យោងតាមគោលនយោបាយទេសចរណ៍ថ្មីរបស់កោះតៃវ៉ាន់ ដែលត្រូវបានដាក់ចេញក្រោមរដ្ឋបាលគ្រប់គ្រងរបស់ប្រធានាធិបតី សៃ អ៊ឹង-វិន (Tsai Ing-wen) ក្នុងឆ្នាំ២០១៦ វិស័យធ្វើដំណើរ និងទេសចរណ៍ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏មានសារសំខាន់របស់កោះនេះ ហើយក្នុងនោះឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុត និងមានប្រជាជនច្រើនបំផុតជាង២៧០លាននាក់ នៅអាស៊ីអាគ្នេយ៍ បានក្លាយគោលដៅមួយក្នុងចំណោមប្រទេសជាគោលដៅសំខាន់ៗចំនួន១៨របស់តៃវ៉ាន់។
នៅក្នុងប្រទេសឥណ្ឌូនេស៊ី រដ្ឋបាលទេសចរណ៍តៃវ៉ាន់ ដែលស្ថិតក្រោមចំណុះក្រសួងដឹកជញ្ជូន និងទំនាក់ទំនងបានរៀបចំសិក្ខាសាលា ស្ដីពី ទេសចរណ៍តៃវ៉ាន់ ជាញឹកញាប់សម្រាប់បណ្ដាទីភ្នាក់ងារទេសចរណ៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត។
ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់តៃវ៉ាន់ រួមមាន EVA Air និង China Airlines ហោះហើរត្រង់រវាងរដ្ឋធានីហ្សាការតា និងរដ្ឋធានីតៃប៉ិ។ ទន្ទឹមនេះកោះតៃវ៉ាន់ ក៏បានដាក់ចេញកម្មវិធីវិញ្ញាបនបត្រអនុញ្ញាតការធ្វើដំណើរដោយអនុញ្ញាតឱ្យប្រជាជនឥណ្ឌូនេស៊ី ធ្វើដំណើរដោយគ្មានទិដ្ឋាការផងដែរ។
យោងតាមតួលេខរបស់រដ្ឋបាលទេសចរណ៍តៃវ៉ាន់ បង្ហាញថា កោះតៃវ៉ាន់ ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦,៤លាននាក់ ក្នុងឆ្នាំ២០២៣ ដោយក្នុងនោះចំនួន២០ម៉ឺន២ពាន់នាក់ ជាភ្ញៀវទេសចរមកពីប្រទេសឥណ្ឌូនេស៊ី បើធៀបនឹងចំនួនភ្ញៀវទេសចរឥណ្ឌូនេស៊ី ជិត៨ម៉ឺននាក់ ក្នុងឆ្នាំ២០២២។
តួលេខនេះក៏បង្ហាញដែរថា ចំនួនភ្ញៀវទេសចរមកពីប្រទេសចិន បានកើនឡើងដល់ជាង៤,១លានាក់ក្នុងឆ្នាំ២០១៥ ប៉ុន្តែបានធ្លាក់ចុះខ្លាំង បន្ទាប់ពីលោកស្រី សៃ អ៊ឹង-វិន (Tsai Ing-wen) ចូលកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ ជាពេលដែលភាពតានតឹងផ្នែកនយោបាយបានកើនឡើង។
នៅឆ្នាំ២០១៩ កោះតៃវ៉ាន់ ទទួលបានភ្ញៀវទេសចរចិន ចំនួនជាង២,៧លាននាក់ ប៉ុន្តែបានធ្លាក់ចុះកាន់តែខ្លាំងអំឡុងវិបត្តិកូវីដ-១៩ ដោយធ្លាក់ចុះមកនៅត្រឹមជាង១ម៉ឺន៣ពាន់នាក់ក្នុងឆ្នាំ២០២១ មុនពេលកើនឡើងដល់ជិត២៣ម៉ឺននាក់ក្នុងឆ្នាំ២០២៣៕
ដោយ: តែម សុខុម