ការវិនិយោគនៅក្រៅប្រទេសរបស់ក្រុមហ៊ុនផលិតបន្ទះគ្រឿងចម្លងអគ្គិសនីទំនើបៗរបស់តៃវ៉ាន់ (TSMC) ដែលធ្វើបន្ទះបង្គុំគ្រឿងអេឡិចត្រូនិកទំនើបបានច្រើនជាងគេបំផុតនៅក្នុងពិភពលោក ឥឡូវនេះចង់បានការយល់ព្រមពីរដ្ឋាភិបាលតៃវ៉ាន់បន្ថែមទៀត រួមទាំងតម្រូវការសម្រាប់រោងចក្រដ៏មានសក្តានុពលនៅប្រទេសអាល្លឺម៉ង់ផងដែរ។
លោក ចូសេហ្វ អ៊ូ រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ ដែលបានធ្វើដំណើរទៅអឺរ៉ុបកាលពីសប្ដាហ៍មុន បាននិយាយថា រដ្ឋាភិបាលតៃវ៉ាន់មិនដាក់លក្ខខណ្ឌលើការវិនិយោគរបស់ក្រុមហ៊ុន TSMC នេះទេ គឺទុកឱ្យក្រុមហ៊ុនសម្រេចចិត្តដោយខ្លួនឯងចុះ ថាតើគម្រោងមួយអាចផ្ដល់ប្រាក់ចំណេញបានដែរឬទេ។
លោក អ៊ូ បាននិយាយថា តៃវ៉ាន់នឹងមិនរារាំងការវិនិយោគនៅអឺរ៉ុបទេ ប៉ុន្តែមាន«បញ្ហាទស្សនវិជ្ជា»មួយ គឺថាប្រទេសណាដែលចង់បានជំនួយពីកោះតៃវ៉ាន់គឺចាំបាច់ត្រូវពិចារណាលើរូបភាពទំនាក់ទំនងឱ្យកាន់តែទូលំទូលាយជាមួយតៃវ៉ាន់។
លោក វូ បានគូសបញ្ជាក់ថា នោះគឺជាបញ្ហាដែលតៃវ៉ាន់គិតគូរបំផុត ហើយទោះជាតៃវ៉ាន់មិនអាត្មានិយមក្នុងការបញ្ឈប់ការបណ្តាក់ទុនរបស់ក្រុមហ៊ុន TSMC នៅក្រៅប្រទេសក៏ដោយ ក៏តៃវ៉ាន់ពិតជាសង្ឃឹមថា ប្រទេសផ្សេងៗដែលចង់ទាក់ទាញក្រុមហ៊ុន TSMC ក៏អាចស្វែងយល់ពីស្ថានភាពដែលតៃវ៉ាន់កំពុងតែប្រឈមមុខនាពេលបច្ចុប្បប្ននេះផងដែរ។
រដ្ឋមន្ត្រីតៃវ៉ាន់រូបនេះសុំមិនប្រាប់ឈ្មោះប្រទេសដែលលោកបានបំពេញទស្សនកិច្ចថ្មីៗនេះទេ ដើម្បីកុំឱ្យប៉ះពាល់ដល់ដំណើររបស់លោក និងដោយសារចិនបានព្រមានអឺរ៉ុបកុំឱ្យបង្កើតទំនាក់ទំនងផ្លូវការនៅមុនពេលដំណើរទស្សនកិច្ចរបស់លោក។ ទោះជាយ៉ាងនេះក្ដី ប្រភពខ្លះបានបង្ហើបថា លោក អ៊ូ បានធ្វើដំណើរទៅប្រទេសឆេក និងប្រទេសបែលហ្ស៊ិកដែលមានទីស្នាក់ការធំរបស់សហភាពអឺរ៉ុប និងអង្គការណាតូ។
លោក អ៊ូ បាននិយាយថា មេដឹកនាំសហភាពអឺរ៉ុបមានភាពច្បាស់លាស់ជាងពីមុនក្នុងការអំពាវនាវឱ្យមានសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ដែលជាដែនទឹកបែងចែករវាងប្រទេសចិនដីគោកនិងកោះតៃវ៉ាន់ និងឱ្យមានការរក្សាស្ថានភាពដូចដើម។ លោកបានបន្ថែមថា សហភាពអឺរ៉ុបគួរតែពិចារណាធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយតៃវ៉ាន់ ដូចជាកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី (BIA) ជាដើម។ គួររម្លឹកថា សហភាពអឺរ៉ុបបានដាក់បញ្ចូលតៃវ៉ាន់ជាដៃគូក្នុងកិច្ចកិច្ចព្រមព្រៀងវិនិយោគទ្វេភាគនៅឆ្នាំ២០១៥ ប៉ុន្តែមិនដែលបានពិភាក្សាអំពីរឿងនេះជាមួយតៃវ៉ាន់ទេតាំងពីពេលនោះមក។
សូមបញ្ជាក់ដែរថា ប្រទេសចិនបានទាមទារថា កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងតាមបែបប្រជាធិបតេយ្យ ជាទឹកដីរបស់ខ្លួន ហើយមិនបោះបង់ជម្រើសប្រើកម្លាំងដើម្បីយកវាមកដាក់នៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ ប៉ុន្តែ កោះតៃវ៉ាន់ជំទាស់យ៉ាងខ្លាំងចំពោះការទាមទារអធិបតេយ្យភាពរបស់ចិន ហើយនិយាយថា មានតែប្រជាជនរបស់កោះនេះទេដែលអាចសម្រេចចិត្តអំពីអនាគតរបស់ពួកគេ៕