កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ RCEP

កម្ពុជា នឹងក្លាយជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោកធំមួយ នៅឆ្នាំនេះ


ប្រទេសកម្ពុជា នឹងក្លាយជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោកធំមួយ ក្នុងចំណោមប្រទេសសមាជិកទាំង១៦ ក្រោយពីកិច្ចព្រមព្រៀងនេះ ត្រូវបានបើកការចរចា និងដោះស្រាយបញ្ហាសេសសល់នានាជិតរួចរាល់ហើយ។ បើតាម សេចក្ដីប្រកាសព័ត៌មាននៅក្នុងកិច្ចប្រជុំចុងក្រោយនេះមួយក្នុងដំណើរកិច្ចចរចាកិច្ចព្រមព្រៀងនេះ អាចនឹងបានចរចាបញ្ចប់ទាំងស្រុងនៅក្នុងឆ្នាំ២០១៩នេះ។
កិច្ចប្រជុំរដ្ឋមន្ត្រីលើកទី៧ ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSL-MM) នៅខេត្តសៀមរាប (រូបភាពពី ហ្វេសប៊ុក​សម្តេច ហ៊ុន សែន)
ដោយ

កិច្ចព្រម​ព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​តំបន់ (REGIONAL COMPREHENSIVE ECONOMIC PARTNERSHIP) ហៅកាត់ RCEP នេះ គឺជា​គំនិតផ្ដួច​ផ្ដើម​របស់​អាស៊ាន ដែលផ្អែក​លើកុងសង់ស៊ីស សម្រាប់ការ​ធ្វើសេចក្ដី​សម្រេច​ចិត្ត ដែលបាន​ប្រកាស​ឲ្យចាប់ផ្ដើម​ចរចា​តាំងពី​អំឡុង​ឆ្នាំ​២០១២ មកម្លេះ នៅកម្ពុជា ដែលមាន​ប្រទេស​ចូលរួម​ចរចា​ចំនួន​១៦ ប្រទេស។ រួមមាន ប្រទេស​សេដ្ឋកិច្ច​ខ្លាំងក្លា ដូចជា ចិន ជប៉ុន ឥណ្ឌា ​អូស្ត្រាលី ញូស៍ឡែន កូរ៉េខាងត្បូង រួមទាំង​ប្រទេស អាស៊ានទាំង១០​ទៀត គឺ ព្រុយណេ  សិង្ហបុរី ម៉ាឡាស៊ី ឥណ្ឌូនេស៊ី ថៃ ភីលីពីន វៀតណាម កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។

កិច្ចព្រមព្រៀង RCEP នេះ ត្រូវបាន​ដឹងថា មាន​ទំហំសេដ្ឋកិច្ច​សរុប​ប្រមាណ ៣០% នៃទំហំ​សេដ្ឋកិច្ច​របស់​ពិភពលោក​ទាំងមូល (គិតត្រឹមឆ្នាំ២០១៤) និងមាន​ចំនួន​ប្រជាជន​ស្ទើរតែ​ពាក់កណ្ដាល​នៃចំនួន​ប្រជាជន​ពិភពលោក​សរុប​ទៅហើយ។ មិនតែ​ប៉ុណ្ណោះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពិភពលោក​ធំមួយនេះ​ក៏មាន​ចំណែក​៣១,៦ ភាគរយ​នៃផលិតកម្ម​ពិភពលោក និងមាន​២៨,៥ ភាគរយ​នៃពាណិជ្ជកម្ម​ពិភពលោក​ ព្រមទាំង​មាន​មួយភាគប្រាំ នៃលំហូរវិនិយោគ​ផ្ទាល់​ពីបរទេស​របស់​ពិភពលោក (គិតត្រឹមឆ្នាំ​២០១៦) ផងដែរ។

គួរបញ្ចាក់ដែរថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP នេះ បើធៀបនឹង​កិច្ចព្រមព្រៀង​វឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់​ភាពជា​ដៃ​គូអន្តរ​ប៉ាស៊ីហ្វិក (CP TPP) គឺធំជាង​កិច្ចព្រមព្រៀង​ CP TPP ទៅទៀត។ តួយ៉ាង កិច្ចព្រមព្រៀង​ CP TPP នេះ គ្របដណ្ដប់លើ​ទំហំសេដ្ឋកិច្ច​ពិភពលោក​តែ ១៦% ប៉ុណ្ណោះជាមួយ​នឹង​ចំនួន​ប្រជាជន​៥០០ លាន​នាក់។

កិច្ចព្រមព្រៀង CP TPP មានប្រទេស​សមាជិកចំនួន ១១ រួមមាន អូស្ត្រាលី ប្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិចសិកកូ ញ៉ូស័រឡែន ប៉េរូ សាំងហ្គាពួរ និងវៀតណាម នឹង​បានចូល​ជាធរមាន​កាលពី​ថ្ងៃទី ៣០​ខែធ្នូ​ឆ្នាំ២០១៨។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើកទី​៧ ស្ដីពី​កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (7th RCEP ISSL-MM) នៅខេត្ត​សៀមរាប កាលពីថ្ងៃទី ២ ខែកុម្ភៈ កន្លងទៅនេះ សម្ដេច តេជោ ហ៊ុន សែន លើកឡើងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​RCEP នេះ គឺជា​តំបន់​ពាណិជ្ជកម្ម​សេរី​ដ៏ធំបំផុត នៅក្នុង​តំបន់​អាស៊ី​ នៅពេល​អនាគត​ដ៏ខ្លី​ខាងមុខ ដែល​នឹងក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំមួយ​សម្រាប់​វិបុល​ភាព​សេដ្ឋកិច្ច ពិភពលោក។ 

សម្តេច ហ៊ុន សែន បាន​លើកឡើង​ទៀតថា របត់​ពាណិជ្ជកម្ម​អន្តរជាតិ និងបញ្ហា​ប្រឈម​មួយចំនួន​ដែលបង្ក​ឡើង​ដោយ​ប្រទេស​មហាអំណាច​ធំៗ បាននិង​កំពុង​អូសទាញ​ប្រទេស​សមាជិកអាស៊ាន​ និងប្រទេស​គាំទ្រ​របប​ពាណិជ្ជកម្ម​សេរី​ក្នុង​ទិដៅ ផ្សេងៗគ្នា​ ប៉ុន្ដែ​យ៉ាងណា​ក៏ដោយ កម្ពុជា និងសមាជិក​អាស៊ាន​ទាំងអស់ នៅតែ​បន្ដ​ធ្វើការ​ជាមួយគ្នា​ដើម្បី​ស្វែងរក​មូលដ្ឋាន​ និងទិសដៅ​ និងអត្ថប្រយោជន៍​រួម។

នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​ទៀតថា កត្តា​ប្រែប្រួល​នៃភូមិសាស្ត្រ​នយោបាយ និងប៉ូល​សេដ្ឋកិច្ច ពិភពលោក​ ព្រមទាំង​សារសំខាន់​នៃការបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ RCEP នឹងប្រែក្លាយ​សេដ្ឋកិច្ច​ក្នុងតំបន់ អាស៊ី ឲ្យទៅជា​ប៉ូលសេដ្ឋកិច្ច​ស្នូល សំដៅ​ជួយ​ទប់ស្កាត់​គោលនយោបាយ​គាំពារ​និយម និងការរីក​រាលដាល​នៃសង្គ្រាមពាណិជ្ជកម្ម​។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជប៉ុន លោក Hiroshige Seko បានថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ប្រសិនបើ​កិច្ចព្រមព្រៀង RCEP នឹងសម្រេច​បាន​ជាមួយគ្នា​នៅឆ្នាំនេះមែន នោះ​វា​នឹង​បង្ហាញ​ឲ្យ​ឃើញថា ពិភពលោក​ពិតជា​នៅតែ​ចង់បាន​ក្របខណ្ឌ​ពាណិជ្ជកម្ម​សេរី​ពហុភាគី។

តែយ៉ាងណា នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បានលើក​ឡើងថា តាមរយៈ​កិច្ចព្រមព្រៀង​ RCEP​នេះ ឥណ្ឌា​នៅតែមាន​​ការ​ព្រួយបារម្ភ ពីហានិភ័យ​ទាក់ទង​ការទម្លាក់​ពន្ធនាំចូលទាប ដែលវា​អាចនឹងធ្វើឲ្យ​ទំនិញ​របស់ចិន​នឹង​ហូរចូល​ដូចទឹក​បាក់​ទំនប់​ ចូលមក​ក្នុង​ប្រទេស​របស់ខ្លួន ហើយ​វានឹង​ធ្វើឲ្យ​ប្រទេស​ឥណ្ឌា​មានឱនភាព​ពាណិជ្ជកម្ម​ជាមួយចិន។ 

យ៉ាងណាក៏ដោយចុះ បើតាម​ប្រភពព័ត៌មាន ដែលបាន​ឆ្លើយ​ប្រាប់​សារព័ត៌មាន​Asian Nikkei Review  បាន​ឲ្យដឹងថា​នៅក្នុងកិច្ចប្រជុំ​នៅរដ្ឋមន្ត្រី​លើកទី​៧ ស្ដីពី​កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (7th RCEP ISSL-MM) នៅខេត្ត​សៀមរាប នាពេលថ្មីៗ​នេះ គឺមិនមាន​ការពិភាក្សា​ស៊ីជម្រៅ​នោះឡើយ។ ជាក់ស្ដែង មាន​កិច្ចព្រមព្រៀង​តែ​ចំនួន​៧ ប៉ុណ្ណោះ ក្នុង​ចំណោម​សំណើ​កិច្ចព្រមព្រៀង​ទាំង​១៨ ត្រូវបាន​ចុះ​ហេត្ថលេខារួមគ្នា។ ដោយឡែក កិច្ចព្រៀម​ព្រៀង​ដែលនៅសល់​ជាប់​គាំង​ទាំងនោះ​គឺទាក់ទង​នឹង​ចំណុច​កាត់​​ពន្ធនាំចូល និង​ច្បាប់​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ (E-Commerce)។ 

សូមបញ្ជាក់ដែរថា​ មានប្រទេស​មួយចំនួន​ដូចជា ថៃ ឥណ្ឌូនេស៊ី អូស្ត្រាលី និងឥណ្ឌា នឹងត្រូវ​មានការ​បោះឆ្នោត​ជាតិ​នាពេល​នាពេល​ខាងមុខនេះ ដូច្នេះ វាបាន​ធ្វើឲ្យ​កិច្ច​ចរចា​RCEP  ហាក់​នៅមិន​ទាន់​ច្បាស់លាស់​ថានឹង​សម្រេច​បាន ឬមិនបាន​នៅឡើយ។ តែយ៉ាងណា​បើតាម​ផែនការ ប្រទេស​ជា​សមាជិក​ទាំងអស់​នឹង​ឈានទៅ​បញ្ចប់​កិច្ចចរចា​នេះ នៅ​ក្នុង​ឆ្នាំ​២០១៩នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការ​សិក្សា​៖ ចំណូល​ពលករ​ចំណាក​ស្រុក​កាន់​តែ​ច្រើន បំណុល​កាន់​តែ​កើន! តើ​មក​ពី​ហេតុអ្វី?

ព័ត៌មាន
ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ប្រាក់​បញ្ញើ​ពី​ក្រៅ​ប្រទេស​ដោយ​ពលករ​ចំណាក​ស្រុក​កម្ពុជា បាន​លើក​ទឹកចិត្ត​ឲ្យ​គ្រួសារ​ពួកគាត់​ខ្ចី​លុយ​…

រៀតណាម នឹងចំណាយជាង ១,២ លានដុល្លារអាមេរិកសម្អាតប្រឡាយទឹកក្នុងទីក្រុងហូជីមិញ

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម នឹងចំណាយប្រាក់ជាង១,២ លានដុល្លារអាមេរិក សម្រាប់គម្រោងសម្អាតប្រឡាយទឹកដែលពោរពេញដោយកាកសំណល់ នៅក្នុងទីក្រុងហូជីមិញនៅឆ្នាំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ