សេដ្ឋកិច្ចតៃវ៉ាន់

សេដ្ឋកិច្ចកោះតៃវ៉ាន់ធ្លាក់ចុះ១២ខែជាប់ៗគ្នា ចំពេលទំនាក់ទំនងជាមួយចិនដីគោកពិបាកស្រោចស្រង់


សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់បានឈានចូលដល់ដំណាក់កាលដ៏ទន់ខ្សោយមួយ បន្ទាប់ពី សូចនាករពាណិជ្ជកម្មដែលបានចេញផ្សាយកាលពីថ្ងៃចន្ទទី ២៨ ខែវិច្ឆិកា បង្ហាញឱ្យឃើញ ពីការធ្លាក់ចុះក្នុងរយៈពេល ១២ខែជាប់ៗគ្នា។ ក្រៅពីនោះ សូចនាករដដែលក៏បានគូសបង្ហាញថា សេដ្ឋកិច្ចតៃវ៉ាន់ នឹងមិនអាចធូរស្រាលឡើងវិញឡើយ ដរាបណាទំនាក់ទំនងជាមួយចិនដីគោក ដែលជាដៃគូពាណិជ្ជកម្មធំមួយរបស់កោះនេះ នៅមិនទាន់បានផ្សះផ្សា។ នេះបើតាមការចុះផ្សាយដោយសាសរព័ត៌មាន South China Morning Post។
រូបតំណាង៖ សេដ្ឋកិច្ចកោះតៃវ៉ាន់
ដោយ

ក្នុងចំណោមសូចនាករទាំងអស់ដែលបានចេញផ្សារដោយគណៈកម្មាធិការអភិវឌ្ឍន៍កោះតៃវ៉ាន់ មានសូចនាករឈានមុខគេចំនួន៧ បានទទួលពិន្ទុ ៩៥.៦៣ កាលពីខែតុលាពោលគឺបានធ្លាក់ចុះជិត១% បើធៀបនឹងខែកញ្ញា។ សូចនាករទាំង៧នោះ រួមមាន ការនាំចូលឧបករណ៍អេឡិត្រូនិក សេវាកម្មជួល ការបញ្ជាទិញនិងនាំចេញ ទីផ្សារភាគហ៊ុន លិខិតអនុញ្ញាតសាងសង់ ការផ្គត់ផ្គង់ទុន និងផ្នែកផលិតកម្ម។

អ្នកជំនាញសេដ្ឋកិច្ចប្រចាំនៅក្រុងតៃប៉ិ កោះតៃវ៉ាន់ លោកតូនី ហ្វឺ បាននិយាយថា សេដ្ឋកិច្ចកោះតៃវ៉ាន់ស្ថិតក្នុងសករាជមួយដ៏ទន់ខ្សោយមួយ។ ទន់ខ្សោយគឺនៅត្រង់តៃវ៉ាន់ មិនត្រូវរ៉ូវនយោបាយជាមួយចិនដីគោក ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ដូចជាការបិទការនាំចេញនាំចូលជាដើម ស្របពេលដែលសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន មានតម្រូវកាន់តែតិចទៅៗលើវិស័យបច្ចេកវិទ្យា។ ប្រការនេះ បានធ្វើឱ្យសេដ្ឋកិច្ចកោះតៃវ៉ាន់កាន់តែមានភាពទន់ខ្សោយផងដែរ។

នៅចិនដីគោក មានក្រុមហ៊ុនតៃវ៉ាន់ប្រហែល ៤២០០ និងជាគោលដៅវិនិយោគកំពូលរបស់ក្រុមហ៊ុនក្រោយៗទៀតពីកោះតៃវ៉ាន់។ ប៉ុន្តែចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកទៅទីក្រុងតៃប៉ិកាលពីខែសីហា ដែលធ្វើឱ្យចិនខឹងសម្បារ ទីក្រុងប៉េកាំងបាននិងកំពុងដាក់សម្ពាធលើសេដ្ឋកិច្ចកោះតៃវ៉ាន់ដែលមានតម្លៃសរុបប្រហែល ៨៥០ពាន់លានដុល្លារ ភាគច្រើនលើការធ្វើពាណិជ្ជកម្ម។

ទោះយ៉ាងណា ការនាំចេញរបស់កោះតៃវ៉ាន់ទៅកាន់ចិនដីគោកមានទឹកប្រាក់ ១០៣ពាន់លានដុល្លារក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២២ ធ្លាក់ចុះបន្តិចប៉ុណ្ណោះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែការវិនិយោគផ្ទាល់ពីតៃវ៉ាន់ទៅកាន់ចិនដីគោកក្នុង១០ខែឆ្នាំនេះ បានធ្លាក់ចុះ ៣,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅត្រឹមជាង ៤ពាន់លានដុល្លារអាមេរិក។

ក្រសួងកិច្ចការសេដ្ឋកិច្ចកោះតៃវ៉ាន់បាននិយាយកាលពីសប្តាហ៍មុនថា ការបញ្ជាទិញទំនិញដែលផលិតនៅតៃវ៉ាន់ ទៅចិនដីគោក និងហុងកុងមានចំនួនសរុបជាង ១០ ពាន់លានដុល្លារកាលពីខែតុលា ធ្លាក់ចុះអស់ជិត ២៧% ធៀបនឹងខែតុលាឆ្នាំមុន។

សូមជម្រាបថា ក្រុមហ៊ុនរបស់តៃវ៉ាន់ពឹងផ្អែកលើខ្សែចង្វាក់ផ្គត់ផ្គង់របស់ចិន ដើម្បីប្រមូលផ្តុំគ្រឿងបង្គុំកុំព្យូទ័រ និងស្មាតហ្វូនសម្រាប់ការនាំចេញជាសកល ខណៈដែលក្រុមហ៊ុនមួយចំនួនចាំតែលក់ផលិតផលសម្រេចទៅកាន់ទីផ្សារប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ហេតុអ្វីការបង្កើតតុលាការពាណិជ្ជកម្មដំបូងរបស់កម្ពុជា នឹងត្រូវលើកពេលទៅដល់ឆ្នាំ២០២៣?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា អះអាងថា តុលាការពាណិជ្ជកម្មដំបូងគេរបស់កម្ពុជា ដែលគ្រោងនឹងបង្កើតឡើងនៅឆ្នាំ២០២២នោះ នឹងត្រូវពន្យារពេលដល់…

បុរសខ្លាំង ស៊ី ជីនពីងប្រឈមនឹងបាតុកម្មការទាមទារឲ្យចុះចេញពីតំណែង ជុំវិញវិធានការកូវីដ១៩ដ៏តឹងតែង

ព័ត៌មាន
ក្រោយពីប្រកាសចូលក្តាប់អំណាចសម្រាប់អាណត្តិទី៣ជាប្រវត្តិសាស្ត្រមិនទាន់បានមួយខែស្រួលផង បុរសខ្លាំងលោកស៊ី ជីនពីង កំពុងប្រឈមនឹងកំហឹងក្រេវក្រោធរប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ