លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា វត្តមានដង្កូវហ្វូង ចាប់ផ្ដើមរីករាលដាលនៅតាមចម្ការកាន់តែច្រើន ខណៈមានចម្ការខ្លះរងការបំផ្លាញធ្ងន់ធ្ងរទៀតផង។ បើតាមអ្នកជំនាញរូបនេះ ក្រៅពីវត្តមានដង្កូវហ្វូង ក៏មានលេចចេញនូវប្រភេទសត្វស្រឹង ឬតំបន់ខ្លះហៅក្រា និងពីងពាងក្រហម ក៏ចាប់ផ្ដើមរាលដាលលើដំណាំកសិកម្មផងដែរ ដែលទាមទារឱ្យមានការត្រួតពិនិត្យបាញ់ថ្នាំការពារជាប្រចាំ។ វត្តមានសត្វល្អិតទាំងនេះ ត្រូវបានប្រធានសមាគមកសិករដំឡូងមីខ្មែរវាយតម្លៃថា អាចកើតមានឡើងដោយសារតែការប្រែប្រួលអាកាសធាតុ។
លោក អិល ឈិញ សង្កេតឃើញថា ក្រោយដំណាំរបស់ប្រជាកសិករងការវាយប្រហារពីដង្កូវហ្វូង និងសត្វល្អិតមានមន្រ្តីជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចុះជួយដល់កសិករនៅតាមតំបន់មួយចំនួនជាបន្តបន្ទាប់ផងដែរ។ ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ អ្នកជំនាញដំណាំដំឡូងមី រូបនេះហាក់បារម្ភចំពោះការខូចខាតដោយសារការបំផ្លាញពីសត្វល្អិត និងជំរុញដល់កសិករត្រូវតាមដាននិងបាញ់ថ្នាំការពារជាបន្ទាន់ ដើម្បីជៀសវាងការខាតបង់នានា។
ដោយឡែកលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា មកទល់ពេលនេះ ដំណាំស្វាយចន្ទី ពុំទាន់រងផលប៉ះពាល់ណាមួយដោយសារដង្កូវហ្វូង ឬសត្វល្អិតផ្សេងៗនៅឡើយទេ។
ពាក់ព័ន្ធនឹងវត្តមានដង្កូវហ្វូងនេះ លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្រសួងពុំទាន់អាចវាយតម្លៃពីផ្ទៃដីដែលរងការរាតត្បាត ដោយសារដង្កូវហ្វូងបាននៅឡើយទេ ប៉ុន្តែបានអះអាងថា ស្រូវនិងសំណាប ព្រមទាំងដំណាំដំឡូងមី នៅតំបន់មួយចំនួនបានរងផលប៉ះពាល់។ តែយ៉ាងណាក្រសួងកំពុងតាមដាននិងចុះពិនិត្យដើម្បីជួយដល់កសិករ។
បើតាមប្រធានសមាគមកសិករដំឡូងមីខ្មែរ ការរាលដាលវត្តមានដង្កូវហ្វូង បានកើតឡើងនៅលើបណ្ដាខេត្តមួយចំនួនដូចជាខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ ព្រះវិហារ បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យជាដើម៕
អទ្ថបទ៖ បូ ដូឡា