Tesla គ្រោងកាត់បន្ថយបុគ្គលិក

ក្រុមហ៊ុន Tesla គ្រោងកាត់បន្ថយបុគ្គលិកយ៉ាងច្រើនសម្បើមនៅឆ្នាំក្រោយ


រលកនៃការកាត់បន្ថយបុគ្គលិកអាចនឹងបក់បោកចូលដល់ក្រុមហ៊ុនរថយន្តយក្ស Tesla ដែរហើយ ក្រោយស្ថាបនិកលោក Elon Musk បានចូលកាន់កាប់ Twitter ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ និងចំពេលសេដ្ឋកិច្ចសាកលកំពុងអាប់អួរដោយសារបញ្ហាអតិផរណា និងការដំឡើងអត្រាការប្រាក់គោលជាដើម។ ការកាត់បុគ្គលិកនេះដែរ ក៏ធ្វើឡើងក្នុងពេលភាគហ៊ុនរបស់ Tesla បាននិងកំពុងធ្លាក់ចុះ ខណៈដែលម្ចាស់ភាគហ៊ុនបានបារម្ភអំពីភាពស្រពិចស្រិលនៃការដឹកនាំរបស់លោក Elon Musk នៅក្រុមហ៊ុន Twitter។ នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗ។
ក្រុមហ៊ុន Tesla នឹងកាត់បន្ថយបុគ្គលិកនៅឆ្នាំក្រោយ
ដោយ

ក្រុមហ៊ុន Tesla បានប្រាប់បុគ្គលិកថា ខ្លួនកំពុងអនុវត្តនូវការផ្អាកជ្រើសរើសបុគ្គលិក និងបញ្ជាក់ទៀតថា រលកថ្មីនៃការកាត់បន្ថយបុគ្គលិកនឹងធ្វើឡើងនៅត្រីមាសក្រោយ ពោលគឺនៅត្រីមាសទីមួយនៃឆ្នាំ២០២៣។

បើតាមប្រភពបានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន Tesla បានទាក់ទងទៅកាន់បុគ្គលិកមួយចំនួនហើយដែលក្រុមហ៊ុននឹងត្រូវបញ្ឈប់ពួកគេ។

យ៉ាងណាមិញ ក្រុមហ៊ុន Tesla មិនទាន់បានបញ្ជាក់លម្អិតអ្វីឡើយអំពីព័ត៌មានកាត់បន្ថយបុគ្គលិកនេះ។

សូមរំលឹកថា កាលពីខែមិថុនា លោក Elon Musk បានប្រាប់ទៅដល់ថ្នាក់គ្រប់គ្រងក្រុមហ៊ុន Tesla ឱ្យផ្អាករើសបុគ្គលិក និងកាត់បន្ថយបុគ្គលិក ១០% នៅ៣ខែក្រោយ ដែលវាអាចប៉ះពាល់ដល់បុគ្គលិកប្រមាណ ១ម៉ឺននាក់។

ជុំវិញការកាត់បន្ថយបុគ្គលិកនេះ ត្រូវបានមហាសេដ្ឋីលេខ១ពិភពលោករូបនេះ បានផ្តល់មូលហេតុខុសៗគ្នា ដោយក្នុងនោះ លោកក៏បានលើកឡើងដែរពីការយល់ឃើញអវិជ្ជមានរបស់លោកចំពោះបញ្ហាសេដ្ឋកិច្ច ដែលបាននិងកំពុងកើតឡើង។

សេចក្តីរាយការណ៍ពីការជម្រុះបុគ្គលិករបស់ក្រុមហ៊ុន Tesla ធ្វើឡើងខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិកនេះ បាននឹងកំពុងធ្លាក់ចុះជាបន្ដបន្ទាប់។ ទន្ទឹមនឹងនេះ កៅអីរបស់លោក Elon Musk នៅ Twitter ក៏កំពុងក្តៅខ្លាំងផងដែរ ដែលលោកអាចនឹងចុះចេញពីតំណែងទៀតផង ធ្វើឱ្យម្ចាស់ភាគហ៊ុន Tesla បានបង្កើនក្តីបារម្ភចំពោះស្មារតីមិនល្អរបស់លោក លោក Elon Musk លើការគ្រប់គ្រងក្រុមហ៊ុនបណ្តាញសង្គមនេះ ដែលលោកបានទិញក្នុងតម្លៃ ៤៤ពាន់លានដុល្លារ កាលពីចុងខែតុលាកន្លងទៅ។

សូមជម្រាបថា ក្នុងករណី ក្រុមហ៊ុន Tesla នឹងអនុវត្តកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះមែន នោះវានឹងក្លាយជាក្រុមហ៊ុនយក្សអាមេរិកមួយទៀត ដែលមានផែនការកាត់បន្ថយបុគ្គលិកដ៏ច្រើនសម្បើម បន្ទាប់ពី Amazon, Meta, Twitter, HP, Microsoft និង Snap ជាដើម៕

អត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


ចិនទទួលយកវ៉ាក់សាំងកូវីដ១៩បរទេសជាលើកដំបូងពីអាល្លឺម៉ង់ ខណៈស្ថានករណីឆ្លងថ្មីកំពុងស្ថិតក្នុងក្ដីបារម្ភខ្លាំងពីអង្គការ WHO

ប្រទេសចិនសុខចិត្តទទួលយកវ៉ាក់សាំងកូវីដ១៩ពីបរទេសជាលើកដំបូង ដោយទទួលពីប្រទេសអាល្លឺម៉ង់ ខណៈដែលប្រមុខអង្គការសុខភាពពិភពលោក (WHO) បានសម្ដែង…

វៀតណាមមានយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីរក្សាស្ថិរភាពលុយដុង និងទប់ទល់អតិផរណា?

បើទោះបីជាស្ថានភាពពិភពលោក កំពុងពើបប្រទះនឹងបញ្ហាអតិផរណា និងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកក៏ដោយ ប៉ុន្តែប្រទេសវៀតណាម បានដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ