ជំនួប​កំពូល លោកត្រាំ និងគីម

វៀតណាម រំពឹងប្រយោជន៍យ៉ាងសន្ធឹក ពីការរៀបចំជំនួបកំពូលរវាង លោក ត្រាំ និង គីម


ដូចទៅនឹងការគ្រោងទុក ជំនួបកំពូលជាប្រវត្តិសាស្ត្រលើកទី២ រវាងមេដឹកនាំអាមេរិក លោក ដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្ដើមឡើងហើយ នៅថ្ងៃពុធ ទី២៧ កុម្ភៈនេះ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលជំនួបនេះ គឺនឹងធ្វើឡើងរយៈពេល ២ថ្ងៃ ពោលគឺ ថ្ងៃទី២៧-២៨ កុម្ភៈ។ អ្វីដែល គេចាប់អារម្មណ៍នោះ គឺប្រទេសវៀតណាម ដែលជាម្ចាស់កម្មវិធីនោះ កំពុងមានមុខមានមាត់កាន់ខ្លាំងលើឆាកអន្តរជាតិ ខណៈដែលរដ្ឋាភិបាលប្រទេសនេះ រំពឹងទទួលបានប្រយោជន៍ជាច្រើន ពីការរៀបចំជំនួបកំពូលនេះ។
វៀតណាម រំពឹងប្រយោជន៍យ៉ាងសន្ធឹក ពីការរៀបចំជំនួបកំពូលរវាង លោក ត្រាំ និង គីម

លោក ហ័ង ញ៉ាន ជិញ អគ្គលេខាធិកា​នៃគណៈ​កម្មាធិការ​ប្រឹក្សា​ទេសចរណ៍​វៀតណាម បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក Vietnam Express ថា បើនិយាយ​ពីអត្ថ​ប្រយោជន៍ ដែលវៀតណាម​​ទទួលបាន គឺមិន​អាច​យក​អ្វីមក​វាស់វែង​បានទេ។ ប៉ុន្ដែ លោក ជឿជាក់ថា ការរៀប​ចំកម្មវិធី​ជំនួប​កំពូលនេះ នឹង​ជំរុញខ្លាំង គឺវិស័យ​ទេសចរណ៍ ការវិនិយោគ ពាណិជ្ជកម្ម ពិសេស គឺការឈាន​ទៅការ​ពង្រីក​​ដៃគូ​ពាណិជ្ជកម្ម​​ជាមួយ​កូរ៉េខាងជើង​ បើកិច្ច​ពិភាក្សា​រវាង​​​អាមេរិក និងកូរ៉េ​ខាងជើង​​សម្រេច​បាន​ផ្លែផ្កាល្អ។

លោក ហ័ង ញ៉ាន ជិញ បានលើកឡើងថា «ប្រទេស​វៀតណាម ធ្លាប់បាន​​ចំណាយ​លុយ​រាប់លានដុល្លារអាមេរិក ​ដើម្បីផ្សព្វផ្សាយពី​វិស័យទេសចរណ៍ ប៉ុន្ដែ រាល់ការចំណាយ​ផ្សព្វផ្សាយទាំង​ប៉ុន្មានពីមុនមកនោះ គឺ​មាន​ប្រសិទ្ធភាព​​មិនស្មើនឹង​ការរៀបចំ​​កម្មវិធីជំនួប​រវាង​មេដឹកនាំកំពូល​របស់ពិភពលោកទាំងពីររូបនេះឡើយ»។ 

ឆ្នាំ២០១៨ ទេសចរ​បរទេស ​ដែលធ្វើ​ដំណើរកម្សាន្ដ​ចូលក្នុងប្រទេសវៀតណាម​មាន​ប្រមាន ១៥លាន ៥សែននាក់ កើនឡើង​២០% ធៀបនឹងឆ្នាំ ២០១៧ ហើយនៅឆ្នាំ២០១៩នេះ វៀតណាម​រំពឹងថា ទេសចរ​បរទេស​នឹងកើនឡើងដល់ ១៨លាននាក់។

ពិសេសជាងនេះ នៅមុន​ជំនួប​មកដល់ ក្រុមហ៊ុន​វៀតណាម និងអាមេរិក ដែលមាន​ការ​សម្រប​សម្រួល​ពី​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ក៏បាន​សម្រេច​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំៗ​មួយចំនួន​ផងដែរ ដែលមានតម្លៃជា​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ។

ជាក់ស្ដែង មានក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ចំនួន​ពីរ គឺ​ក្រុមហ៊ុន​ Vietjet និង Bamboo បានចុះកិច្ចព្រមព្រៀង​ជាមួយ​​ក្រុមហ៊ុន​អាមេរិក Boeing ក្នុងការបញ្ជា​ទិញ​យន្ដហោះ​ពីក្រុមហ៊ុន​អាមេរិក ចំនួន ១១០ គ្រឿង ក្នុងតម្លៃ​ទឹកប្រាក់​១៥ពាន់លាន​ដុល្លារ​អាមេរិក ខណៈដែល​ថ្មីៗនេះ ប្រទេស​វៀតណាម និងអាមេរិក ក៏ទើបតែ​មានតែ​មានកិច្ច​ព្រមព្រៀង​ហោះហើរ​ត្រង់ទៅមក​ជាមួយគ្នា​ផងដែរ។

ក្នុង​កិច្ចព្រមព្រៀង​ទិញយន្ដហោះ១១០គ្រឿង​នេះ ក្រុមហ៊ុន​វៀតណាម Vietjet នឹងទិញ​យន្ដហោះ​ប្រភេទ Boeing 737 MAX ចំនួន ១០០ គ្រឿង ពីក្រុមហ៊ុនអាមេរិក Boeing ដែលមានតម្លៃជាទឹកប្រាក់​សរុប ១២,៧ ពាន់លាន​ដុល្លារអាមេរិក ខណៈដែល​ក្រុមហ៊ុន Bamboo បានចុះកិច្ច​សន្យា​ទិញ​យន្ដហោះ​​ប្រភេទ Boeing 787 Wide-bodied ចំនួន​១០ គ្រឿង ដែលមាន​តម្លៃ​សរុប​២,៩ ពាន់​លាន​ដុល្លារអាមេរិក។ បន្ថែមពីនេះ ក្រុមហ៊ុន​ Bamboo ក៏មាន​ផែនការ​នឹងបញ្ជា​ទិញ យន្ដហោះ ប្រមាណ​២៥ គ្រឿង​បន្ថែមទៀត នៅឆ្នាំ​នេះផងដែរ​ ​​

លើសពីនេះ តាមរយៈព្រឹត្តិការណ៍​ជំនួបនេះដែរ ត្រូវបាន​គេមើល​ឃើញថា វៀតណាម នឹង​មាន​ឱកាស​កាន់តែ​ប្រសើរ ដើម្បីជំរុញ​ការធ្វើពាណិជ្ជកម្ម​និងការវិនិយោគ​ជាមួយ​នឹងកូរ៉េខាងជើង ប្រសិនបើ​ប្រទេស​កូរ៉េខាងជើង បាន​បង្កើន​នូវទំនាក់ទំនង​ល្អជាមួយ​អាមេរិក និងបើក​ចំហរទីផ្សារ​របស់ខ្លួន។ ជាក់ស្ដែង ​វៀតណាម និងអាមេរិក ​ដែលធ្លាប់តែ​ជាសត្រូវ​ស៊ីសាច់ហុត​ឈាមគ្នាកាលពី​អតីតកាល​ តែ​បច្ចុប្បន្ន​ក៏បានក្លាយជា​មហាមិត្តមួយ ដែលមាន​ទំនាក់ទំង​ល្អទាំងការ​ទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ 

ជាមួយគ្នានេះដែរ គ្រាន់តែ​ទៅដល់​ទឹកដី​ទីក្រុងហាណូយ ប្រទេស​វៀតណាម​ភ្លាម ពោលគឺ​នៅមុនជំនួបចាប់ផ្ដើម លោក​ដូណាល់ត្រាំ ក៏បាន​បង្ហោះសារ​មួយ​លើបណ្ដាញ Twitter ផ្លូវការ​របស់លោក​ភ្លែតដែរ ដោយលោក​បានសរសេរ​ដោយចង់​បញ្ចុះបញ្ជូល​កូរ៉េខាងជើង​ឲ្យ​មានភាព​ជឿជាក់​ទៅលើ​អាមេរិក និងដើរតាម​គំរូ​វៀតណាម ដោយ​អាមេរិកសន្យា​​នឹងជួយ​ជ្រោមជ្រែង​កូរ៉េខាងជើង ឲ្យលូត​លាស់​ដូច​វៀតណាមដែរ។

លោក ដូណាល់ត្រាំ បានសរសេរថា «ប្រទេសវៀត​ណាម​កំពុង​មានការរីក​លូតលាស់ ដូចទៅនឹង​កន្លែង​ពី បី នៃផែន​ដីនេះ។ កូរ៉េខាងជើង ក៏អាច​ក្លាយដូចជា​ប្រទេស​វៀតណាមដែរ និងរីក​ចម្រើន​លឿន​រហ័សទៀតផង ប្រសិនបើ បោះបង់​គម្រោង​នុយក្លែអ៊ែ​ចោល។ សក្ដានុពល គឺពិតជា​អស្ចារ្យ​ណាស់ ហើយឱកាស​ដ៏ល្អនេះ គឺដូចជា​មិនមាន​ឡើយ ​នៅក្នុង​ប្រវត្តិសាស្ត្រ សម្រាប់​សម្លាញ់​របស់​ខ្ញុំ គីម ជុងអុន។ យើងនឹង​ទទួលបាន​ភាពយុត្តិធម៌​ក្នុងពេលឆាប់ៗ ហើយវា​ជារឿង​គួរឲ្យចាប់​អារម្មណ៍​ណាស់»។ 

គួរបញ្ជាក់ថា នេះគឺជាជំនួប​លើកទី២ហើយ រវាង​លោកដូណាល់ត្រាំ និងលោក គីម ជុងអ៊ុន ក្នុងការ​ពិភាក្សា​ដោយផ្តោត​ជាសំខាន់ លើការ​ឈានទៅរក​ដំណោះស្រាយ លុបបំបាត់ គម្រោង​អាវុធនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និងការដោះ​ស្រាយ​បញ្ហា​ជម្លោះ​នៅឧបទ្វីកូរ៉េ ខណៈដែលកាល​ពីជំនួប​លើកទី១ គឺធ្វើឡើងនៅ​ប្រទេស​សិង្ហបុរី​កាលពីខែ​មិថុនា ឆ្នាំ២០១៨ តែត្រូវបាន​គេមើល​ឃើញថា ហាក់មិន​សូវជា​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​នោះឡើយ។

តែយ៉ាងណា យើង​នឹងរង់ចាំមើល​ទាំងអស់​គ្នា​បន្តទៀត​ថា តើ​ជំនួប​លើកទី២​នេះ នឹង​សម្រេច​បាន​ផ្លែផ្កា​អ្វីខ្លះ សម្រាប់​ភាគីទាំងពីរ ក៏ដូចជាពិភពលោកផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា ចេង ខេង នឹងចុះកិច្ចព្រមព្រៀងសិក្សាពីគម្រោង Forest City ដ៏ធំបំផុតនៅម៉ាឡេស៊ី

ព័ត៌មាន
លោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានដឹកនាំក្រុមអ្នកជំនាញ និង អ្នកអភិវឌ្ឍន៍អចលនវត្ថុ…

បច្ចេកវិទ្យា 5G ទំនើបចុងក្រោយបំផុតរបស់ Huawei ធ្វើឲ្យពិភពលោកកំពុងជ្រួលច្របល់ ជាពិសេស អាមេរិក

ព័ត៌មាន
ក្រុមហ៊ុន Huawei បានបង្ហាញនូវ បច្ចេកវិទ្យា 5G ទំនើបចុងក្រោយបំផុត របស់ខ្លួន នៅលើទីផ្សារសកលលោក ដែលបានធ្វើឲ្យ ពិភពលោក ជ្រួលច្របល់និងបច្ចេកវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ