តៃវ៉ាន់និងកាណាដាចរចាកិច្ចព្រមព្រៀងវិនិយោគ?

តៃវ៉ាន់ និងកាណាដា សន្យារួមគ្នាចាប់ផ្តើមពិភាក្សាកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី


កោះតៃវ៉ាន់ និងប្រទេសកាណាដា បាននិយាយព្រមព្រៀងគ្នានៅដើមសប្តាហ៍នេះថា ភាគីទាំងពីរនឹងចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងការពារការវិនិយោគទ្វេភាគីថ្មីមួយ ក្នុងពេលឆាប់ៗនេះ។ ការផ្តើមពិភាក្សាពីកិច្ចព្រមព្រៀងវិនិយោគរវាងកាណាដា និងកោះតៃវ៉ាន់នេះ បានបង្ហាញពីការខិតទៅជិតគ្នាកាន់តែខ្លាំងរវាងភាគីទាំង២នេះ ស្របពេលដែល ទាំងតៃវ៉ាន់ខ្លួនឯង និងទាំងកាណាដា សុទ្ធតែកំពុងមានភាពតានតឹង មើលមុខគ្នាមិនត្រង់រៀងៗខ្លួនជាមួយនឹងរដ្ឋអំណាចក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តៃវ៉ាន់និងកាណាដាចរចាកិច្ចព្រមព្រៀងវិនិយោគ?
ដោយ

ថ្នាក់ដឹកនាំ​កោះ​តៃវ៉ាន់ លោកស្រី សៃ អ៊ី​ង​វិ​ន បាន​ឲ្យ​ដឹង​ថា ប្រធាន​ផ្នែក​ចរចា​ពាណិជ្ជកម្ម លោក ច​ន ដេ​ង (John Deng) បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កា​ណា​ដា​តាម​រយៈ​អន​ឡាញ​រួច​ហើយ ខណៈ​ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ចាប់ផ្តើម ការ​ពិភាក្សា​លើ​ការ​រៀបចំ​ការ​ជំរុញ និង​ការ​ការពារ​ការ​វិនិយោគ​បរទេស​ហៅ​កាត់​ថា FIPA រវាង​ភាគី​ទាំង​ពីរ​។

សេចក្តីថ្លែងការណ៍​ពី​ភាគី​តៃវ៉ាន់​បាន​គូសបញ្ជាក់​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ គឺជា​សកម្មភាព​ដ៏​សំខាន់​មួយ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។

គួរ​ជម្រាប​ថា ដើម្បី​ធ្វើ​ឲ្យ​ខ្លួនឯង​រឹង​មាំ​ផ្នែក​សេដ្ឋកិច្ច កោះ​តៃវ៉ាន់​បាន​និង​កំពុង​ព្យាយាម​ស្វែងរក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​នានា​តាម​លទ្ធភាព ពិសេស​ជាមួយ​ប្រទេស​ដែល​ខ្លួន​តែង​ចាត់​ទុក​ថា​ជា​ដៃគូ​ដែល​មានគំនិត​ដូច​គ្នា ដូច​ជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ជាដើម​។

ក្នុង​នាម​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO មួយ​ដែរ តៃវ៉ាន់​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​តែ​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ចំនួន​២​ប៉ុណ្ណោះ គឺ​សិង្ហ​បុរី និង​ប្រទេស​ញូ​ហ្សេ​ឡែ​ន​។

ដោយឡែក ប្រទេស​ចិន​ឯនោះ​វិញ ត្រូវ​បាន​កោះ​តៃវ៉ាន់​តែងតែ​ចាត់​ទុក​ចិន​ថា ជា​ឆ្អឹង​ទទឹង​ក​។ ជា​ឆ្អឹង​ទទឹង​ក ក៏​ដោយសារ​តែ ចិន​តែងតែ​ព្យាយាម ហាមឃាត់ និង​រារាំង​ប្រទេស​ផ្សេង​ៗ មិន​ឲ្យ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម ឬ​មាន​ទំនាក់ទំនង​ការទូត​ដោយ​ផ្ទាល់​ជាមួយ​កោះ​តៃវ៉ាន់​ទេ​។

សម្រាប់​កា​ណា​ដា ដូចនឹង​ប្រទេស​ភាគច្រើន​នៅ​លើ​ពិភពលោក​ដែរ កា​ណា​ដា គ្មាន​ឡើយ​ចំណង​ការទូត​ផ្លូវការ ជាមួយ​កោះ​តៃវ៉ាន់ ប៉ុន្តែ​ថ្នាក់ដឹកនាំ​ប្រទេស​មួយ​នេះ បាន​កត់សម្គាល់​ពី​សារៈសំខាន់​របស់​កោះ​តៃវ៉ាន់ ក្នុង​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ របស់​ខ្លួន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។

យ៉ាងណា​ក៏​ដោយ​ចុះ ការ​ខិត​ជិត​ទៅ​រកគ្នា​រវាង​ភាគី​ទាំង​ពីរ អាច​ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​ក្តៅស្លឹកត្រចៀក​បន្ថែម​ទៀត​។ ខឹងសម្បារ​ដោយសារ​តែ​នេះ ជា​អំពើ​ផ្ទុយ​ពី​អ្វី​ដែល​ចិន​ចង់បាន​។ ក្រុង​ប៉េ​កាំ​ង​រមែង​ព្យាយាម​ដាក់​កោះ​តៃវ៉ាន់​ឲ្យ​នៅ​ឯកា ឯកា​រហូត​គ្មាន​ទីពឹង នោះ​ខ្លួន​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បង្រួបបង្រួម​ដែនដី​កោះ​តៃវ៉ាន់ ។

សូម​បញ្ជាក់​ថា ចិន​តែង​ចាត់​ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន ដោយ​គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ភ្ជាប់​ទំនាក់ទំនង​ផ្លូវ​រដ្ឋ​ជាមួយ​ឡើយ យ៉ាងណាមិញ​នេះ​ជា​ទស្សនៈ​ដែល​កោះ​តៃវ៉ាន់ តែង​ច្រានចោល​ជា​រៀង​រហូត​មក​៕
None



អត្ថបទបន្ទាប់


ក្រុមហ៊ុនលីប្រេស្ស ឧបត្ថម្ភបន្ទប់ទឹកអនាម័យដល់សិស្សវិទ្យាល័យមួយក្នុងខេត្តសៀមរាប

ក្រុមហ៊ុនលីប្រេស្ស (Libresse®) ដែលជាម៉ាកយីហោថែរក្សាសុខភាពស្ត្រីឈានមុខគេលើពិភពលោក បានឧបត្ថម្ភបន្ទប់ទឹកអនាម័យ ចំនួន ២ខ្នង មាន ៥បន្ទប់ ជូន…

តើទីផ្សារចិនអាចនឹងស្រូបយកផលិតផលកសិកម្មពីកម្ពុជាកាន់តែច្រើន ជំនួសទីផ្សារវៀតណាមដែរឬទេ?

យោងតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងកសិកម្ម និងរុក្ខាប្រមាញ់និងនេសាទ នៅក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញផលិតផលកសិកម្មសរុប ជិត៨លានតោន ទៅកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ