វិស័យកសិកម្ម

កសិករវៀតណាម កំពុងប្ដូរពីដំណាំកាហ្វេទៅដាំទុរេន ក្រោយមានតម្រូវការខ្ពស់ពីទីផ្សារចិន


តំបន់ខ្ពង់រាបកណ្តាលនៃប្រទេសវៀតណាម ត្រូវបានគេស្គាល់ថា ជាជង្រុកកាហ្វេដ៏ធំមួយ ដែលផលិតគ្រាប់កាហ្វេបានរហូតដល់ទៅ១ភាគ៦ នៃទិន្នផលសរុបនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នកសិករនៅក្នុងតំបន់នេះកំពុងតែបោះបង់ចោលដំណាំប្រពៃណីរបស់ខ្លួនជាបណ្តើរៗ ហើយបង្វែរមកដាំទុរេនវិញម្តង ដើម្បីប្រមូលប្រាក់ចំណេញមហាសាល ពីការហក់ឡើងយ៉ាងគំហុកនៃតម្រូវការទីផ្សារនៅក្នុងប្រទេសចិន ចំពោះស្តេចផ្លែឈើមានក្លិនក្រអូបឈ្ងុយឆ្ងាញ់មួយនេះ។
វិស័យកសិកម្ម
ដោយ

យោងតាមក្រសួងកសិកម្មវៀតណាម ដោយសារមានអំណោយផលពីអាកាសធាតុ និងដីក្រហមដ៏មានជីជាតិ តំបន់ខ្ពង់រាបកណ្តាលរបស់វៀតណាម បានក្លាយជាប្រភពផលិតគ្រាប់កាហ្វេ រ៉ូប៊ូស្តា យ៉ាងសន្ធឹកសន្ធាប់ ដែលជួយឱ្យវៀតណាម ឈរលើលេខរៀងទី២ លើលោក បន្ទាប់ពីប្រទេសប្រេស៊ីល ក្នុងការនាំចេញកាហ្វេ។ ប៉ុន្តែនៅប៉ុន្មានទសវត្សរ៍ចុងក្រោយ ផ្ទៃដីដាំដុះដើមទុរេននៅទូទាំងប្រទេសវៀតណាម បានកើនឡើងរហូតដល់ទៅជាង៥ដង គឺរហូតដល់២០០,០០០ហិកតា ជាពិសេសនៅក្នុងខេត្ត ដាកឡាក់។
សារព័ត៌មាន CNA បានរាយការណ៍ថា ថ្វីបើវៀតណាម ទើបតែឈានជើងចូលទីផ្សារទុរេនចិនជាផ្លូវការតាមរយៈពិធីសារពាណិជ្ជកម្មឆ្នាំ២០២២ ក៏ដោយ ប៉ុន្តែត្រឹមតែរយៈពេលខ្លី វៀតណាមបានក្លាយជាអ្នកផ្គត់ផ្គង់ទុរេនធំបំផុត បើគិតតាមបរិមាណ ហើយថែមទាំងបានវាយបំបែកការក្តោបក្តាប់ទីផ្សារផ្តាច់មុខជិត២ទសវត្សរ៍របស់ប្រទេសថៃ បានយ៉ាងជោគជ័យ។
កាលពីមុនទុរេនជាផ្លែឈើប្រណីត ដែលមានតម្លៃថ្លៃហួសប្រមាណ ប៉ុន្តែការប្រកួតប្រជែងយ៉ាងស្រួចស្រាល់រវាងថៃ និងវៀតណាម រួមជាមួយប្រព័ន្ធដឹកជញ្ជូនកាន់តែរហ័សបានទាញទម្លាក់តម្លៃផ្លែទុរេនឱ្យទាបជាងមុន ដែលធ្វើឱ្យប្រជាជនចិនទូទៅអាចទិញទទួលទានបានយ៉ាងងាយស្រួល។ ជាក់ស្តែងកាលពីឆ្នាំមុន ប្រទេសចិនបាននាំចូលទុរេនស្រស់ក្នុងទំហំទឹកប្រាក់រហូតដល់ ជិត៧,៥ពាន់លានដុល្លារកើនឡើងជិត១២ដង បើធៀបនឹងឆ្នាំ២០១៥។
កត្តានេះ បានធ្វើឱ្យទីក្រុងប៉េកាំង សម្លឹងឃើញឱកាសដោយកំពុងជំរុញការដាំដុះទុរេនក្នុងស្រុកលើផ្ទៃដីជាង៣,០០០ហិកតា នៅលើកោះហៃណាន ភាគខាងត្បូង ដែលមានអាកាសធាតុស្រដៀងនឹងភាគខាងជើងប្រទេសវៀតណាម។
អ្នកវិភាគបានព្យាករថា នៅក្នុងឆ្នាំ២០២៦ នេះ ទំហំនៃការនាំចេញទុរេនរបស់វៀតណាម នឹងហក់ឡើងដល់៤ពាន់លានដុល្លារអាម៉េរិក ដែលជាការស្ទុះលោតផ្លោះយ៉ាងសម្បើមពី១៨០លានដុល្លារកាលពីឆ្នាំ២០២១ ហើយក្នុងនោះ៩០% នៃទិន្នផលសរុប គឺត្រូវបាននាំចេញទៅកាន់ទីផ្សារយក្សចិន៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


តើកិច្ចព្រមព្រៀងប្រេងប្រវត្តិសាស្ត្ររវាងលោក ត្រាំ និងវេណេស៊ុយអេឡា អាចផ្លាស់ប្តូរតុល្យភាពទីផ្សារថាមពលពិភពលោកបានកម្រិតណា?

ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ហៅ​កិច្ចព្រមព្រៀងប្រេងថ្មីជាមួយប្រទេសវេណេស៊ុយអេឡា ថា ជាកិច្ចព្រមព្រៀងប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក …

ក្រុមហ៊ុនអាកាសចរណ៍ចិន ធំៗ៣ រងការខាតបង់ជាង១ពាន់លានដុល្លារ ដោយសារសង្គ្រាមអ៊ីរ៉ង់

ក្រុមហ៊ុនអាកាសចរណ៍រដ្ឋទាំង៣របស់ចិន បានរាយការណ៍ពីការខាតបង់ថវិកាយ៉ាងធ្ងន់ធ្ងរនៅឆមាសទី១ ឆ្នាំ២០២៦ នេះ ដែលជាការខាតបង់ប្រចាំឆមាសក្នុងរយៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ