ជម្លោះពាណិជ្ជកម្មរវាង​មហាអំណាច

ប្រទេសចិនចេញមកព្រលះក្រុមប្រទេសG7 និងប្រាប់ឲ្យឈប់និយាយបង្កាច់បង្ខូចឈ្មោះចិន!


រដ្ឋាភិបាលក្រុងប៉េកាំងចេញបដិសេធសេចក្ដីថ្លែងការណ៍របស់ក្រុមប្រទេសឧស្សាហកម្មរីកចម្រើន G7 និង ទទូចឲ្យក្រុមប្រទេសទាំងនេះ ឈប់និយាយបង្ខូចឈ្មោះប្រទេសចិនតទៅទៀត។
ប្រទេសចិនចេញមកព្រលះក្រុមប្រទេសG7 និងប្រាប់ឲ្យឈប់និយាយបង្កាច់បង្ខូចឈ្មោះចិន ! (រូបភាព៖BBC)
ដោយ
អំពី G7 ចិន

ប្រទេសចិនបានចេញមុខមកបដិសេធ និង ព្រលះទៅវិញខ្លាំងៗ ចំពោះការចេញសេចក្ដីថ្លែងការណ៍របស់ក្រុមប្រទេសមានឧស្សាហកម្មរីកចម្រើនទាំង៧ ហៅថាកាត់ថា G7 ដែលបានស្ដីបន្ទោសមកលើរដ្ឋាភិបាលទីក្រុងប៉េកាំងជុំវិញបញ្ហាជាច្រើន ដោយក្នុងនោះ ចិន អះអាងថា ការលើកឡើងរបស់ក្រុមប្រទេស G7 គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួន ហើយចិនក៏បានទទូចប្រាប់ឲ្យក្រុមប្រទេសទាំងអស់នោះ បញ្ឈប់ការនិយាយបង្ខូចឈ្មោះប្រទេសចិនតទៅទៀត។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters ។

ការឆ្លើយតបពីសំណាក់ប្រទេសចិនយ៉ាងដូច្នេះ គឺធ្វើឡើងបន្ទាប់ពីក្រុមមេដឹកនាំនៃប្រទេសដែលមានឧស្សាហកម្មរីកចម្រើនទាំង៧ ឬហៅកាត់ថា G7 កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន បានលើកយកបញ្ហាប្រទេសចិនមកនិយាយជាច្រើន ទាក់ទងនឹងរឿងសិទ្ធិមនុស្សនៅក្នុងតំបន់មានជនជាតិម៉ូស្លីមរស់នៅក្នុងខេត្តស៊ិនជាំងប្រទេសចិន ហើយក្រុមប្រទេស G7 ក៏បានអំពាវនាវឲ្យទីក្រុងហុងកុង រក្សាស្វ័យភាពរបស់ខ្លួនឲ្យបានខ្ពស់ និងបានគូសបញ្ជាក់ពីសារសំខាន់នៃសន្ដិភាព និងស្ថិរភាពនៅក្នុងកោះតៃវ៉ាន់ផងដែរ ដែលបញ្ហាទាំងអស់នេះ ត្រូវបានគេមើលឃើញថា គឺសុទ្ធសឹងជាចំណុចក្តៅ និង រសើបបំផុតរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។

ស្ថានទូតចិនប្រចាំនៅទីក្រុងឡុងដ៏ នៃចក្រភពអង់គ្លេស បានលើកឡើង ដាក់ចំៗចំពោះក្រុម ប្រទេសដែលមានឧស្សាហកម្មរីកចម្រើនទាំង៧  G7 ថា ខ្លួនមិនពេញចិត្តនោះទេ ហើយចិននឹងប្រឆាំងយ៉ាងដាច់ខាត ចំពោះការលើកឡើង ដោយបំភ្លៃការពិតទាក់ទងនឹងបញ្ហានៅក្នុងខេត្តស៊ិនជាំង, ទីក្រុងហុងកុង និង កោះតៃវ៉ាន់ ហើយការលើកឡើងបែបនេះ វាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវចេតនាទុច្ចរិតរបស់ប្រទេសមួយចំនួន ដូចជា អាមេរិកជាដើម ។

ស្ថានទូតចិននៅទីក្រុងឡុងដ៏ ក៏បានបន្ថែមទៀតថា ជាមួយនឹងការរីករាលដាលនៃកូវីដ-១៩ នៅតែបន្ដរាតត្បាត ហើយសេដ្ឋកិច្ចពិភពលោកកនៅតែជួបបញ្ហា សហគមន៍អន្តរជាតិត្រូវការសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងអស់ ជាជាងការសាបព្រោះនូវការបែងចែកអំណាចនយោបាយ។

ស្ថានទូតចិនក៏បានសង្កត់ធ្ងន់ទៀតថា ប្រទេសចិន គឺជាប្រទេសដែលស្រឡាញ់សន្ដិភាព និងគាំទ្រដល់កិច្ចសហប្រតិបត្តិការ ប៉ុន្ដែក៏មានគោលជំហជាមូលដ្ឋានសំខាន់របស់ខ្លួនដែរ។

ស្ថានទូតចិននៅទីក្រុងឡុងដ៏ដដែល បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចការផ្ទៃក្នុងរបស់ចិនមិនត្រូវមានការជ្រៀតជ្រែកដាច់ខាត កេរ្តិ៍ឈ្មោះរបស់ចិនក៏មិនត្រូវឲ្យមានការបង្កាច់បង្ខូចដែរ ហើយផលប្រយោជន៍របស់ចិន មិនក៏ត្រូវមានការរំលោភបំពាននោះដែរ»។

យ៉ាងណាក៏ដោយចុះ កោះតៃវ៉ាន់ បានចេញមុខមកស្វាគមន៍ចំពោះសេចក្ដីថ្លែងការណ៍របស់ប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង៧  G7 ហើយតៃវ៉ាន់ក៏នឹងបន្ដស្វែងរកការគាំទ្រពីអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសអាមេរិកតែម្តង​។

ទីប្រឹក្សាសន្ដិសុខ នៃសេតវិមានសហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយថា សេចក្ដីថ្លែងការណ៍របស់ប្រទេស G7 កាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះ គឺជាការបោះជំហានទៅមុខយ៉ាងសំខាន់សម្រាប់ក្រុមប្រទេសទាំងនេះ ខណៈដែលមេដឹកនៃប្រទេសធំៗទាំងអស់បានប្រមូលយកនូវតម្រូវការនានា ដើម្បីប្រឆាំង និង ប្រកួតប្រជែង ជាមួយនឹងប្រទេសចិនលើបញ្ហាប្រឈមនានា រាប់ចាប់តាំងពីការ ការពារលទ្ធិប្រជាធិបតេយ្យ និង ការប្រណាំងប្រជែងផ្នែកបច្ចេកវិទ្យា ជាដើម។

ស្ថានទូតចិននៅអង់គ្លេស ក៏បានលើកឡើងទៀតថា ប្រទេសដែលមានឧស្សាហកម្មរីកចម្រើនទាំង៧  G7 គួរតែធ្វើកិច្ចការបន្ថែមទៀត ដែលជំរុញដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ជំនួសឲ្យការបង្កើតការប្រឈមមុខដាក់គ្នា មើលមុខគ្នាមិនត្រង់។

បន្ថែមពីលើនេះទៅទៀត ស្ថានទូតចិន បានបញ្ជាក់ទៀតថា ដំណើការស្វែងរកប្រភពដើមនៃវីរុស កូរ៉ូណា ឬ កូវីដ-១៩ នេះ គួរតែមិនត្រូវធ្វើឡើងក្រោមហេតុផលនយោបាយនោះទេ។ ការអះអាងបែបនេះ បន្ទាប់ពីប្រទេសរីកចម្រើនទាំង៧ G7 នៅក្នុងសេចក្ដីថ្លែងការណ៍បានទាមទារឲ្យមានការស៊ើបអង្កេតពេញលេញ និង ហ្មត់ចត់អំពីប្រភពដើមនៃមេរោគកូរ៉ូណា ឬកូវីដ-១៩ នៅក្នុងប្រទេសចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សណ្ឋាគារយីហោអន្តរជាតិធំៗ៥ ដែលបានបើកដំណើរការ និងកំពុងសាងសង់នៅកម្ពុជា

ព័ត៌មាន
វិស័យទេសចរណ៍​នៅលើទីផ្សារកម្ពុជា កាលពីមុនពេលមានវិបត្តិជំងឺកូវីដ-១៩ កើតឡើង ត្រូវបានគេមើល​ឃើញ​ថា មាន​ការវិនិយោគជាច្រើន ពិសេសសណ្ឋាគារ …

ធនាគារ អេស៊ីលីដា ដាក់​បម្រើ​សេវាទូទាត់​តាម​ឃ្យូអរកូដ​ អេស៊ីលីដាម៉ូបាល បន្ថែម នៅផ្សារ​ទំនើប​អ៊ីអន​ភ្នំពេញ, ផ្សារ​ទំនើប​អ៊ីអន​សែនសុខ​ស៊ីធី និង អ៊ីអន ម៉េកវែលយូ ទាំងអស់!

ព័ត៌មាន
ការដាក់​ឲ្យ​ទូទាត់​តាម ឃ្យូអរកូដ អេស៊ីលីដាម៉ូបាល នេះ គឺ​​ជា​មធ្យោបាយ​ថ្មី​មួយ​ទៀត ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី បម្រើ​ដល់​អតិថិជន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ