តុលាការថៃ ផាកពិន័យអតីតនាយករដ្ឋមន្ត្រី យីងឡាក់

អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ចាត់ទុកការផាកពិន័យរបស់តុលាការថៃលើខ្លួនចំនួន៣០៥លានដុល្លារជារឿងអយុត្តិធម៌ និងឈឺចាប់បំផុត


តុលាការថៃបានសម្រេចផាកពិន័យអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលកំពុងនិរទេសខ្លួននៅបរទេសចំនួន៣០៥លានដុល្លារ ហើយនេះជាសញ្ញាឆ្លុះបញ្ចាំងឱ្យឃើញថា បងប្រុសរបស់លោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ត្រីដែរនោះ នៅតែបន្តប្រឈមមុខនឹងការប្រឆាំងផ្នែកនយោបាយ ទោះបីកូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នក៏ដោយ។
តុលាការថៃ ផាកពិន័យអតីតនាយករដ្ឋមន្ត្រី យីងឡាក់
ដោយ

លោកស្រី យីងឡាក់ បានចាត់ទុកការសម្រេចរបស់តុលាការថៃនេះជារឿងអយុត្តិធម៌ និងឈឺចាប់បំផុតសម្រាប់លោកស្រី ហើយថា ទោះជាលោកស្រីប្រឹងធ្វើការមួយជីវិតក៏គ្មានលុយបង់ប្រាក់ពិន័យដ៏ច្រើននេះដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក និងសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

តុលាការថៃកាលពីថ្ងៃទី២២ ខែឧសភា បានសម្រេចផាកពិន័យរហូតដល់ទៅ៣០៥លានដុល្លារអាម៉េរិកលើអតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក្រោមហេតុផលដើម្បីទូទាត់សងការខាតបង់ពីកម្មវិធីឧបត្ថម្ភធនសម្រាប់ការធ្វើស្រែរបស់កសិករអំឡុងពេលលោកស្រីកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីជាងមួយទសវត្សរ៍មុន ដែលបានធ្វើឱ្យរដ្ឋថៃ បាត់បង់ប្រាក់ជាច្រើនសន្ធឹកសន្ធាប់។

ឆ្លើយតបនឹងការសម្រេចនេះលោកស្រី យីងឡាក់ បានប្រកាសក្ដែងៗថា លោកស្រីគ្មានចេតនាធ្វើឱ្យរដ្ឋខាតបង់លុយជាតិនោះទេ ហើយតុលាការមិនគួរចាប់បង្ខំឱ្យលោកស្រីទទួលខុសត្រូវចំពោះបំណុល ដែលលោកស្រីមិនបានបង្កដោយផ្ទាល់នោះដែរ។ ទន្ទឹមនឹងនេះលោកស្រី យីងឡាក់ បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការចាប់បង្ខំឱ្យលោកស្រីទទួលខុសត្រូវចំពោះការខូចខាតដែលហួសពីការគ្រប់គ្រងរបស់លោកស្រីនេះ។ លោកស្រីបានបញ្ជាក់ថា ប្រាក់ផាកពិន័យដែលបង្គាប់ដោយតុលាការនេះមានចំនួនច្រើនខ្លាំងណាស់ ហើយទោះបីលោកស្រីប្រឹងធ្វើការពេញមួយជីវិតក៏មិនអាចសងអស់ដែរ។

លោកស្រី យីងឡាក់ បានបញ្ជាក់ថា ការងាររបស់លោកស្រីក្នុងគម្រោងសន្យាជួយទិញ

ស្រូវអង្ករពីប្រជាកសិករ គឺជាការខិតខំជួយឱ្យតម្លៃស្រូវឡើងថ្លៃ និងមានស្ថិរភាពក្នុងគោលបំណងលើកស្ទួយជីវភាពរបស់កសិករក្នុងអំឡុងពេលប្រឈមនឹងសម្ពាធនយោបាយ និងសម្ពាធក្នុងទម្រង់ផ្សេងៗទៀត។ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះបានចាត់ទុកការសម្រេចរបស់តុលាការថៃនេះជារឿងអយុត្តិធម៌ និងឈឺចាប់បំផុត។ លោកស្រីបានសង្កត់ធ្ងន់ថា ប្រសិនបើក្នុងនាមនាយករដ្ឋមន្ត្រីមួយរូប ដែលពលរដ្ឋបោះឆ្នោតជ្រើសរើសមិនទទួលបានយុត្តិធម៌ ចុះទម្រាំពលរដ្ឋដែលជាម្ចាស់ឆ្នោត ច្បាស់ជាមិនទទួលបានយុត្តិធម៌ឡើយ។

ការផាកពិន័យក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះបានឆ្លុះបញ្ចាំងឱ្យឃើញថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ត្រីដែរនោះនៅតែបន្តប្រឈមមុខនឹងការប្រឆាំងផ្នែកនយោបាយយ៉ាងខ្លាំងក្លា បើទោះបីកូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ស៊ីវ៉ាត្រា កំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នក៏ដោយ។

សូមបញ្ជាក់ថា លោកស្រី យីងឡាក់ ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិកគ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា ចំនួន៤រូប ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីរួមទាំងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា ផងដែរនោះ បានរត់ភៀសខ្លួនទៅរស់នៅក្រៅប្រទេសដើម្បីគេចពីការជាប់ពន្ធនាគារ ដោយសារការបរាជ័យក្នុងការទប់ស្កាត់អំពើពុករលួយក្នុងគម្រោងស្រូវអង្ករដែលបានបង់ថ្លៃស្រូវឱ្យកសិករខ្ពស់ជាងតម្លៃទីផ្សារដល់ទៅ៥០% និងធ្វើឱ្យរដ្ឋខាតបង់យ៉ាងធ្ងន់ធ្ងរ។ លោកស្រី យីងឡាក់ ដែលបច្ចុប្បន្នមានវ័យ៥៧ឆ្នាំបានឡើងកាន់អំណាចក្នុងឆ្នាំ២០១១ ហើយត្រូវបានទម្លាក់ពីតំណែងប៉ុន្មានថ្ងៃមុនរដ្ឋប្រហារឆ្នាំ២០១៤៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលឱ្យធ្វើជំរឿនមន្ត្រីរាជការ ខណៈអ្នកជំនាញរំពឹងអាចលុបបំបាត់ឈ្មោះខ្មោច និងភាពអសកម្មរបស់មន្ត្រី

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីតាមក្រសួង ស្ថាប័ននានា ក្នុងគោលបំណងកំណត់មន្រ្តី ដែលកំពុងបម្រើការងារ…

រដ្ឋបាលលោក ត្រាំ បញ្ជាឱ្យសកលវិទ្យាល័យហាវើដ ឈប់ទទួលយកនិស្សិតអន្តរជាតិ

ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក បានចេញបទបញ្ជាឱ្យសកលវិទ្យាល័យហាវើដ ដ៏ល្បីល្បាញរបស់អាម៉េរិក បញ្ឈប់កម្មវិធីចុះឈ្មោះចូលរៀនរបស់និស្សិតអន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ