ក្រុមហ៊ុន Tesla

មេធំក្រុមហ៊ុន Tesla អួតក្ដែងៗថា ផលិតបានរថយន្តជាង៣លានគ្រឿងហើយ


នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសអួតក្ដែងៗ នៅលើបណ្ដាញធ្វីតទ័ររបស់លោកកាលពីថ្ងៃអាទិត្យទី ១៤ ខែ សីហា ថា គិតមកទល់ពេលនេះក្រុមហ៊ុន Tesla ផលិតបានរថយន្តជាង ៣ លានគ្រឿងហើយ ខណៈក្នុងចំណោមចំនួនសរុបនោះ ការផលិតនៅរោងចក្រនៅទីក្រុងសៀងហៃប្រទេសចិន មានដល់ទៅ ១ លានគ្រឿងឯណោះ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន CNBC។
មេធំក្រុមហ៊ុន Tesla អួតក្ដែងៗថា ផលិតបានរថយន្តជាង៣លានគ្រឿងហើយ

មែនទែនទៅការប្រកាសរបស់លោក Elon Musk ធ្វើឡើង បន្ទាប់ពីមានមានសេចក្ដីរាយការណ៍អំពី ការបិទខ្ទប់​ជាច្រើនខែ និង ការខ្វះខាតផ្នែកគ្រឿងបន្លាស់ផ្គត់ផ្គង់​នៅក្នុងប្រទេសចិន ដែលបានគំរាមកំហែងដល់ការផលិតរថយន្តរបស់ក្រុមហ៊ុន Tesla ជាខ្លាំង។ ទោះយ៉ាងណា លោក Elon Musk បានបង្ហាញថា រោងចក្រនៅទីក្រុងសៀងហៃរបស់ក្រុមហ៊ុន Tesla កំពុងផលិតរថយន្តថ្មីៗជាច្រើនបន្ទាប់ពីការបើកដំណើរការក្នុងឆ្នាំ ២០១៩ និង ការវិនិយោគជាច្រើន​ឆ្នាំ​បន្តបន្ទាប់ទៀត។

នាពេលថ្មីៗនេះ ក្រុមហ៊ុន Tesla ត្រូវបានរាយការណ៍ថា ការលក់បានកើនឡើងនៅក្នុងត្រីមាសទី ២ នេះ ខណៈនៅក្នុងខែ​កក្កដា ក្រុមហ៊ុន Tesla បាននិយាយថា ខ្លួនបានចែកចាយរថយន្ត​ចំនួន ជាង ២ សែន ៥ ម៉ឺនគ្រឿង​ក្នុងត្រីមាសទី២ ដែលបានកើនឡើង ២៦,៥% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែ​ ចំនួនការលក់របស់ Teslaនេះ  បើ​ធៀប​នឹងការលក់​របស់​​ក្រុមហ៊ុន​រថយន្ត​យក្សផ្សេងទៀត ដូចជា ក្រុមហ៊ុន Toyota តែមួយប៉ុណ្ណោះ បានចែកចាយរថយន្តជាង ១០ លានគ្រឿងក្នុងឆ្នាំ ២០២១។

យ៉ាងណាមិញ ក្រុមហ៊ុន Tesla បាននិយាយកាលពីដើមឆ្នាំនេះថា ខ្លួនគ្រោងនឹងបង្កើនការចែកចាយរថយន្តឱ្យបាន ៥០% ជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Tesla មានរោងចក្រផលិតរថយន្តនៅទីក្រុងសៀងហៃ និង រោងចក្រនៅរដ្ឋកាលីហ្វ័រញ៉ា រដ្ឋតិចសាស់ក្នុងសហរដ្ឋអាមេរិក និង នៅជិតទីក្រុងប៊ែរឡាំង​ក្នុងប្រទេស​អាល្លឺម៉ង់​ផងដែរ។ លោក  Elon Musk បាននិយាយកាលពីខែកក្កដាថា រោងចក្រ នៅរដ្ឋកាលីហ្វ័រញ៉ា ដែលជារោងចក្រដំបូងរបស់ក្រុមហ៊ុនបានផលិតរថយន្ត​ចំនួន ២ លានគ្រឿងហើយ។

គួរជម្រាបថា ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជិត ២៥% ក្នុងឆ្នាំ ២០២២ ខណៈដែលវិនិយោគិន​បាននិងកំពុងវាយតម្លៃក្រុមហ៊ុនដែលរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ កំពុងប្រឈមមុខនឹងបញ្ហាអតិផរណា និងបញ្ហាម៉ាក្រូសេដ្ឋកិច្ច។ លោក Elon Musk បានលក់ភាគហ៊ុនមួយចំនួនរបស់ក្រុមហ៊ុន Tesla កាលពីសប្តាហ៍មុនក្នុងតម្លៃប្រហែលជិត ៧ ពាន់លានដុល្លារ ខណៈដែលលោកត្រូវបានជាប់ពាក់ព័ន្ធ​នៅក្នុងវិវាទជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់លោក​ក្នុងការបញ្ចប់កិច្ចព្រមព្រៀងទិញយកបណ្ដាញសង្គម​ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


អ្នកជំនាញជំរុញឲ្យកម្ពុជាសិក្សាពីយុទ្ធសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរជនជាតិឥណ្ឌា

អ្នកជំនាញក្នុងវិស័យទេសចរណ៍ចាត់ទុកគម្រោងតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ជាអ្វីដែលពួកគេទន្ទឹងរង់ចាំជាយូរមកហើយ ដ្បិតឥណ្ឌាជាគោលដៅទេសចរណ៍…

វៀតណាមពិចារណាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃជិត៥៦ពាន់លានដុល្លារ

រដ្ឋាភិបាលវៀតណាម កំពុងពិចារណាសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលរត់ឆ្លងកាត់ផ្ទៃប្រទេសជាមួយការវិនិយោគក្នុងទឹកប្រាក់រហូតដល់ជិត ៥៦ពាន់លានដុល្លា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ