ស្រីលង្កាសុំចិនពន្យារពេលសងបំណុល

ស្រីលង្កាស្នើចិនឲ្យជួយសម្រួលដល់លក្ខខណ្ឌសងបំណុល


ប្រធានាធិបតីប្រទេសស្រីលង្កាបានស្នើសុំទៅកាន់ប្រទេសចិន ដែលជាម្ចាស់បំណុលរបស់ខ្លួន ឲ្យពិនិត្យមើលឡើងវិញនូវរយៈពេលសងបំណុល ដើម្បីរួមចំណែកជួយសម្រាលបន្ទុករដ្ឋាភិបាលស្រីលង្កា ស្របពេលដែលប្រទេសនេះកំពុងដើរលើផ្លូវទៅរកវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលស្រីលង្កាកាលពីថ្ងៃអាទិត្យ ហើយត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ស្រីលង្កាសុំចិនពន្យារពេលសងបំណុល
ដោយ

ការ​ស្នើ​សុំ​ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​រយៈពេល​សងបំណុល​ដ៏​ច្រើន​សម្បើម​នេះ ធ្វើ​ឡើង​ក្នុងអំឡុងពេល​ជំនួប​នៅ​រដ្ឋធានី​កូ​ឡំ​បូ រវាង លោក វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​ចិន ជាមួយ លោក កូតា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា ប្រធានាធិបតី​ស្រី​លង្កា ក្នុង​ឱកាស​ដែល​ប្រមុខ​ការទូត​ចិន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​មួយ​នេះ​កាលពី​ថ្ងៃអាទិត្យ​ទី​០៩ មក​រា​។

ក្នុង​នាម​ជា​ប្រទេស​ដែល​ទទួល​បាន​កម្ចី​ទ្វេភាគី​ច្រើន​បំផុត​ពី​ប្រទេស​ចិន ស្រី​លង្កា​បាន​ទទួល​អត្ថប្រយោជន៍​ច្រើន​ណាស់ ពី​កម្ចី​រាប់​ពាន់​លាន​ដុល្លារ​ពី​ទីក្រុង​ប៉េ​កាំ​ង ប៉ុន្តែ​បច្ចុប្បន្ន​ប្រទេស​មួយ​នេះ​កំពុង​ផុងខ្លួន ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​ទៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​កាន់តែ​អាក្រក់​ទៅ​ៗ​។

កាល​ទសវត្សរ៍​មុន​នេះ ប្រទេស​ចិន​បាន​ផ្ដល់​កម្ចី​ដល់​ប្រទេស​ស្រី​លង្កា​ដល់​ទៅ ៥​ពាន់​លាន​ដុល្លារ សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​, កំពង់​ផែ​, ព្រ​លាន​យន្ដហោះ និង​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ជាដើម​។ ប៉ុន្ដែ កម្ចី​ដែល​យក​ទៅ​ប្រើប្រាស់​គម្រោង​ទាំង​អស់នេះ​ត្រូវ​បាន​គេ​រិះគន់​ថា មិន​បាន​ផ្ដល់​ផលប្រយោជន៍​ដូច​អ្វី​ដែល​បាន​រំពឹង​ទុក​នោះ​ទេ​។

ប្រទេស​ស្រី​លង្ការ​ត្រូវ​សងបំណុល​សរុប​ប្រហែល ៤​ពាន់​៥​រយ​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០២២​នេះ ដោយ​នឹង​ចាប់ផ្ដើម​សង​ប្រមាណ ៥០០​លាន​ដុល្លារ​សម្រាប់​មូល​ប​ត្រ​បំណុល​អន្តរជាតិ​នៅ​ត្រឹម​ថ្ងៃ​ទី​១៨​ខែមករា​នេះ​។

តើ​មូលហេតុ​អ្វី​បានជា​ស្រី​លង្កា​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​បែប​នេះ?

មែនទែន​ទៅ ស្រី​លង្កា​ជា​ប្រទេស ដែល​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ប៉ុន្តែ​ដោយសារ​រង​គ្រោះ​ធ្ងន់ធ្ងរ​ពី​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​ស្រី​លង្កា​ខាតបង់​ប្រាក់​ជា​ច្រើន​ពី​ប្រភព​ចំណូល​វិស័យ​ទេសចរណ៍​ដ៏​ចម្បង​មួយ​នេះ​។ ស្រី​លង្កា​បាន​និង​កំពុង​ជួប​វិបត្តិ​ខ្វះ​ថវិកា​ខ្លាំង​មែនទែន រហូត​ដល់​ត្រូវ​បង្ខំចិត្ត​ឲ្យ​រដ្ឋាភិបាល​ក្រុង​កូ​ឡំ​បូ ដក​លុយ​ពី​កញ្ចប់​បម្រុង​រូបិយប័ណ្ណ​បរទេស​ទៅ​ចាយវាយ ដោះស្រាយ​បញ្ហា​មួយ​គ្រា​សិន​ផង​ដែរ​។ គិត​ត្រឹម​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ ២០២១ កញ្ចប់​ថវិកាបម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ស្រី​លង្កា​នៅ​សល់​តែ ១.៥០០​លាន​ដុល្លារ​ប៉ុណ្ណោះ​។

បន្ថែម​ពីលើ​ការ​បំពេញតម្រូវការ​ចាយវាយ​ក្នុងស្រុក រដ្ឋាភិបាល​ស្រី​លង្កា​ក៏​ត្រូវការ​សង​ប្រាក់​ទៅ​ម្ចាស់បំណុល​ដែរ ពិសេស​បំណុល​ដ៏​ច្រើន​សម្បើម​ដែល​ប្រទេស​អាស៊ី​មួយ​នេះ​កំពុង​ជំពាក់​ប្រទេស​ចិន​។

ប្រការ​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​ទាំងនេះ​ហើយ​ទើប​ជំរុញ​ឲ្យ​ប្រធានាធិបតី​ស្រី​លង្កា ស្នើ​សុំ​ចិន​ដែល​ជា​ម្ចាស់បំណុល​ធំ​បំផុត​របស់​ខ្លួន ជួយ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ឡើង​វិញ និយាយ​ឲ្យ​ងាយ​យល់ ស្រួល​ស្តាប់​ទៅ​ទស្សនិកជន គឺ​ស្នើ​សុំ​ឲ្យ​ពន្យារពេល​ក្នុង​ការ​សងបំណុល​តែ​ម្តង​។

មិន​មានការ​ឆ្លើយ​តប​ភ្លាម​ៗ​ណាមួយ​ពី​លោក​វ៉ាង យី ទៅ​កាន់​សំណើ​ខាងលើ​នេះ​ទេ រីឯ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ស្រី​លង្កា​ក៏​មិន​បាន​និយាយ​អ្វី​ជុំវិញ​បញ្ហា​ការ​ស្នើ​សុំ​ពន្យា​សងបំណុល​របស់​ប្រទេស​ស្រី​លង្ការ​នេះ​ដែរ នៅ​ក្រោម​ជំនួប​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ លោក​វ៉ាង យី និង ប្រធានាធិបតី​ស្រី​លង្ការ​។

គួរ​កត់​សម្គាល់ថា ចិន​ជា​អ្នក​ផ្តល់​ប្រាក់​កម្ចី​ទ្វេភាគី​ទៅ​ឲ្យ​ស្រី​លង្កា​ធំ​ជាងគេ​លំដាប់​ទី​៤ បន្ទាប់​ពី ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​ប្រទេស​ជប៉ុន​។ គិត​ត្រឹម​ខែមេសា​ឆ្នាំ​២០២១ រដ្ឋ​ស្រី​លង្កា​ជំពាក់​បំណុល​ចិន​ដល់​ទៅ ៣​ពាន់​៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជីវករថៃស្នើរដ្ឋនាំចូលសាច់ជ្រូកផ្គត់ផ្គង់ទីផ្សារ ដើម្បីទប់ទល់តម្លៃសាច់ជ្រូកកំពុងកើនខ្លាំង

ព័ត៌មាន
បើទោះជាមានការអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីថៃ ឱ្យក្រសួងពាក់ព័ន្ធទាំងអស់មានចំណាត់ការសម្របសម្រួលចំពោះបញ្ហាតម្លៃសាច់ជ្រូកឡើងថ្លៃតាំងតែពីសប្ដាហ៍ម…

កម្ពុជាជំរុញការចាក់វ៉ាក់សាំងដូសទី៣ និងបើកយុទ្ធនាការចាក់ដូសទី៤ ចំពេលអូមីក្រុងឆ្លងចូលសហគមន៍

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យក្រសួងសុខាភិបាល ពន្លឿនការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ នៅតាមបណ្ដាខេត្តទាំងអស់ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ