បើតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ បានឲ្យថា ពាណិជ្ជកម្មស្រូវអង្ករ ដែលជាផលិតផលកសិកម្មសំខាន់បំផុតរបស់ថៃ កាលពីឆ្នាំមុននេះ សម្រេចបានជាង ៥ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណជិត ១៣% នៃផលិតផលកសិកម្មទាំងអស់។ ទោះយ៉ាងណា បញ្ហាបម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួត និងទឹកជំនន់ជាដើមនោះ បានធ្វើឲ្យតម្លៃថ្លៃដើមផលិតរបស់កសិករមានការកើនឡើងខ្ពស់ ហើយកត្តាទាំងនេះ ក៏បានធ្វើឲ្យកសិករថៃ កំពុងរងការជំពាក់បំណុលកាន់តែច្រើនឡើង។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលថៃក៏បានផ្ដល់ជំនួយខ្លះៗផងដែរ ទៅលើបញ្ហានេះ ប៉ុន្ដែហាក់មិនអាចដោះស្រាយបានល្អប្រសើរនោះឡើយ។
របាយការណ៍ពី ការិយាល័យស្ថិតិជាតិរបស់ថៃ បានឲ្យដឹងថា បំណុលកសិករ ដែលភាគច្រើនជាកសិករដាំដុះស្រូវ បានកើនឡើងដល់ ៧៣ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦ និងបានបន្ដកើនឡើងដល់ប្រមាណ ៨៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧។ ក្នុងចំណោមពលរដ្ឋជំពាក់បំណុលរដ្ឋជិត ៣,៨លាននាក់ មានជាង ១,១លាននាក់ទៅហើយ ជាកសិករ។
កាលពីខែសីហាកន្លងទៅនេះ ក៏មានប្រជាកសិកររាប់រយនាក់បានធ្វើការប្រមូលផ្ដុំតវ៉ាទាមទារដំណោះស្រាយ ជុំវិញបញ្ហាបំណុលនេះដែរ ហើយខាងរដ្ឋាភិបាលថៃ បានយល់ព្រមបន្ធូរបន្ថយបន្ទុកនេះ ដោយកាត់បន្ថយនូវអត្រាការប្រាក់កម្ចី ដែលពួកគេត្រូវសងត្រឡប់។ តែដំណោះស្រាយនេះ ហាក់ដូចជាមិនអាចជួយឲ្យមានភាពប្រសើរឡើងខ្លាំងនោះទេ។
គួរជម្រាបដែរថា ដើម្បីជួយទ្រទ្រង់ដល់វិស័យកសិកម្មក្នុងប្រទេស ពិសេសវិស័យស្រូវអង្ករ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលថៃ ក៏បានប្រកាសនឹងផ្ដល់នូវម៉ាស៊ីនច្រូតកាត់ស្រូវក្នុងតម្លៃសមរម្យ សម្រាប់ត្រៀមប្រមូលផលស្រូវនៅក្នុងខែវិច្ឆិកា និងខែធ្នូខាងមុខនេះ ខណៈដែលតម្លៃស្រូវអង្ករក្រអូបប្រណីត ហូមម៉ាលីរបស់ថៃនៅឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងអាចឈានទៅបំបែកកំណត់ត្រាថ្មី ក្នុងតម្លៃខ្ពស់មិនធ្លាប់មាន ចន្លោះពីជាង៤៨០ ដុល្លារ ទៅជាង៥០០ ដុល្លារក្នុងមួយតោន៕