អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចាត់ទុកការដាក់ឱ្យសាកល្បងការវះកាត់រយៈពេលចុះបញ្ជីអាជីវកម្ម SME មកនៅត្រឹម៦ថ្ងៃ គឺជាការគិតគូរដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្របសម្រួល និងជំរុញការរីកចម្រើនរបស់សហគ្រាសធុនតូន និងមធ្យមក្នុងស្រុក។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ថា ការកំណត់រយៈពេល៦ថ្ងៃរបស់ក្រសួងឧស្សាហកម្មមួយមុខនៅពុំទាន់គ្រប់គ្រាន់នោះទេ ដែលទាមទារឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់គួរមានច្រកចេញចូលតែមួយ និងមានការកំណត់រយៈពេលច្បាស់លាស់ក្នុងការចេញអាជ្ញាបណ្ណនានា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មនៅកម្ពុជា។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះរំពឹងថា ការអនុវត្តចំណាត់ការសាកសល្បងថ្មីនេះ នឹងទទួលបានជោគជ័យ ដែលនឹងអាចឈានទៅអនុវត្តនៅគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់ផងដែរ។
ជាមួយគ្នានេះ ឧកញ៉ា កែវ បូណ៍ភិរក្ស អគ្គនាយកក្រុមហ៊ុន បូទីកា និងបុរីឡុងនី បានចាត់ទុកយន្តការសាកល្បងខាងលើ គឺជាកតាលីករដ៏សំខាន់សម្រាប់ជួយកែទម្រង់បរិយាកាសធុរកិច្ច និងកាត់បន្ថយបន្ទុកចំណាយរបស់សហគ្រិន។ បើតាមអ្នកជំនាញរូបនេះ ការធ្វើអាជីវកម្មនាពេលបច្ចុប្បន្ន មិនមែនវាស់វែងតែលើប្រភេទអាជីវកម្មនោះទេ ប៉ុន្តែការប្រកួតប្រជែងលើពេលវេលាក៏សំខាន់ដែរ ពោលគឺពេលវេលាកាន់តែខ្លីផលចំណេញកាន់តែខ្ពស់សម្រាប់អាជីវកម្មធុនតូច និងមធ្យម។ ទន្ទឹមនេះ អ្នកជំនាញរូបនេះបានអះអាងថា កត្តាសំខាន់នៃការអនុវត្តនីតិវិធីទាំងនេះ គឺអាស្រ័យលើមន្ត្រីអនុវត្តជាក់ស្តែងដែលជាចំណុចស្នូល ដូច្នេះ លោកឧកញ៉ា រំពឹងថា រាជរដ្ឋាភិបាលនឹងតាមដានលើការអនុវត្តរបស់មន្ត្រីអនុវត្តឱ្យបានហ្មត់ចត់ ដើម្បីជំរុញគោលនយោបាយនេះឱ្យសម្រេចបានជោគជ័យ ដើម្បីជាស្ពានចម្លងទៅអនុវត្តលើវិស័យផ្សេងៗទៀត ក្រៅពីផលិតកម្មសាប៊ូ ដែលដាក់ឱ្យសាកល្បងនេះ។
បើតាមការបញ្ជាក់របស់ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញចំណាត់ការវះកាត់ពេលវេលាចុះបញ្ជីអាជីវកម្មរបស់សហគ្រាស SME ដោយសាកល្បងដាក់ឱ្យដំណើរការប្រព័ន្ធសុំអាជ្ញាបណ្ណល្បឿនលឿន សម្រាប់អាជីវកម្មផលិតសាប៊ូមកត្រឹមរយៈពេលតែ៦ថ្ងៃប៉ុណ្ណោះចាប់ពីខែសីហា ខាងមុខនេះតទៅ ហើយប្រសិនបើទទួលបានជោគជ័យ យន្តការនេះនឹងត្រូវពង្រីកទៅអនុវត្តលើវិស័យអាជីវកម្មផ្សេងៗទៀតផងដែរ។ នេះគឺជាយន្តការមួយ ដើម្បីជួយសម្រួលដល់វិបត្តិលិខិតស្នាម ដែលបង្កភាពស្មុគស្មាញដល់សហគ្រិនក្នុងស្រុក សំដៅព្យាយាមសម្រួលកាត់បន្ថយការត្រួតពិនិត្យជាន់គ្នារវាងក្រសួង និងក្រសួង បង្រួញរយៈពេល និងកាត់បន្ថយថ្លៃសេវាឱ្យទាបជាងមុនជាដើម៕