សេដ្ឋកិច្ចថៃ​ប៉ះពាល់​ព្រោះ​កូវីដ-១៩

លោកប្រាយុទ្ធអះអាងថា ផលប៉ះពាល់នៃមេរោគកូវីដ-១៩ អាចនឹងបន្តដល់រយៈពេល៩ខែទៀត


នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី ០៥ ខែ ឧសភានេះ បានអះអាងថា ប្រទេសថៃ បានមើលឃើញពីផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្ដាលមកពីការរាតត្បាតនៃមេរោគកូវីដ-១៩ អាចនឹងបន្តអូសបន្លាយរយៈពេល ៩ខែទៀត ខណៈដែលការរំខានពីវិបត្តិសេដ្ឋកិច្ចសកល បានទាញទម្លាក់ដល់សកម្មភាពក្នុងវិស័យទេសចរណ៍ និងសកម្មភាពក្នុងស្រុកផ្សេងៗទៀត។
លោកប្រាយុទ្ធអះអាងថា ផលប៉ះពាល់នៃមេរោគកូវីដ-១៩ អាចនឹងបន្តដល់រយៈពេល៩ខែទៀត (រូបភាព៖AFP PHOTO / ROYAL THAI GOVERNMENT)
ដោយ

ប្រទេស​ថៃ អាចនឹង​​បាត់បង់​ប្រាក់​ចំណូល​ប្រមាណ ​១,៣ ទ្រីលានបាត ឬស្មើនឹង​ប្រមាណជាង​ ៤០ពាន់លានដុល្លារអាមេរិក និង​បាត់បង់​ការងារ​ប្រមាណ ​១០លាន​នាក់ ដោយសារតែ​មេរោគ​កូវីដ-១៩នេះ។ នេះបើតាម​ការ​ប៉ាន់ប្រមាណ​ពីក្រុម​ធុរកិច្ចជន។

លោកប្រាយុទ្ធ បាន​អះអាង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​យ៉ាងដូច្នេះថា «​យើង​រំពឹងថា ផលប៉ះពាល់​មកលើ​សេដ្ឋកិច្ច​នឹង​មាន​មួយរយៈពេល មិនត្រឹមតែ​៣ខែទេ ប៉ុន្ដែ​អាច​ដល់ ៦ខែ ទៅ​៩ខែឯណោះ»។ លោកបន្ថែមថា «យើង​ត្រូវការ​រៀបចំ​វិធានការ​ ដើម្បីដោះស្រាយ​បញ្ហានោះ»។

លោកនាយករដ្ឋមន្ត្រីថៃ បាន​និយាយទៀតថា លោកអាច​នឹង​ស្នើទៅកាន់​ក្រុម​អ្នកមាន​ទ្រព្យសម្បត្តិ​នៅប្រទេសថៃ សម្រាប់​កិច្ចសហប្រតិបត្តិការ នៅក្នុង​ការដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ដាំក្បាលចុះ​ ដែលបណ្ដាលមកពី​បញ្ហា​មេរោគ​រីករាលដាលនេះ ហើយលោក​បញ្ជាក់ថា លោកក៏បាន​ធ្វើរួចហើយ​ដែរ ជាមួយនឹង​ក្រុមហ៊ុន​អ្នកមាន​​នៅក្នុងប្រទេសថៃ​ចំនួន ២០រូប កាលពីខែមុននេះ។

រាជរដ្ឋាភិបាលថៃ បាន​ដាក់ណែនាំ​នូវ​វិធានការ​សេដ្ឋកិច្ច​ មាន​តម្លៃ​រាប់ពាន់លាន​ដុល្លារអាមេរិក ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​បណ្ដាលមកពី​មេរោគ រួមមាន ការដាក់ចេញ​នូវកញ្ចប់​ថវិកា​តម្លៃ​១,៩​ទ្រីលានបាត ឬស្មើនឹងជាង ៥៨ ពាន់លាន​ដុល្លារអាមេរិក ដែលត្រូវបាន​​អនុម័ត​កាលពីដើមខែ​មេសាកន្លងទៅនេះ។

ធនាគារ​ថៃ បាន​ព្យាករ​ពី​​សេដ្ឋកិច្ចថៃនៅឆ្នាំនេះថា អាចនឹង​ធ្លាក់ចុះ​ ៥,៣% ដែលរងផល​ប៉ះពាល់​អាក្រក់​ជាង កាលពីមាន​វិបត្តិ​ហិរញ្ញវត្ថុ និងបំណុល​នៅ​​អាស៊ី​​ក្នុងឆ្នាំ​ ១៩៩៨ ទៅទៀត។

ប្រទេសថៃ បាន​រាយការណ៍ថា មានអ្នក​ឆ្លង​កូវីដ-១៩​សរុប​ចំនួន ២.៩៨៨ ករណី និងមានអ្នកស្លាប់​ចំនួន ៥៤​នាក់ហើយ។ រាជរដ្ឋាភិបាលថៃ​ថ្មីៗនេះ ក៏ទើបតែ​អនុញ្ញាត​ឲ្យ​អាជីវកម្ម​មួយចំនួន​បើកដំណើរការ​ឡើងវិញ​ផងដែរ ពោលគឺ​បាន​បើក​តាំងពីថ្ងៃអាទិត្យ​កន្លងទៅនេះ៕

None



អត្ថបទបន្ទាប់


ចិន ទទួលបានចំណូលជាង៦ពាន់លានដុល្លារ ពីទេសចរណ៍ក្នុងស្រុករបស់ខ្លួន

ត្រឹមរយៈពេលតែ ៤ថ្ងៃប៉ុណ្ណោះ ប្រទេសចិន រកប្រាក់ចំណូលបានជាង ៦ពាន់លានដុល្លារអាមេរិក តាមរយៈការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋចិនខ្លួនឯងជាង …

៣ខែកម្ពុជាបាត់បង់ភ្ញៀវទេសចរបរទេសជាង ៧០ម៉ឺននាក់

វិស័យទេសចរណ៍កម្ពុជាបានបាត់បង់ចំណែកភ្ញៀវទេសចរបរទេស ប្រមាណ ៣៨% ពោលគឺធ្លាក់ចុះជាង ៧០ម៉ឺននាក់ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២០នេះ ធៀបនឹងពេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ