរចារវាងអាម៉េរិក និងអ៊ីរ៉ង់ធ្លាប់បានបរាជ័យម្តងហើយម្តងទៀតនាពេលកន្លងមក។
បច្ចុប្បន្ន មន្ត្រីអាម៉េរិក និងអ៊ីរ៉ង់កំពុងពិចារណាវិលត្រឡប់ទៅកាន់ប្រទេសប៉ាគីស្ថានវិញ ដើម្បីបន្តការចរចានៅចុងសប្តាហ៍នេះបន្ទាប់ពីការចរចាកាលពីថ្ងៃអាទិត្យ ទី១២ ខែមេសា កន្លងទៅ មិនទទួលបានលទ្ធផលជាក់លាក់ណាមួយ។ មេបញ្ជាការកងទ័ពជើងគោកប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលជម្លោះនេះ បានអញ្ជើញទៅដល់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃពុធ ដើម្បីព្យាយាមរារាំងការប៉ះទង្គិចគ្នាជាថ្មី៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស