វិស័យ SME

ម្ចាស់សាប៊ូស្ពៃ ចាត់ទុកការក្លែងបន្លំម៉ាកយីហោសាប៊ូស្ពៃ ពីសំណាក់ជនខិលខូច ជាការរំលោភបំពានទំនុកចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ


ស្របពេលដែលផលិតផល ផលិតក្នុងស្រុកកំពុងទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន មានជនខិលខូចមួយចំនួនបានលួចនាំចូលទំនិញពីខាងក្រៅមកវេចខ្ចប់ និងបន្លំដាក់ឈ្មោះជាម៉ាកផលិតផលក្នុងស្រុក។ តួយ៉ាងបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីម្ចាស់ផលិតផលសាប៊ូម៉ាកស្ពៃ ដែលជាស្នាដៃកូនខ្មែរមានការទទួលស្គាល់លើគុណភាពនោះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះត្រួតពិនិត្យ និងរកឃើញផលិតផលសាប៊ូស្ពៃក្លែងក្លាយសរុបប្រមាណជិត៧តោន។
វិស័យ SME
ដោយ

ម្ចាស់សហគ្រាសផលិតសាប៊ូស្ពៃ បានចាត់ទុកការក្លែងបន្លំនេះថា ជាការបំបាក់ទឹកចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកប្រកបរបរក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម (SME) ក្នុងស្រុក ដែលទាមទារឱ្យអាជ្ញាធរបង្កើនការចុះត្រួតពិនិត្យ និងបង្ក្រាបឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីលើកកម្ពស់ភាពរីកចម្រើន នៃខ្សែច្រវាក់ផលិតកម្មក្នុងស្រុក។

លោកស្រី នុត សម្ផស្ស ម្ចាស់ក្រុមហ៊ុន LSV Industry ដែលជាសហគ្រាសផលិតសាប៊ូស្ពៃ ក្នុងស្រុក បានបង្ហាញក្តីក្តុកក្តួល និងឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីរងគ្រោះដោយសារការរំលោភបំពានម៉ាកយីហោយ៉ាងធ្ងន់ធ្ងរ ក្រោយមានជនខិលខូចបានលួចនាំចូលសាប៊ូមានប្រភពមកពីប្រទេសចិន មកវេចខ្ចប់បន្លំធ្វើជាផលិតផលរបស់ខ្លួន។ ម្ចាស់សហគ្រាសរូបនេះ បានចាត់ទុកទង្វើបំពានម៉ាកសញ្ញាអាជីវកម្មនេះថា ជាការបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគ្រិនក្នុងស្រុក ដែលកំពុងប្រឹងប្រែងជំរុញវិស័យ SME កម្ពុជា ឱ្យរីកចម្រើន។

ជុំវិញការក្លែងបន្លំម៉ាកយីហោនេះដែរ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឱ្យដឹងថា បន្ទាប់ពីទទួលបណ្តឹងពីម្ចាស់ផលិតផលសាប៊ូម៉ាកស្ពៃខាងលើ មន្រ្តី ក.ប.ប. ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញា សហការជាមួយម្ចាស់ផលិតផល បានចុះត្រួតពិនិត្យឆែកឆេរនៅទីតាំងមួយកន្លែងនៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានម្ចាស់ជាជនជាតិចិន បានរកឃើញផលិតផលសាប៊ូម៉ាកស្ពៃ សង្ស័យក្លែងក្លាយសរុបចំនួន៧០២កេស ឬស្មើនឹងជិត៧តោន និងរកឃើញសាប៊ូក្លែងក្លាយម៉ាក EMPRESS ៣ប្រភេទ ចំនួន៤១ដបផងដែរក្នុងការចុះត្រួតពិនិត្យនៅផ្សារអូរឬស្សី។

បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញា បច្ចុប្បន្នអគ្គនាយកដ្ឋាន ក.ប.ប. កំពុងបន្តនីតិវិធីស៊ើបសង្កេត ស្រាវជ្រាវកសាងរកភស្តុតាង និងយកចម្លើយជនពាក់ព័ន្ធ ដើម្បីអនុវត្តនីតិវិធីបន្ត។ យ៉ាងណាមិញចំពោះផលិតផលក្លែងក្លាយ និងបន្លំម៉ាកសញ្ញាទាំងនោះ ក.ប.ប សហការជាមួយតំណាងក្រុមហ៊ុនបានប្រមូលត្រឡប់ពីទីផ្សារ ដើម្បីចាត់ការតាមនីតិវិធីបច្ចេកទេស ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបរិស្ថាន៕




អត្ថបទបន្ទាប់


តើការវះកាត់នីតិវិធីចុះបញ្ជីអាជីវកម្ម SME មកត្រឹមរយៈពេល៦ថ្ងៃ នឹងជួយជំរុញការរីកចម្រើនរបស់សហគ្រាសក្នុងស្រុកយ៉ាងណាដែរ?

ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់វិស័យឯកជនពាក់ព័ន្ធនឹងភាពស្មុគស្មាញ នៃដំណើរការនីតីវិធីចុះបញ្ជីអាជីវកម្ម រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្…

តើមានកត្តារួមផ្សំអ្វីខ្លះធ្វើឱ្យការស្នើសុំអាជ្ញាបណ្ណអាជីវកម្មនៅកម្ពុជា មានភាពស្មុគស្មាញជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់?

វិស័យសហគ្រាសធុនតូច និងមធ្យម ឬ SME ត្រូវបានចាត់ទុកថា ជាឆ្អឹងខ្នងក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពធន់ និងភាពប្រកួតប្រជែងខ្ពស់នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ