អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោកស្រី រ៉ាឆាដា ឌីណាឌីរ៉េក (Rachada Dhnadirek) បាននិយាយថា មេដឹកនាំក្នុងតំបន់អាស៊ាននឹងពិចារណាសំណៅព្រាងនៃសេចក្តីប្រកាសនោះក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នាថ្ងៃព្រហស្បតិ៍ទី១១ឧសភា នៅឯទីក្រុង ឡាប៊ូន បាចូ ប្រទេសឥណ្ឌូនេស៊ី។
លោកស្រីបានបន្ថែមថា សេចក្តីព្រាងដែលត្រូវបានគេហៅជាផ្លូវការថា សេចក្តីប្រកាសរបស់មេដឹកនាំអាស៊ានស្តីពីការជំរុញការតភ្ជាប់ការទូទាត់ក្នុងតំបន់និងការលើកកម្ពស់ការផ្លាស់ប្តូររូបិយប័ណ្ណក្នុងស្រុក គឺជាផ្នែកនៃផែនការសម្រាប់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ក្រោមផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ ២០២៥។
លោកស្រីបានបន្តថា គម្រោងនេះវាគ្របដណ្តប់លើការបង្កើតថ្មីនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែនប្រកបដោយភាពរលូននិងសុវត្ថិភាព ជាពិសេសការទូទាត់តាមឧបករណ៍អេឡិចត្រូនិក។ លោកស្រីបានពន្យល់ថា សំណៅព្រាងនៃសេចក្ដីប្រកាសនោះគ្រោងបង្កើតក្រុមការងារប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុក គ្រោងការពារតំបន់អាស៊ានទល់នឹងចលនាឡើងចុះនៃសេដ្ឋកិច្ចនៅក្រៅតំបន់ និងគ្រោងបង្កើតលក្ខណៈវិនិច្ឆ័យដែលអាចបត់បែនបានសម្រាប់ការប្តូររូបិយប័ណ្ណបរទេសសំដៅគាំទ្រដល់ពាណិជ្ជកម្មនិងការវិនិយោគ។
មេដឹកនាំអាស៊ានបានតែងតាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលឱ្យត្រួតពិនិត្យការតភ្ជាប់ការទូទាត់ក្នុងតំបន់ និងឱ្យពិចារណាលើគោលការណ៍ណែនាំសម្រាប់លើកកម្ពស់ប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុក។