រថយន្តអគ្គិសនី

តើអ្វីជាឧបសគ្គក្នុងការឈានទៅសម្រេចគោលដៅជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបាន៣ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០៣០?


សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជារំពឹងការអភិវឌ្ឍវិស័យយាយន្តអគ្គិសនីនៅកម្ពុជានឹងកាន់តែមានការរីកចម្រើន និងអាចទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគក្នុងវិស័យនេះកាន់តែច្រើនបន្ថែមទៀត ក្រោយរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០។
រថយន្តអគ្គិសនី
ដោយ

អ្នកជំនាញជឿជាក់ថា នៅក្នុងដំណាក់កាលដំបូងនេះ កម្ពុជាអាចជួបឧបសគ្គមួយចំនួនក្នុងការឈានទៅសម្រេចគោលដៅជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបាន៣ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០៣០ ដ្បិតថាចំនួនស្ថានីយបញ្ចូលថាមពលអគ្គិសនីនៅកម្ពុជាបច្ចុប្បន្នហាក់នៅមានកម្រិត ខណៈការវិនិយោគលើស្ថានីយបញ្ចូលថាមពលនេះក៏មានតម្លៃខ្ពស់។

លោក សឿន ដារ៉ា នាយកប្រតិបត្តិនៃសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានបង្ហាញការសាទរចំពោះរាជរដ្ឋាភិបាល ដែលបានដាក់ចេញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ឆ្នាំ២០២៤-២០៣០ ដ្បិតថា គោលនយោបាយនេះ នឹងក្លាយជាត្រីវិស័យមួយសម្រាប់នាំផ្លូវក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបានលឿន។ លើសពីនេះ វានឹងជួយបង្កបរិយាកាសកាន់តែអំណោយផលក្នុងការទាក់ទាញវិនិយោគិនឱ្យបោះទុនវិនិយោគក្នុងវិស័យនេះ ជាពិសេសសម្រាប់ការនាំចូលរថយន្តអគ្គិសនី ក៏ដូចជាការវិនយោគលើការដំឡើងរថយន្តអគ្គិសនីនៅក្នុងស្រុក។

​បើតាមអ្នកជំនាញរូបនេះ កន្លងមកមានវិនិយោគិន និងក្រុមហ៊ុននាំចូលរថយន្តអគ្គិសនីជាច្រើនមានគម្រោងពង្រីកការនាំចូលរថយន្តអគ្គិសនីមកកម្ពុជា ប៉ុន្តែដោយសារតែកម្ពុជា គ្មានគោលនយោបាយជាក់លាក់ និងហេដ្ឋារចនាសម្ព័ន្ធស្ថានីយបញ្ចូលថាមពលអគ្គិសនីសម្រាប់បម្រើឱ្យវិស័យនេះគ្រប់គ្រាន់ បានធ្វើឱ្យវិនិយោគិនទាំងនោះពន្យារពេលលើការវិនិយោគក្នុងវិស័យនេះ។

យ៉ាងណាក៏ដោយ សហព័ន្ធយានយន្តកម្ពុជា តំណាងឱ្យវិស័យឯកជនប្តេជ្ញា នឹងបន្តកិច្ចសហការជាមួយក្រសួងស្ថានប័នពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចគោលដៅដែលរាជរដ្ឋាភិបាលដាក់ចេញក្នុងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ឱ្យបានប្រមាណ៣ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ២០៣០។

ប៉ុន្តែនៅក្នុងដំណាក់កាលដំបូងនេះ កម្ពុជាអាចនឹងមានឧបសគ្គមួយចំនួន ដោយសារការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាបច្ចុប្បន្ននៅមានកម្រិតទាប ខណៈតម្លៃវិនិយោគលើស្ថានីយបញ្ចូលថាមពលនៅមានតម្លៃខ្ពស់។

​សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ សំដៅជួយជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់យន្តយន្តអគ្គិសនី ក៏ដូចទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ និងបានដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបាន៧៧ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ២០៣០ ដោយក្នុងនោះ ការប្រើប្រាស់រថយន្តអគ្គិសនីមានចំនួន៣ម៉ឺនគ្រឿង។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមរយៈពេល៦ខែឆ្នាំ២០២៤នេះ មានយានយន្តអគ្គិសនី បានចុះបញ្ជីសរុបចំនួន២,៩៦៨គ្រឿង ដោយក្នុងនោះមានទោចក្រយានយន្តចំនួន៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន៤៤០គ្រឿង និងរថយន្តចំនួន១,៦១៤គ្រឿង៕

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជួយឱ្យចិន ដែលរួមរឹតដោយសម្ពាធពាណិជ្ជកម្ម នៅតែអាចសម្រេចបានអតិរេកពាណិជ្ជកម្មរហូតដល់៩៩ពាន់លានដុល្លារ?

ចិន ដែលកំពុងរួមរឹតដោយសម្ពាធពាណិជ្ជកម្មពីបស្ចិមប្រទេស ដោយសារបញ្ហាសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក បញ្ហាពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជា…

ធនាគារកណ្ដាលនានា សម្រុកលក់ចេញមូលបត្របំណុលអាម៉េរិក និងកាត់បន្ថយទុនបម្រុងជាប្រាក់ដុល្លារ ហើយងាកមកសម្រុកទិញចូលមាសយ៉ាងសម្បើម

បណ្ដាធនាគារកណ្តាលនៃប្លុកប្រទេស BRICS និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតកំពុងសម្រុកលក់ចេញបណ្ណរតនាគារអាម៉េរិក និងកាត់បន្ថយទុនបម្រុងជាប្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ