ទោះជាយ៉ាងណា ការសម្រេចចិត្តរបស់អាម៉េរិកនេះ ក៏ភ្ជាប់មកជាមួយការលើកលែងពន្ធលើទំនិញមួយចំនួននាំចូលពីកម្ពុជា ដែលសហករដ្ឋអាម៉េរិកមិនផលិត ដូចជាគ្រាប់ស្វាយចន្ទី ព្រមទាំងផ្តល់ការលើកលែងពន្ធពិសេសសម្រាប់ផលិតផលសម្លៀកបំពាក់ ដែលផលិតដោយប្រើប្រាស់កប្បាស ឬក្រណាត់កប្បាសនាំចូលពីសហរដ្ឋអាមេរិក។
លោក Casey Barnett អតីតប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា បានអះអាងថា វិធានការពន្ធគយរបស់អាម៉េរិកនេះ មានគោលបំណងជំរុញឱ្យប្រទេសដៃគូបង្កើនការនាំចូលវត្ថុធាតុដើមពីសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ផលិតកម្មក្នុងស្រុករបស់អាមេរិក និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។
ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញសម្លៀកបំពាក់ទៅកាន់ទីផ្សារអាមេរិកក្នុងតម្លៃប្រមាណ ៤ ពាន់លានដុល្លារ។ ប៉ុន្តែវត្ថុធាតុដើមសំខាន់សម្រាប់ផលិតសម្លៀកបំពាក់ទាំងនោះ ភាគច្រើននាំចូលពីប្រទេសចិន ដែលមានតម្លៃរហូតដល់ ២,៨ ពាន់លានដុល្លារ ខណៈការនាំចូលកប្បាស និងក្រណាត់ពីសហរដ្ឋអាមេរិក មានត្រឹមតែប្រមាណ ជិត ១៤ម៉ឺនដុល្លារប៉ុណ្ណោះ។
ទោះជាយ៉ាងណា លោកបានអះអាងថា វិធានកាពន្ធគយរថ្មីនេះបង្កើតទាំងឱកាស និងហានិភ័យសម្រាប់កម្ពុជាផងដែរ។ ហានិភ័យនោះគឺ ក្នុងរយៈពេលខ្លី កម្ពុជាអាចបាត់បង់ការបញ្ជាទិញទៅឱ្យប្រទេសឥណ្ឌូនេស៊ី និងបង់ក្លាដែស ដែលទទួលបានអត្រាពន្ធ ១០% ពីសហរដ្ឋអាមេរិកដូចគ្នា ព្រមទាំងការលើកលែងពន្ធសម្រាប់សម្លៀកបំពាក់ផងដែរ។ ប្រទេសទាំងពីរនេះជាដៃគូប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យកាត់ដេរ ហើយពួកគេមានឧស្សាហកម្មផលិតក្រណាត់ដ៏ធំស្រាប់ផងដែរ។
កម្ពុជាខ្វះរោងចក្រផលិតក្រណាត់ ដូច្នេះហើយ កម្ពុជាត្រូវតែធ្វើសកម្មភាពឱ្យបានឆាប់រហ័ស ដើម្បីទាក់ទាញការវិនិយោគលើផលិតកម្មក្រណាត់ បើពុំដូច្នោះទេ នឹងបាត់បង់ការបញ្ជាទិញបន្តិចម្តងៗ។ លោក Barnett បានសង្កត់ធ្ងន់ទៀតថា ចំពោះឧបសគ្គរបស់កម្ពុជា ក្នុងការសម្រេចបាននូវភាពប្រកួតប្រជែងនេះរួមមាន តម្លៃអគ្គិសនីនៅតែមានខ្ពស់ និងដំណើរការវាយតម្លៃផលប៉ះពាល់បរិស្ថានដ៏លំបាក។
ក្រៅពីពន្ធគយជុំទីមួយ តំណាងពាណិជ្ជកម្មអាម៉េរិក ក៏ត្រូវបានរំពឹងថា នឹងប្រកាសពន្ធគយជុំទីពីរ ក្នុងរយៈពេលប្រហែលពីរខែខាងមុខ ដោយផ្អែកលើការស៊ើបអង្កេតអំពីសមត្ថភាពផលិតកម្មលើស (Overcapacity Investigation)។ លោក Barnett យល់ថា កម្ពុជាអាចទទួលបានអត្រាពន្ធអំណោយផលបន្ថែម ប៉ុន្តែអាចភ្ជាប់ជាមួយលក្ខខណ្ឌតម្រូវឱ្យកាត់បន្ថយការពឹងផ្អែកលើវត្ថុធាតុដើមពីប្រទេសចិន។
ជាមួយគ្នានេះ លោក Barnett ក៏បានលើកឡើងពីបញ្ហាប្រឈមមួយទៀត សម្រាប់ឧស្សាហកម្មកាត់ដេរកម្ពុជា គឺការខ្វះវឌ្ឍនភាពជាសាធារណៈក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប។ លោកបានព្រមានថា កម្ពុជានឹងបាត់បង់អត្ថប្រយោជន៍ពន្ធក្រោមប្រព័ន្ធ Everything But Arms (EBA) ក្នុងពេលខាងមុខ ហើយម៉ាកយីហោអន្តរជាតិនានា ទំនងជាមិនពង្រីកការបញ្ជាទិញពីកម្ពុជាឡើយ ប្រសិនបើមិនមានសញ្ញាច្បាស់លាស់អំពីការឈានទៅរក FTA ឬរបបពន្ធអំណោយផលថ្មី ដើម្បីជំនួស EBA។
តាមការវាយតម្លៃរបស់លោក Barnett ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅពេលនេះ គឺជាឱកាសឱ្យកម្ពុជារៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ និងពង្រឹងសមត្ថភាពផលិតក្នុងស្រុក ប៉ុន្តែប្រសិនបើមិនអាចឆ្លើយតបបានទាន់ពេលវេលាទេ វាក៏អាចប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់ឧស្សាហកម្មកាត់ដេរកម្ពុជានៅលើទីផ្សារអន្តរជាតិផងដែរ។