ចំនួននៃការបញ្ចេញលក់រថយន្ដបានជាង១៨ម៉ឺនគ្រឿងរបស់ Tesla នៅត្រីមាសទី១នៃឆ្នាំ២០២១នេះ គឺមានខ្ពស់បំផុតបើធៀបនឹងត្រីមាសមុនៗ ហើយបើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ គឺមានកំណើនទ្វេដង តែបើធៀបនឹងត្រីមាសទី៤នៅឆ្នាំ២០២០វិញគឺមានការកើនឡើងតែ២%ប៉ុណ្ណោះ។
កាលពីឆ្នាំមុន Tesla បានបញ្ចេញលក់រថយន្ដជិត៥០ម៉ឺនគ្រឿង ទៅកាន់អតិថិជននៅទូទាំងសកលលោក ហើយនៅឆ្នាំ២០២១នេះរំពឹងថានឹងកើនឡើង៥០% បើទោះបីជាក្រុមហ៊ុននេះ មិនបានកំណត់ច្បាស់លាស់ពីគោលដៅជាក់លាក់ក៏ដោយ ប៉ុន្ដែ សម្រាប់ទីផ្សារក្រៅប្រទេសរបស់ Tesla គឺប្រទេសចិនជាទីផ្សារធំមួយសម្រាប់ក្រុមហ៊ុននេះ។
Tesla ត្រូវបានគេមើលឃើញថាកំពុងពន្លឿនកំណើនផលិតកម្មរបស់ខ្លួន និងការចេញលក់រថយន្ដម៉ូដែលថ្មីៗកាន់តែច្រើនឡើង នៅចំពេលដែលក្រុមហ៊ុនផលិតរថយន្ដ Ford និង Volkswagen ក៏កំពុងចាប់អារម្មណ៍ក្នុងការផលិតរថយន្ដអគ្គិសនីសម្រាប់ទីផ្សារសំខាន់ៗផងដែរ។
ទោះយ៉ាងណា ក្រុមអ្នកវិភាគបាននិយាយថា ការលក់រថយន្ដបានជាង១៨ម៉ឺនគ្រឿងរបស់ Tesla នៅត្រីមាសទី១កើនឡើងក៏ពិតមែន តែក្រុមហ៊ុននេះ នៅតែមានកម្សោយនៃការចែកចាយ។ ជាមួយគ្នានេះ ក្រុមហ៊ុន Tesla ក៏កំពុងប្រឈមនឹងបញ្ហាកង្វះបន្ទះឈីបជាសកល ដែលធ្វើឲ្យក្រុមហ៊ុនមានការថមថយចុះទិន្នផលផលិតផងដែរ។ ជាក់ស្ដែង កាលពីខែកុម្ភៈកន្លងទៅ មានរោងចក្រមួយចំនួននៅអាមេរិក បានផ្អាកផលិតកម្មបណ្ដោះអាសន្នដោយសារតែបញ្ហាកង្វះគ្រឿងបង្គុំសម្រាប់បម្រើដល់ការផលិតរថយន្ដនេះ។
Tesla កំពុងមានបំណងបង្កើតរោងចក្រផលិតរថយន្ដចំនួន២បន្ថែមទៀតនៅក្នុងឆ្នាំ២០២១នេះ ដោយមួយមាននៅរដ្ឋតិចសាស់សហរដ្ឋអាមេរិក និងមួយទៀតនៅក្រៅរដ្ឋធានីប៊ែរឡាំងនៃប្រទេសអាល្លឺម៉ង់ ហើយរោងចក្រនេះ គឺជារោងចក្រទី១មួយ របស់Tesla ដែលមាននៅអឺរ៉ុប។
ទាក់ទងនឹងរឿងក្រុមហ៊ុន Tesla នេះដែរ ថ្មីៗនេះក៏មានការចែកចាយតៗគ្នា តាមហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួនបានចុះផ្សាយដែរថា ក្រុមហ៊ុន Tesla របស់អាមេរិកមួយនេះ បានចូលមករកស៊ីនៅកម្ពុជា ដោយសារតែគេឃើញមានអគារមួយកន្លែងដែលមានឈ្មោះ Tesla កំពុងសាងសង់ឡើងនៅរាជធានីភ្នំពេញ។
ប៉ុន្ដែ បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ស៊ាង ថៃ បានបញ្ជាក់ប្រាប់ខេមបូណូមីសតាមតេឡេក្រាមនៅថ្ងៃទី ០២ ខែមេសាថា មិនមានក្រុមហ៊ុន Tesla នៅអាមេរិកដែលជារបស់មហាសេដ្ឋី Elon Musk បានមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នៅឡើយនោះទេ។
សូមជម្រាបផងដែរថា ថ្មីៗនេះមានក្រុមហ៊ុនបច្ចេកវិទ្យាផលិតរថយន្តធំៗជាច្រើនកំពុងចាប់អារម្មណ៍ក្នុងការផលិតរថយន្ដអគ្គិសនីវៃឆ្លាតសម្រាប់ទីផ្សារសំខាន់ៗនៅលើពិភពលោកដូចជា ទីផ្សារចិន ទីផ្សារប្រទេសលោកខាងលិច និង ទីផ្សារអាស៊ី ។
ដូច្នេះពិបាកនឹងថាណាស់ ទៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ កម្ពុជានឹងអាចមានក្រុមហ៊ុនផលិត ឬ តំណាងចែកចាយលក់រថយន្តអគ្គិសនីវៃឆ្លាត ដូចជាក្រុមហ៊ុន Tesla ក្រុមហ៊ុនFord ក្រុមហ៊ុនToyota និង ក្រុមហ៊ុន Volkswagen ដែលមានវត្តមាននៅក្នុងទីផ្សារកម្ពុជាផងដែរ៕