
បើតាមលោក Danucha ការដំឡើងប្រាក់បៀវត្សរ៍២០% សម្រាប់មន្ត្រីរាជការស៊ីវិលនេះ គឺនឹងត្រូវធ្វើឡើងក្នុងរយៈពេល២ឆ្នាំ ដោយនៅឆ្នាំសារពើពន្ធ២០២៤ ដំឡើង១០% ហើយនៅឆ្នាំសារពើពន្ធ ២០២៥ ដំឡើង១០%ទៀត។
ប្រាក់បៀវត្សរ៍គោលប្រចាំខែសម្រាប់មន្ត្រីរាជការស៊ីវិលដែលត្រូវបានជ្រើសរើសថ្មីនៅក្នុងប្រទេសថៃ គឺនឹងមានការកើនឡើងពី ១៥.០០០ បាត (៤៣០ដុល្លារអាមេរិក) ក្នុងមួយខែ ទៅដល់ ១៨.០០០ បាត (ជាង ៥១៦ដុល្លារ) ក្នុងមួយខែ។ ការដំឡើងប្រាក់បៀវត្សរ៍នេះ នឹងចាប់ផ្ដើមពីខែ ឧសភាឆ្នាំ២០២៤ ក្រោយពីការដាក់ចេញថវិកាប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល។
ការំឡើងប្រាក់បៀវត្សរ៍ ក៏នឹងត្រូវផ្ដល់ជូនសម្រាប់មន្ត្រីរាជការស៊ីវិល ដែលធ្វើការងារយូរឆ្នាំ នៅក្នុងមុខតំណែងប្រភេទ C8 (គ៨) ដែលមានប្រាក់បៀវត្សរ៍តិចជាង ៥១៦ ដុល្លារក្នុងមួយខែផងដែរ ហើយប្រាក់ខែដែលនឹងត្រូវបានដំឡើងនោះ គឺនឹងមានខ្ពស់ជាងប្រាក់ខែរបស់មន្ត្រីរាជការដែលទើបចូលធ្វើការថ្មី។
សម្រាប់ការដំឡើងប្រាក់ខែដល់មន្ត្រីរាជការស៊ីវិលនេះ រាជរដ្ឋាភិបាលថៃ នឹងត្រូវចំណាយប្រហែលជាង ១៧២លានដុល្លារអាមេរិកនៅឆ្នាំដំបូង ហើយថវិកាទាំងនោះ នឹងត្រូវដកចេញពីកញ្ចប់ថវិកាសម្រាប់ទុកប្រើប្រាស់នៅក្នុងគ្រាមានអាសន្ន។ ដោយឡែក នៅឆ្នាំសារពើពន្ធបន្ទាប់នោះ នឹងត្រូវចំណាយលើសពីប្រមាណ២៨៧លានដុល្លារអាមេរិក។
ទោះយ៉ាងណា សមាជិកនៃការិយាល័យនៃគណៈកម្មការមុខងារសាធារណៈ , អគ្គនាយកដ្ឋានគណនេយ្យ និងក្រសួងហិរញ្ញវត្ថុ នឹងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីសំណើដំឡើងប្រាក់បៀវត្សរ៍នេះម្ដងទៀត និងកំណត់ឲ្យបានច្បាស់នូវផែនការថវិកា សម្រាប់ការដំឡើងប្រាក់ខែជូនមន្ត្រីរាជការស៊ីវិល៕