ស្របពេលសង្គ្រាមតម្លៃកំពុងឆាបឆេះខ្លាំងឡើងរវាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ជាពិសេសដោយសារតែមានការប្រកួតប្រជែងដ៏ខ្លាំងក្លាពីក្រុមហ៊ុនចិននោះ ក្រុមហ៊ុនថេស្លារបស់មហាសេដ្ឋី អេឡុន ម៉ាស បានសម្រេចកាត់បន្ថយតម្លៃលក់រថយន្តរបស់ខ្លួនម្ដងទៀត គួបផ្សំការធ្លាក់ចុះយ៉ាងខ្លាំងនូវការចែកចាយរថយន្តរបស់ខ្លួននៅទូទាំងពិភពលោកនៅក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ។
ស្ថាបនិកក្រុមហ៊ុនថេស្លា លោក អេឡុន ម៉ាស បានបង្ហោះសារនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកកាលពីពេលថ្មីៗថា តម្លៃរថយន្តថេស្លា ត្រូវតែផ្លាស់ប្តូរឱ្យបានញឹកញាប់បន្តិច ដើម្បីធ្វើឱ្យផលិតកម្មរបស់ខ្លួនដើរស្របនឹងតម្រូវការទីផ្សារ។
នៅក្នុងទីផ្សារប្រទេសចិន ក្រុមហ៊ុនថេស្លា បានកាត់បន្ថយតម្លៃជិត២ពាន់ដុល្លារអាម៉េរិក មកនៅត្រឹមតម្លៃជាង៣ម៉ឺន២ពាន់ដុល្លារ សម្រាប់រថយន្ត Model 3។ ចំណែកតម្លៃរថយន្ត Model Y រថយន្ត Model X និងរថយន្ត Model S នៅទីផ្សារសហរដ្ឋអាម៉េរិកវិញ បានកាត់បន្ថយចំនួន២ពាន់ដុល្លារកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ជាមួយគ្នានេះ ក្រុមហ៊ុនថេស្លា ក៏មានការលក់បញ្ចុះតម្លៃផងដែរនៅក្នុងទីផ្សារនៅប្រទេសជាច្រើនទៀតនៅតំបន់អឺរ៉ុប តំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក។
ក្រុមហ៊ុនថេស្លា បានបង្កឱ្យមានសង្រ្គាមតម្លៃរថយន្តអគ្គិសនី កាលពីជាងមួយឆ្នាំមុនដោយក្រុមហ៊ុននេះបានកាត់បន្ថយតម្លៃយ៉ាងចាស់ដៃ ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុនចិន ជាគូប្រជែងរបស់ខ្លួនដូចជាក្រុមហ៊ុនរថយន្ត BYD ក្រុមហ៊ុន Nio និងក្រុមហ៊ុន Xiaomi ដែលទើបបានចាប់ផ្ដើមផលិតរថយន្តអគ្គិសនីលើកដំបូងរបស់ខ្លួនកាលពីខែមុន។
កាលពីសប្ដាហ៍មុន ក្រុមហ៊ុនថេស្លា ក៏បានប្រកាសពីផែនការកាត់បន្ថយបុគ្គលិកជាង១០% នៅតាមរោងចក្រនៅជុំវិញពិភពលោកផងដែរ ហើយលោក ម៉ាស បាននិយាយថា លោកនឹងពន្យារពេលធ្វើដំណើរទៅប្រទេសឥណ្ឌា ដើម្បីជួបជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី តាមការគ្រោងទុកមួយដោយសារតែលោកមានកាតព្វកិច្ចត្រូវធ្វើជាច្រើននៅក្រុមហ៊ុនថេស្លារបស់លោក៕
អត្ថបទ៖ សុខ មង្គល