នុយក្លេអ៊ែ រុស្ស៊ី

រុស្ស៊ី ព្រមានលុបចោលសន្ធិសញ្ញា ក្រោយធ្វើតេស្តមីស៊ីលថាមពលនុយក្លេអ៊ែ ជោគជ័យ


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានសាកល្បងដោយជោគជ័យនូវមីស៊ីលឆ្លងទ្វីបដើរដោយថាមពលនុយក្លេអ៊ែ ហើយបានព្រមានទៅលោកខាងលិចថា សភារុស្ស៊ីអាចលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែជាមួយសហរដ្ឋអាមេរិក។ ការប្រកាសរបស់លោក ពូទីន នេះ ក៏កំពុងឱ្យសញ្ញាថា រុស្ស៊ីអាចនឹងចាប់ផ្តើមការសាកល្បងនុយក្លេអ៊ែឡើងវិញជាលើកដំបូងផងដែរ ក្នុងរយៈពេលជាងបីទសវត្សរ៍មកនេះ។
នុយក្លេអ៊ែ រុស្ស៊ី
ដោយ

នៅក្នុងវេទិកាពិភាក្សាប្រចាំឆ្នាំ Valdai នៅក្នុងទីក្រុងសូឈី កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានថ្លែងថា រុស្សីបានបញ្ចប់ការអភិវឌ្ឍ និងធ្វើតេស្តមីស៊ីល Burevestnik និងមីស៊ីលអន្តរទ្វីបធុនធ្ងន់ Sarmat ប្រកបដោយជោគជ័យ ហើយនឹងដាក់ឱ្យដំណើរការផលិត។

មីស៊ីលទាំងពីរប្រភេទនេះមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែយ៉ាងហោចណាស់ដប់ក្នុងមីស៊ីលមួយដើម។ បុរសខ្លាំងរុស្ស៊ីរូបនេះបានប្រាប់វេទិកានោះដែលមានពីអ្នកវិភាគអន្តរជាតិ និងអ្នកកាសែតទៀតថា នៅក្នុងហេតុការណ៍មានការវាយប្រហារណាមួយមកលើរុស្ស៊ី នោះនឹងមានមីស៊ីលរាប់រយហោះទៅលើអាកាស ហើយគ្មានសត្រូវណាអាចរស់រានបានឡើយ។

ទោះបីជាគេដឹងតិចតួចក្តី មីស៊ីល Burevestnik ដែលត្រូវបានអង្គការណាតូហៅ Skyfall ត្រូវបានគេជឿថា អាចផ្ទុកក្បាលគ្រាប់នុយក្លេអែរតូចមួយ និងអាចហោះហើរលើអាកាសក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រ​។ យ៉ាងណាអ្នកវិភាគលោកខាងលិចមួយចំនួនមានការងឿងឆ្ងល់ថា ម៉ាស៊ីនប្រើថាមពលនុយក្លេអ៊ែរបស់មីស៊ីល Burevestnik នេះមិនអាចទុកចិត្តបាន

ព្រោះបើតាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវគំនិតផ្តួចផ្តើមការគំរាមកំហែងនុយក្លេអ៊ែឱ្យដឹងថា មីស៊ីលនេះត្រូវបានធ្វើតេស្តចំនួន១៣ដង នៅចន្លោះឆ្នាំ២០១៧និង២០១៩ ដែលជាលទ្ធផលបរាជ័យសឹងទាំងអស់។

ដោយឡែក នៅក្នុងការថ្លែងកាលពីថ្ងៃព្រហស្បតិ៍នោះដែរ លោក ពូទីន បានកត់សម្គាល់ថា សហរដ្ឋអាមេរិកបានចុះហត្ថលេខា ប៉ុន្តែមិនបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងហាមឃាត់ការសាកល្បងនុយក្លេអ៊ែឆ្នាំ១៩៩៦ ខណៈពេលដែលរុស្ស៊ីបានចុះហត្ថលេខា និងផ្តល់សច្ចាប័នលើវា។ ក្នុងន័យនេះ លោកថា រុស្ស៊ីអាចឱ្យសភាខ្លួនលុបចោលសច្ចាប័នកិច្ចព្រមព្រៀងនេះ និងងាកទៅសាកល្បងនុយក្លេអ៊ែឡើងវិញ​។

គួរជម្រាបថា ទីក្រុងម៉ូស្គូបានធ្វើតេស្តអាវុធនុយក្លេអ៊ែចុងក្រោយបំផុតនៅឆ្នាំ១៩៩០ មួយឆ្នាំមុនសហភាពសូវៀតដួលរលំ ខណៈសហរដ្ឋអាមេរិកធ្វើតេស្តចុងក្រោយក្នុងឆ្នាំ១៩៩២។ រុស្ស៊ីបានសច្ចាប័នលើកិច្ចព្រមព្រៀងហាមឃាត់ការសាកល្បងនុយក្លេអ៊ែឆ្នាំ១៩៩៦ ជាមួយអាមេរិកនៅឆ្នាំ២០០០។

ស្របពេលដែលមានការលើកឡើងបែបនេះ លោក ពូទីន បានគូសបញ្ជាក់ថា លោកមិនទាន់សម្រេចចិត្តធ្វើតេស្តឡើងវិញ ឬយ៉ាងណានោះទេ។ តែមន្ត្រីរុស្ស៊ីខ្លះបានអំពាវនាវឱ្យលោក ពូទីន សាកល្បងគ្រាប់បែកនុយក្លេអ៊ែ ដើម្បីបង្ហាញលោកខាងលិចថា រុស្ស៊ីលែងមានការអត់ធ្មត់ចំពោះការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែនទៀតហើយ។ យ៉ាងណាមិញ បើសិនរុស្ស៊ីពិតជាផ្តើមធ្វើតេស្តនុយក្លេអ៊ែឡើងវិញនោះ លោកខាងលិចពិសេសសហរដ្ឋអាមេរិក ក៏ប្រហែលជានឹងមិននៅស្ងៀមដែរគឺនឹងធ្វើដូចគ្នា នោះភាពតានតឹងនុយក្លេអ៊ែនឹងកើនឡើងជាថ្មីរវាងមហាអំណាចទាំងពីរ ចាប់តាំងវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងប្រព័ន្ធអនុគ្រោះពន្ធ DCTS ជួយជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-អង់គ្លេស

ព័ត៌មាន
រដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានប្រកាសអំពីការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK's…

តៃវ៉ាន់ រងគ្រោះព្រោះឥទ្ធិពលព្យុះ “ កយនុយ “បង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធ

ព័ត៌មាន
ព្យុះសង្ឃរា ដែលមានឈ្មោះថា “ កយនុយ “ បានបោកបក់ខ្លាំងនៅកោះតៃវ៉ាន់ ដោយសម្លាប់ជីវិតមនុស្សម្នាក់ និងបង្ករបួសដល់មនុស្សជាង៣០០នាក់ ព្រមទាំងធ្វើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ